35 C
Phnom Penh

រូបកាត់​តប្រមាថ​​ព្រះមហា​ក្សត្រ​​ធ្វើ​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកំពុងតែតាមស្វែងរកអ្នកលេងហ្វេសប៊ុកដែលបង្ហោះរូបកាត់តដោយយកព្រះកេសរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដាក់លើដងខ្លួនរបស់មនុស្សភេទទីបីក្នុងទិដ្ឋភាពអាសគ្រាម អមដោយសារដែលមានខ្លឹមសារថា “ស្តេចខ្មែរគឺជាមនុស្សដែលប្រតិព័ទ្ធនឹងភេទដូចគ្នា (Cambodia king is gay)”។

ដោយបង្ហោះនៅលើអុីនធឺណិតយ៉ាងច្បាស់ក្រឡែតដោយអ្នកលេងហ្វេសប៊ុកនិយាយភាសាថៃម្នាក់នោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា រដ្ឋាភិបាលប្រហែលជាស្នើឲ្យអាជ្ញាធរថៃជួយនៅក្នុងករណីនេះ។

លោកបានមានប្រសាសន៍ពាក់ព័ន្ធនឹងប្រទេសថៃ ដែលគេមើលឃើញថាអនុវត្តច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រកាន់តែឹងរ៉ឹងឡើង ចាប់តាំងពីរដ្ឋាភិបាលសឹកឡើងកាន់អំណាចកាលពីឆ្នាំ២០១៤មកថា “យើងកំពុងរកតើ IP ចេញពីណាមក យើងកំពុងរកខ្លួនឯង បើរកមិនឃើញយើងនឹងឱ្យគេ[ថៃ]ជួួយរក”។

ឧត្តមសេនីយ៍ខៀវសុភ័គ មានប្រសាសន៍បន្តទាក់ទិននឹងការប្រមាថលើរាជានិយមថា “គេរឹតបន្តឹងជាងខ្មែរទៀត”។

លោកបានលើកឡើងថាការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយគ្មានពាក្យបណ្តឹងនោះឡើយ ដោយវាផ្ទុយទៅនឹងហេតុផលផ្ទាល់ខ្លួនរបស់លោកចំពោះការមិនស៊ើបអង្កេតលើការគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង តាមអុីនធឺណិតកាលពីដើមខែនេះ ដែលលោកលើកឡើងថា ទាល់តែមានពាក្យបណ្តឹងទើបអាចបើកការស៊ើបអង្កេតបាន។ លោកបានលើកឡើងទៀតថា វាជាតួនាទីរបស់រដ្ឋាភិបាលក្នុងការការពារព្រះមហាក្សត្រប្រឆាំងនឹងការប្រមាថបែបនេះ។

លោកបានថ្លែងថា “ព្រះមហាក្សត្រដូចជាឪពុកម្តាយរបស់យើងអ៊ីចឹង”។ លោកបន្ថែមថា”បើគេយករូបថតឪពុកម្តាយអ្នកឯងទៅធ្វើអ៊ីចឹង តើអ្នកដឹងទេ បើយើងគិតថា ព្រះមហាក្សត្រជាទីសក្ការៈ តើយើងខឹងប៉ុណ្ណា”។

យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគឺ “មិនអាចប៉ះពាល់បានទេ” ដោយផ្តល់ឱ្យព្រះអង្គនូវការការពារដ៏ពិសេសតែមួយគត់ពីការប្រមាថ ឬរិះគន់ ប៉ុន្តែវាកម្រឈានទៅដល់ករណីផ្លូវច្បាប់ណាស់។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាព្រះមហាក្សត្រ ដែលឥឡូវជាមន្ត្រីនៅក្នុងជួរគណបក្សសង្គ្រោះជាតិនោះ បានមានបន្ទូលថា រដ្ឋាភិបាលគួរតែរង់ចាំមានពាក្យបណ្តឹងពីក្រសួងព្រះមរបរាជវាំងជាមុនសិន ចាំបើកការស៊ើបអង្កេត។ ទោះជាយ៉ាងណា ព្រះអង្គម្ចាស់មានបន្ទូលថា ព្រះអង្គគាំទ្រការស៊ើបអង្កេតនេះ។

ព្រះអង្គម្ចាស់បានមានបន្ទូលថា “ចំណូលចិត្តផ្លូវភេទគួរតែទុកជារឿងឯកជន ហេតុដូច្នេះខ្ញុំគិតថាវាជាការរំលោភបំពាន ហើយខ្ញុំគាំទ្រការស៊ើបអង្កេត សម្រាប់បុគ្គលគ្រប់រូប មិនមែនសម្រាប់តែព្រះមហាក្សត្រទេ។ តើអ្នកដឹងអត់ វាជារឿងកិត្តិយសនិងសេចក្តីថ្លៃថ្នូរ”។

ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅមិនទាន់រៀបអភិសេកនៅឡើយទេ។ បិតាដែលយាងចូលទិវង្គតរបស់ព្រះអង្គ គឺអតីតព្រះមហាក្សត្រនរោត្ត សីហនុ ដែលមានបុត្រយ៉ាងតិច១៤អង្គជាមួយមហេសីប្រាំនាក់ផ្សេងគ្នា ទ្រង់ធ្លាប់មានបន្ទូលជាសាធារណៈថា បុត្រារបស់ព្រះអង្គ “ស្រឡាញ់មនុស្សស្ត្រីដូចជាបងប្អូន”។ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស