28 C
Phnom Penh

ភាព​តាន​តឹងផ្ទុះ​​​​ឡើង​​​​កាន់​​​តែ​​​ធំ​​​ជុំវិញ​​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​ជាប់​វិហារ​អុិស្លាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាពតានតឹងជុំវិញគម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែនៅជាប់វិហារអុិស្លាមមួយនៅក្នុងរាជធានីភ្នំពេញបានផ្ទុះឡើងកាន់តែធំកាលពីថ្ងៃសុក្រ ខណៈសមាជិកសហគមន៍អិុស្លាមនៅតំបន់នោះបានវាយកម្ទេចរបងដែលហ៊ុមព័ទ្ធបណ្តោះអាសន្នដើម្បីកំណត់ដីសម្រាប់ការអភិវឌ្ឍ។

មនុស្សជាង១០០នាក់ចេញពីវិហារអិុស្លាមថ្មីអាលសឺកាលបន្ទាប់ពីការថ្វាយបង្គំនាពលរសៀល ហើយបានចំណាយពេលមួយម៉ោងវាយកម្ទេចរបងដែកដែលសាលារាជធានីបានឱ្យកម្មករធ្វើកាលពីដើមសប្តាហ៍មុន។

លោក ចន លី ដែលបានជួយវាយកម្ទេចរបងមួយផ្នែក ហើយបានប្តេជ្ញាថានឹងធ្វើទៀត ប្រសិនបើរបងនេះត្រូវបានសាងសង់ឡើងវិញនោះបាននិយាយថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ថាបនាផ្លូវនៅទីនេះទេ”។

cam-photo-mosque-channa-WEB-ONLY-800x533លោក ចន លី បានសួរថា “ខ្ញុំចាំបានថា សម្តេច ហ៊ុន សែន មានប្រសាសន៍ថា មិនឱ្យមានការស្ថាបនាផ្លូវនៅជុំវិញវត្តអារាម ឬវិហារអុិស្លាមទេ ចុះហេតុអ្វីបានជាពួកគេស្ថាបនាផ្លូវនៅជុំវិញវិហារអុិស្លាមរបស់យើងទៅវិញ?”។

គម្រោងរបស់សាលារាជធានីក្នុងការស្ថាបនាផ្លូវនេះ ដែលខណ្ឌចែកដីជាកម្មសិទ្ធិរបស់វិហារអុិស្លាមនោះ បានបែងចែកអ្នកថ្វាយបង្គំជាក្រុមប្រឆាំងគ្នាដែលដឹកនាំដោយខ្មែរអិុស្លាមពីររូបដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស។

លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានគាំទ្រក្រុមអ្នកតវ៉ាដោយអំពាវនាវឱ្យធ្វើផ្លូវវាងចម្ងាយ៥ម៉ែត្រពីវិហារអុិស្លាមនេះដើម្បីចៀសវាងការរំខានដល់អ្នកថ្វាយបង្គំ។

ប៉ុន្តែលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា លោកគាំទ្រសំណើបច្ចុប្បន្នដែលគេនឹងឃើញមានផ្លូវមួយខ្សែចម្ងាយមិនដល់៥០ម៉ែត្រផងពីជណ្តើរមុខរបស់អគារនេះស្ថិតក្នុងតំបន់បឹងកក់ដែលញាំញីដោយការបណ្តេញចេញ។

លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍លោក អូស្មាន ហាស្សាន់ កាលពីខែសីហា បន្ទាប់ពីអះអាងថា លោក អូស្មាន ហាស្សាន់ ទទួលបានប្រយោជន៍៍ផ្ទាល់ខ្លួនពីការស្ថាបនានេះ។

សន្តិសុខខណ្ឌដូនពេញប្រហែល២០នាក់បានឃ្លាំមើលកាលពីថ្ងៃសុក្រខណៈដែលក្រុមអ្នកតវ៉ាបានសម្តែងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ប៉ុន្តែបានជំរុញឱ្យរដ្ឋាភិបាលបង្ហាញ “ការគោរពចំពោះយើង” ដោយពិចារណាសំណើនេះឡើងវិញ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវត្រូវបានផ្អាកដើម្បីទុកពេលឱ្យក្រុមមន្ត្រីជួបប្រជុំជាមួយសមាជិកសហគមន៍ដើម្បីធ្វើការពន្យល់ពីរបៀបដែលពួកគេទទួលបានអត្ថប្រយោជន៍ពីផ្លូវនេះ ដែលក្នុងនោះនឹងឈានទៅដល់ការសាងសង់ខុនដូឯកជន និងទីលានវាយកូនហ្គុលហ្វ៍។

លោកបានថ្លែងថា “បញ្ហានេះកើតឡើងដោយសារមនុស្សពីរក្រុមនៅក្នុងវិហារអុិស្លាមនេះមិនចុះសម្រុងគ្នាអំពីគម្រោងនេះ”។

លោក ឃួង ស្រេង អភិបាលរងរាជធានីបានមានប្រសាសន៍ថា ក្រុមមន្ត្រីនឹងពិនិត្យមើលការខូចខាតដល់របងនេះ និងពិចារណាចាត់វិធានការតាមផ្លូវច្បាប់៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស