35 C
Phnom Penh

មន្ត្រី​​​បក្ស​​​​​​​​​ប្រឆាំង​​​​​​​​​​​​ត្រូវ​​​​​​​​​​​​​​​​​​តុលាការ​​​​​​ចោទ​​​ប្រកាន់​​​​​​ បន្ទាប់​​​​​​​​​​​​ពី​​​​​​​​​​​​នគរ​​​បាល​​​​​​​​​​​​ប្រើ​​​​​​ល្បិច​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីនគរបាលក្រុងប៉ោយប៉ែតរៀបចំឧប្បត្តិហេតុគួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្នុងនោះមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បានធ្វើជាដួលសន្លប់លើដីពីមុខរថយន្តមួយគ្រឿងដែលស្ទើរតែមិនកម្រើកកង់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយពាក់ប្រដាប់ក្រៀកកនោះអ្នកបើកបររថយន្តម្នាក់ដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិ និងជាសកម្មជនការងារត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត នេះបើយោងតាមមន្ត្រីនគរបាល និងមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងកាលពីម្សិលមិញ។

វីដេអូឃ្លីបនៃឧប្បត្តិហេតុដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ បានបណ្ដាលឱ្យមានការថ្កោលទោស និងការសើចចំអកយ៉ាងខ្លាំង ដោយមជ្ឈដ្ឋាននានាប្រៀបប្រដូចមន្ត្រីនគរបាលដែលមានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត រូបនេះទៅនឹងកីឡាករបាល់ទាត់ដែលប្រើល្បិចនៅក្នុងការប្រកួត និងមនុស្សនៅក្នុងប្រទេសចិនដែលធ្វើពុតជាត្រូវរថយន្តនៅស្ងៀមបុកដើម្បីជំរិតទារប្រាក់ពីអ្នកបើកបរ។

រូបភាពកាត់តនៃមន្ត្រីនគរបាលរូបនេះកាន់ពានរង្វាន់អូស្កាត្រូវបានចែករំលែកតៗគ្នាព្រោងព្រាតតាមបណ្ដាញទំនាក់ទំនងសង្គម។

យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឱ្យដឹងថា សាក្សីនៅកន្លែងកើតហេតុសុទ្ធតែលើកឡើងថា វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើពុតជាដួលដោយខ្លួនឯង។

ទោះជាយ៉ាងណា សាលាដំបូងខេត្តបន្ទាយមានជ័យ បានបន្តចោទប្រកាន់អ្នកបើកបរឈ្មោះ ម៉ង់ ពុទ្ធី អាយុ៣៨ឆ្នាំ ជាអនុប្រធានគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត និងជាប្រធានសមាគមការងារ ដែលតស៊ូមតិដើម្បីការពារអ្នករត់ម៉ូតូឌុប កម្មករអូសរទេះ និងកម្មករក្រៅប្រព័ន្ធផ្សេងៗទៀតនៅក្នុងមូលដ្ឋាន។

លោក ឈាន ពិសិដ្ឋ ដេកនៅលើដីបន្ទាប់ពីដួលពីមុខរថយន្តដែលបើកបរដោយលោក ម៉ង់ ពុទ្ធី មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រ។
លោក ឈាន ពិសិដ្ឋ ដេកនៅលើដីបន្ទាប់ពីដួលពីមុខរថយន្តដែលបើកបរដោយលោក ម៉ង់ ពុទ្ធី មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រ។

លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា លោក ម៉ង់ ពុទ្ធី ត្រូវបានដាក់ពន្ធនាគារហើយ ប៉ុន្តែលោកមិនដឹងច្បាស់ថា គាត់ប្រឈមនឹងបទចោទប្រកាន់អ្វីនោះទេ។ លោកថ្លែងថា “យើងបានស៊ើបអង្កេតនិងបានបញ្ជូនសំណុំរឿងនេះទៅតុលាការ ហើយតុលាការបានចោទប្រកាន់គាត់រួចហើយ”។

ទាំងលោក ស៊ុម ចាន់គា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការអាដហុកប្រចាំខេត្តដែលកំពុងឃ្លាំមើលសំណុំរឿងនេះ និងលោក ឌិន ភារិទ្ធ ដែលជាបងប្អូនរបស់លោក ម៉ង់ ពុទ្ធី និយាយថា មន្ត្រីតុលាការបានជូនដំណឹងពួកគាត់កាលពីថ្ងៃសៅរ៍ថា លោក ម៉ង់ ពុទ្ធី ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

លោក ស៊ុម ចាន់គា បានមានប្រសាសន៍ថា មន្ត្រីបានបញ្ជូនលោក ម៉ង់ ពុទ្ធី ចេញតាមរបងចន្លោះតុលាការខេត្ត និងសាលាខេត្តដើម្បីកុំឱ្យអ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការឃើញ។

លោកបន្តថា “ដោយសារតែមានប្រជាពលរដ្ឋជាច្រើនប្រមូលផ្ដុំគ្នានៅខាងមុខតុលាការដើម្បីឃ្លាំមើលនីតិវិធីរបស់តុលាការ លោក ម៉ង់ ពុទ្ធី ត្រូវបាននាំខ្លួនទៅពន្ធនាគារខេត្តដោយឡើងតាមជញ្ជាំងចូលទៅក្នុងបរិវេណសាលាខេត្តមុនពេលដឹកទៅកាន់ពន្ធនាគារ”។

លោក មាស ច័ន្ទពិសិដ្ឋ ប្រធានព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យតុលាការមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងដែលទទួលបន្ទុកដោះស្រាយសំណុំរឿងនេះបានមានប្រសាសន៍ថា លោកបាននិយាយជាមួយអ្នកយកព័ត៌មានម្នាក់ដោយផ្ទាល់នៅសាលាដំបូងខេត្ត។

លោក ស៊ុម ចាន់គា ថ្លែងថា កំណត់ហេតុរបស់នគរបាលដែលដាក់ជូនទៅសាលាដំបូងខេត្ត បានស្នើសុំឱ្យចោទប្រកាន់លោក ម៉ង់ ពុទ្ធី ពីបទប៉ុនប៉ងមនុស្សឃាត។ ប៉ុន្តែលោកមានប្រសាសន៍ថា លោករកមិនឃើញសាក្សីដែលគាំទ្របទចោទប្រកាន់បែបនេះទេ។

លោកបន្តថា “យើងចង់ឱ្យភាគីទាំងពីរទទួលបានយុត្តិធម៌ ពីព្រោះសាក្សីទាំងអស់នៅកន្លែងកើតហេតុចាប់ពីអាជីវកររហូតដល់កម្មករនៅក្នុងមូលដ្ឋានសុទ្ធតែបញ្ជាក់ថា មន្ត្រីនគរបាលរូបនោះបានធ្វើជាដួលសន្លប់នៅខាងមុខរថយន្តដោយខ្លួនឯង មិនមែនត្រូវរថយន្តបុកនោះទេ។

រូបថតមួយចំនួនត្រូវបានបង្ហោះតាមហ្វេសប៊ុកបង្ហាញពីលោក ឈាន ពិសិដ្ឋ ត្រូវគេសែងចូលរថយន្តសង្គ្រោះបន្ទាន់ដោយមានពាក់ប្រដាប់ក្រៀកក និងរូបថតគាត់នៅក្នុងមន្ទីរពេទ្យដែលមានស្នាមជាំធំមួយនៅលើភ្លៅរបស់គាត់ ប៉ុន្តែគេមិនដឹងច្បាស់ថា អ្វីបង្កឱ្យមានរបួសនោះឡើយ។

លោក ស៊ិន វណ្ណៈ ជាអ្នករត់ម៉ូតូឌុប និងជាសមាជិកសមាគមរបស់លោក ម៉ង់ ពុទ្ធី និយាយថា គាត់បានតាមដាននីតិវិធីច្បាប់យ៉ាងយកចិត្តទុកដាក់។ គាត់និយាយទៀតថា ” ខ្ញុំបានបើកតាមឡានប៉ូលិសទៅដល់ពន្ធនាគារខេត្ត ហើយខ្ញុំនិងគ្រួសារគាត់ត្រូវឆ្មាំគុករារាំងមិនឱ្យជួប និងនិយាយជាមួយគាត់។ វាពិតជាអយុត្តិធម៌ណាស់សម្រាប់គាត់ ព្រោះគាត់មិនបានធ្វើអីចំពោះប៉ូលិសម្នាក់នោះទេ”។

ការឆ្លងកាត់ព្រំដែនប៉ោយប៉ែតបានក្លាយជាប្រភពផ្ទុះការតវ៉ាក្នុងរយៈពេល២ឆ្នាំមកនេះ ដោយកម្មករដែលឆ្លងដែនរាល់ថ្ងៃភាគច្រើនដើម្បីលក់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសថៃឈ្លោះគ្នាជាញឹកញាប់ជាមួយមន្ត្រីដែលខ្លួនចោទប្រកាន់ថា បានយកពន្ធពីពួកគាត់ដោយមិនត្រឹមត្រូវ ឬខុសច្បាប់។

លោក មាន សារិទ្ធ ប្រធានគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា សំណុំរឿងនេះគឺជាឆាកល្ខោននយោបាយយ៉ាងច្បាស់ក្រឡែត ដើម្បីបំបិទមាត់លោក ម៉ង់ ពុទ្ធី និងបញ្ឈប់សកម្មភាពរបស់គាត់ដែលធ្វើតំណាងឱ្យកម្មករ និងគណបក្សប្រឆាំង។

លោកបានបន្តថា “ការចាប់ខ្លួនលោក ម៉ង់ ពុទ្ធី មានលក្ខណៈនយោបាយជាជាងករណីគ្រោះថ្នាក់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស