26 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​បុរស​ម្នាក់​ទាក់ទិន​នឹង​ឯកសារ​រថយន្ត​ក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសម្នាក់ត្រូវបានចាប់ខ្លួនក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ដែលតាមសង្ស័យថាបានធ្វើនិងលក់ឯកសារយានយន្តក្លែងក្លាយ។

អធិការខណ្ឌដង្កោ លោក ឈឹម ស៊ីថា បាននិយាយថា ហ៊ួត ចិន អាយុ២១ឆ្នាំ ដំបូងឡើយត្រូវបានឃាត់ឲ្យឈប់ព្រោះបើកបរលឿនជាងល្បឿនកំណត់ ហើយបន្ទាប់មកគេឆែកម៉ូតូរបស់គាត់ពីបទសង្ស័យរក្សាទុកគ្រឿងញៀន ប៉ុន្តែផ្ទុយទៅវិញ ប៉ូលិសបានរកឃើញឯកសារក្លែង។

លោកអធិការ ស៊ីថា បាននិយាយថា “គាត់បើកម៉ូតូលឿន ដូច្នេះយើងបានសួរគាត់ ហើយពិនិត្យរកមើលគ្រឿងញៀន។ នៅពេលយើងឆែកឆេរ យើងបានរកឃើញឯកសារទាំងអស់នេះ”។

អំឡុងពេលសាកសួរ ជនសង្ស័យបានប្រាប់ប៉ូលិសអំពីទីកន្លែងដែលគាត់រស់នៅ ប៉ូលិសបានឆែកផ្ទះរបស់គាត់នៅព្រឹកបន្ទាប់ ក៏បានរកឃើញឯកសារក្លែងច្រើនទៀត។

លោក ស៊ីថា បាននិយាយថា មន្ត្រីប៉ូលិសបានរកឃើញអាជ្ញាបណ្ណក្លែងក្លាយចំនួន២០ បណ្ណចុះឈ្មោះ៦ ឯកសារពន្ធនាំចូល១៣ និងឯកសារពន្ធផ្លូវ១៥។

លោកបាននិយាយថា “គាត់បានប៉ុនប៉ងលក់ឯកសារទាំងនោះ”។

លោក ចិន បានសារភាពថាបានក្លែងឯកសារ ប៉ុន្តែលោក ស៊ីថា បាននិយាយថា លោកមិនជឿថា គាត់អាចធ្វើតែឯងនោះទេ។

លោកអធិការបាននិយាយថា “អ្នកជិតខាងឧស្សាហ៍បានឃើញមនុស្សបីទៅបួននាក់ក្នុងផ្ទះនោះ ប៉ុន្តែនៅពេលប៉ូលិសចាប់ផ្តើមឆែកឆេរ មិនមាននរណានៅទីនោះទេ”។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បាននិយាយថា បទល្មើសបែបនេះកើតមានជាញឹកញាប់ ក៏ប៉ុន្តែបានថយចុះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបាននិយាយថា “វាធ្លាប់កើតឡើងពីមុន។ ប៉ុន្តែក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ររកឃើញករណីធំណាស់។ វាពិបាកដែលធ្វើការក្លែងពីក្រោយខ្នងយើង ព្រោះវាពាក់ព័ន្ធនឹងប្រព័ន្ធទាក់ទងគ្នា និងក្រសួងហើយនិងនាយកដ្ឋានផ្សងទៀត”។

លោក ស៊ីថា បាននិយាយថា ជនសង្ស័យរូបនេះកំពុងត្រូវឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ហើយនឹងត្រូវបញ្ជូនទៅតុលាការក្រុងនៅថ្ងៃនេះ៕និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស