ឈ្មួញទិញលក់វត្ថុបុរាណជនជាតិអាមេរិកដ៏លេចធ្លោត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនៅញូវយ៉កពីបទលក់វត្ថុបុរាណមានតម្លៃរាប់លានដុល្លារ ដែលគេអះអាងថា លួចពីប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀតហើយទីបំផុតបានធ្លាក់ទៅដល់សារមន្ទីរធំៗនៅទូទាំងពិភពលោកនោះ។
ពាក្យបណ្តឹងដែលរដ្ឋញូវយ៉កប្តឹងអ្នកស្រី នេនស៊ី វីន័រ (Nancy Wiener) ឈ្មួញទិញលក់វត្ថុបុរាណយកចេញពីតំបន់អាស៊ីពីបទលាក់ទុកវត្ថុបុរាណដែលត្រូវបានលួច និងពីបទសមគំនិតនោះផ្តល់មូលដ្ឋានសំខាន់ៗ ស្តីពីការជួញដូរដ៏កខ្វក់ដែលភ្ជាប់អ្នកស្រី នេនស៊ី វីន័រ ទៅនឹងអ្នកជួញដូរ អ្នកលួចចម្លង និងហាងលក់ដេញថ្លៃល្បីៗដែលលក់វត្ថុបុរាណខ្មែរដោយគ្មានការសិក្សាពីប្រវត្តិរបស់វា។
ក្រុមរដ្ឋអាជ្ញានៅញូវយ៉កបានលើកឡើងថា ចាប់ពីយ៉ាងហោចណាស់ដើមឆ្នាំ១៩៩៩មក អ្នកស្រី នេនស៊ី វីន័រ “បានប្រើប្រាស់ដំណើរការលាងវត្ថុបុរាណ ដែលរួមមាន ការងារជួសជុលឡើងវិញដើម្បីបិទបាំងស្នាមបែកបាក់ពីកំណាយខុសច្បាប់ ការទិញតាមរយៈភ្នាក់ងារនៅហាងដេញថ្លៃដើម្បីបង្កើតប្រវត្តិភាពជាម្ចាស់ និងការបង្កើតភ័ស្តុតាងបញ្ជាក់ប្រភពដើមក្លែងក្លាយ” ដើម្បីគេចពីច្បាប់អន្តរជាតិស្តីពីការលក់វត្ថុបុរាណ។
គេហទំព័ររបស់វិចិត្រសាលដែលដាក់ឈ្មោះរបស់អ្នកស្រី នេនស៊ី វីន័រ តែម្តងនោះ អួតអាងថា វត្ថុបុរាណដែលអ្នកស្រីប្រមូលបានមានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរMetropolitan Museum of Art នៅ ញូវយ៉ក និងសារមន្ទីរ Asian Civilizations Museum នៅក្នុងប្រទេសសិង្ហបុរី ព្រមទាំង “កន្លែងប្រមូលផ្តុំវត្ថុបុរាណឯកជនល្បីៗមួយចំនួនទៀត” ។ អ្នកស្រីត្រូវបានដោះលែងវិញកាលពីថ្ងៃពុធបន្ទាប់ពីបង់ប្រាក់ចំនួន២៥.០០០ដុល្លារដើម្បីសុំនៅក្រៅឃុំ នេះបើយោងតាមកាសែត The News York Times ។
ពាក្យបណ្តឹងនេះបានបង្ហាញពីសកម្មភាពដែលអ្នកស្រី នេនស៊ី វីន័រ ទិញព្រះសិវៈនៅប្រាសាទបាពួន ជារូបចម្លាក់នៅសម័យអង្គរក្នុងសតវត្សរិ៍ទី១១ ដែលក្រុមរដ្ឋអាជ្ញាអះអាងថា ត្រូវបានលួចចេញពីប្រទេសកម្ពុជា និងទទួលយកដោយឈ្មួញម្នាក់ដែលកំណត់អត្តសញ្ញាណត្រឹមតែថា ឈ្មោះ Co-Conspirator#1 ដែលជាឈ្មួញវត្ថុបុរាណមួយរូបរស់នៅទីក្រុងឡុងដ៍ និងទីក្រុងបាងកក ហើយ ទីបំផុតត្រូវបានលក់បន្តជំនួសមុខឲ្យអ្នកស្រី នេនស៊ី វីន័រ ដោយហាងលក់ដេញថ្លៃ Sotherby’s ក្នុងតម្លៃ៥៧៨.៥០០ដុល្លារ។
ទោះបីជាមានការបញ្ជាក់ពីភាពមិនប្រក្រតីនៃរូបចម្លាក់ព្រះសិវៈក្នុងសាសនាហិណ្ឌូ ដែលបុគ្គលិកម្នាក់បានគូសបញ្ជាក់ថា មាន “ស្នាមប្រេះ និងតំណដែលត្រូវបានលាបថ្នាំដើម្បីបិទបាំងការជួសជុល” ក៏ដោយក៏ហាងលក់ដេញថ្លៃមួយនេះនៅតែទទួលយកការអះអាងរបស់អ្នកស្រី នេនស៊ី វីន័រ ដែលថា រូបចម្លាក់នេះត្រូវបានទិញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ពីអ្នកប្រមូលវត្ថុបុរាណឯកជនជនជាតិអង់គ្លេសមួយរូបដែរ។
ក្រុមរដ្ឋអាជ្ញាបានអះអាងថា រូបចម្លាក់សម័យអង្គរមួយផ្សេងទៀតដែលមានប្រភពដើមចេញពីប្រទេសកម្ពុជា ឬប្រទេសថៃនោះត្រូវបានទទួលយកស្រដៀងគ្នានេះដោយ Co-Conspirator#1 ដែលធ្វើការជាមួយអ្នកផ្សេងៗទៀតដើម្បីបិទបាំងភាពដើមរបស់វត្ថុបុរាណមួយនេះមុនពេលទីបំផុតត្រូវបានដាក់តាំងបង្ហាញសម្រាប់លក់នៅវិចិត្រសាលរបស់អ្នកស្រី នេនស៊ី វីន័រ ក្នុងតម្លៃ១,៥លានដុល្លារ។
ដោយដកស្រង់សម្តីរបស់អ្នកជំនាញផ្នែកច្បាប់ម្នាក់ឈ្មោះ ថេស ដេវីស (Tess Davis) ពាក្យបណ្តឹងនេះបានលើកឡើងថា ការលក់នេះ ទំនងជាល្មើសនឹងច្បាប់កម្ពុជាស្តីអំពី”សម្បត្តិវប្បធម៌” ដែលហាមមិនឲ្យលក់វត្ថុបុរាណទាំងឡាយណាដែលយកចេញពីប្រទេសនេះក្រោយឆ្នាំ១៩០០។
អ្នកស្រី នេនស៊ី វីន័រ ក៏រងការចោទប្រកាន់ ពីបទក្លែងបន្លំប្រវត្តិភាពជាម្ចាស់នៃវត្ថុបុរាណមួយចំនួនមានតម្លៃជិត១៣លានដុល្លារដែលអ្នកស្រីទទួលមរតកពីម្តាយឈ្មោះដូរីស វីន័រ (Doris Wiener) ដែលទទួលមរណភាពទៅហើយ និងជាឈ្មួញដ៏លេចធ្លោនៅញូវយ៉កដែលលក់វត្ថុបុរាណទៅឲ្យអ្នកនិពន្ធបទភ្លេងឈ្មោះ អីុហ្គើ ស្ត្រាវីនស្គី (Igor Stravinsky) និងអតីតស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺលោកស្រី ជែកឃើលីន កេណ្ណេឌី (Jacqueline Kennedy) នេះបើយោងតាមព័ត៌មាននៅក្នុងដំណឹងមរណភាពរបស់អ្នកស្រីដែលចុះផ្សាយតាមកាសែត The News York Times។
ដោយទទួលបានប្រយោជន៍ពីច្បាប់ស្តីពីភ័ស្តុតាងបញ្ជាក់ប្រភពដើមដ៏ធូររលុងនៅហាងលក់ដេញថ្លៃ Christie’s ដែលទទួលយកតែវត្ថុបុរាណណាដែលយកចេញពីប្រទេសកម្ពុជាមុនឆ្នាំ១៩៩៩ ហើយទំនងជាមិនបានពិនិត្យពិចេយ្យការអះអាងរបស់អ្នកស្រី នេនស៊ី វីន័រ នោះក្រុមរដ្ឋអាជ្ញាបានលើកឡើងថា អ្នកស្រីបានលក់វត្ថុបុរាណរបស់ម្តាយអ្នកស្រីប្រមាណ៣៨០ក្នុងតម្លៃប្រមាណ១២,៨លានដុល្លារនៅក្នុងឆ្នាំ២០១២។
មេធាវីតំណាងឲ្យហាងលក់ដេញថ្លៃ Sotheby’s និង Christie’s ដែលមិនមែនជាចុងចោទនៅក្នុងបណ្តឹងនេះនោះមិនបានឆ្លើយតបចំពោះសំណើបន្ទាន់សុំការធ្វើអត្ថាធិប្បាយនោះឡើយ។
រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូបាននិងកំពុងធ្វើការក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីដាក់សម្ពាធទាមទារឲ្យប្រគល់វត្ថុបុរាណដែលត្រូវបានលួចនិងដែលបានរកឃើញនៅសារមន្ទីរ និងកន្លែងប្រមូលវត្ថុបុរាណឯកជននានាមកវិញ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់។ ក្រុមមន្ត្រីបានរៀបចំពិធីមួយកាលពីខែមីនា ដើម្បីស្វាគមន៍ការប្រគល់មកវិញនូវរូបចម្លាក់សម័យអង្គរសតវត្សរ៍ទី១០ ពីសារមន្ទីរ Denver Art museum ។
ដូចសារមន្ទីរ Metropolitan Museum ដែលប្រគល់រូបចម្លាក់មកវិញក្នុងឆ្នាំ២០១៣ដែរនោះ សារមន្ទីរ Denver Art Museum ជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរមួយចំនួននៅសហរដ្ឋអាមេរិកដែលទទួលបានវត្ថុបុរាណពីកន្លែងប្រមូលវត្ថុបុរាណមានមូលដ្ឋាននៅទីក្រុងបាងកករបស់លោក ឌូក្លាស ឡេតឆ៍ហ្វត (Douglas Latchford) ជនជាតិអង់គ្លេស នេះ បើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកកាសែត ចាសុន ហ្វែលឆ៍ (Jason Felch) អ្នកសរសេរសៀវភៅមានចំណងជើងថា តាមប្រមាញ់ទេពធីតាសម្រស់៖ ការតាមប្រមាញ់វត្ថុបុរាណដែលត្រូវបានលួចយកទៅលក់នៅសារមន្ទីរមានបំផុតរបស់ពិភពលោក (Chasing Aphrodite: The Hunt for Looted Antiquities at the World’s Richest Museum) “។
លោក ឌូក្លាស ឡេតឆ៍ហ្វដ បានបដិសេធថា មិនបានធ្វើខុសច្បាប់អ្វីឡើងនៅក្នុងការលក់ និងទិញវុត្ថុបុរាណដែលភាគច្រើនមានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍។
ពេលសួរអំពីករណីដាច់ដោយឡែកមួយទៀតដែលលោកត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនៅក្នុងការទទួលយករូបចម្លាក់ខ្មែរមួយដោយហាង Sotherby’s ដែលគេសង្ស័យថា មិនស្របច្បាប់នោះ លោក ឌូក្លាស ឡេតឆ៍ហ្វដ បានប្រាប់កាសែត The News York Times ក្នុងឆ្នាំ២០១២ថា “នេះគឺជាការស្រមើស្រមៃរបស់អ្នកដែលធ្វើការលើសម៉ោង”។ លោកបានបន្ថែមថា “ខ្ញុំមិនដែលសមគំនិតជាមួយនរណាម្នាក់ឡើយ”៕ស៊ុយឈាង