30 C
Phnom Penh

ធី សុវណ្ណថា ប្រកាស​​​បែក​​​ចេញ​​​ពី​​​គូកន​​​ធ្លាប់​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធី សុវណ្ណថា អ្នកជំនាញខាងបណ្តាញទំនាក់ទំនងសង្គម និងជាអ្នកនាំរំជើបរំជួលនយោបាយ ជាប្រធានបទនៃការលេចធ្លាយថ្មីៗ ដែលគេសង្ស័យថាពាក់ព័ន្ធនឹងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសកណ្តាលរបស់លោក បានប្រកាសលើទំព័រហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា កញ្ញាបានផ្តាច់ទំនាក់ទំនងជាមួយសហការីពីរនាក់របស់នាង។

កញ្ញា ធី សុវណ្ណថា បានល្បីឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គម ជាសកម្មជនគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣ ប៉ុន្តែការព្រួយបារម្ភថា កញ្ញាជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា បានស្តែងឲ្យឃើញច្បាស់នៅពេលដែលកញ្ញាបានងាកមកប្រឆាំងគណបក្សនេះនៅដើមឆ្នាំនេះ និងបានជួយដឹកនាំយុទ្ធនាការធ្វើឲ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងអាម៉ាស់ ទាក់ទិននឹងការចោទពីបទអស្វាមីភក្តិ (ផិតក្បត់)។

cam-photo-sovanthaទំនាក់ទំនងរបស់កញ្ញាជាមួយ ផែ សុវណ្ណរិទ្ធ សកម្មជនបណ្តាញទំនាក់ទំនងសង្គមដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយទំព័រហ្វេសប៊ុករបស់លោកយ៉ាងខ្លាំងក្នុងរង្វង់ពេលបោះឆ្នោតឆ្នាំ២០១៣ បានធ្វើឲ្យមានការសង្ស័យថា សេចក្តីស្មោះរបស់កញ្ញាចំពោះគណបក្សសង្គ្រោះជាតិគឺជាល្បិចកល។ ក្រោយមកកញ្ញាបានធ្វើជាដៃគូជាមួយ ស្រី ចំរើន ដែលអះអាងថាជានិស្សិតសាកលវិទ្យាល័យ ក្នុងយុទ្ធនាការប៉ុនប៉នបង្ខូចកេរ្តិ៍ឈ្មោះលោក កឹម សុខា។

កាលពីចុងសប្តាហ៍ កញ្ញាបានប្រកាសឈប់ទាក់ទងជាមួយអ្នកទាំងពីរ និងបាននិយាយថា កញ្ញានឹងប្តឹងមនុស្សទាំងពីររូបនេះ ពីបទទម្លាយការសន្ទនាឯកជនរបស់នាងតាមអីុនធឺណិត។

កញ្ញាបានសរសេរក្នុងការបង្ហោះតាមហ្វេសប៊ុកថា “ខ្ញុំ ធី សុវណ្ណថា សូមប្រកាសឈប់ទាក់ទងជាមួយក្រុម ស្រី ចំរើន និងក្រុម ផែ សុវណ្ណរិទ្ធ។ ហើយខ្ញុំបាននិងកំពុងរៀបចំពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនបុគ្គលទាំងនោះពីបទប្រមាថនិងទម្លាយឯកសារឯកជន”។

ក្នុងរយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ការសន្ទនាឯកជនជាច្រើនទំនងជាពាក់ព័ន្ធនឹងកញ្ញា សុវណ្ណថា បានបែកធ្លាយតាមអីុនធឺណិត ដែលតាមការអះអាងបង្ហាញដំបូង ជាការសន្ទនាតាមហ្វេសប៊ុកជាមួយលោក ហ៊ុន ម៉ានិត ដែលក្នុងការសន្ទនានោះ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីផែនការតវ៉ាប្រឆាំងលោក សុខា ហើយការបង្ហាញទី២ជាការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ដោយហៅ “តា” ដែលបានសន្យាផ្តល់ប្រាក់មួយលានដុល្លារ ជាថ្នូរសម្រាប់ការខំប្រឹងប្រែងដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។

ទាំងឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ទាំងលោក ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីភាពពិតប្រាកដនៃការសន្ទនានេះទេ។

លោក ស្រី ចំរើន ដែលគេមិនស្គាល់ក្នុងមជ្ឈដ្ឋាននយោបាយ មុនពេលលោកបានចាប់ផ្តើមដឹកនាំការតវ៉ាប្រឆាំងលោក កឹម សុខា បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា លោកមិនព្រួយបារម្ភនឹងចំណាត់ការផ្លូវច្បាប់របស់កញ្ញា សុវណ្ណថា ទេ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលេចធ្លាយ ឬការបង្ហោះជាក់លាក់ណាមួយទេ។ លោក ផែ សុវណ្ណរិទ្ធ មិនអាចទាក់ទងបានឡើយ។

ក្នុងសារមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក ចំរើន ទំនងជាទទួលស្គាល់ថាបានពាក់ព័ន្ធក្នុងការទម្លាយចេញនេះ។

ការបង្ហោះនោះនិយាយថា “ខ្ញុំ ស្រី ចំរើន ខ្ញុំសម្រេចចិត្តទម្លាយឯកសារមួយចំនួនដែលទាក់ទងទៅនឹង ធី សុវណ្ណថា ក្នុងអំឡុងពេលមួយរយៈនេះ”។

ការបង្ហោះនោះបាននិយាយបន្ថែមថា “ធី សុវណ្ណថា មានតាខ្លាំងម្នាក់នៅពីក្រោយ។ ខ្ញុំនឹងបង្ហាញឯកសារ ភ័ស្តុតាងទាំងនោះបន្តិចម្តងៗ រហូតដល់ចប់។ ចង់ចាប់ខ្ញុំដាក់គុក ក៏ខ្ញុំមិនខ្លាចដែរ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស