កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានជុំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការចោទប្រកាន់មន្ត្រីគណបក្សមួយរូបនៅក្នុងខេត្តបន្ទាយមានជ័យពីបទបើករថយន្តបុកមន្ត្រីនគរបាលម្នាក់ ដែលទំនងជាបានដួលពីមុខរថយន្តដោយតាមពិតមិនត្រូវបានបុកទាល់តែសោះនៅក្នុងវីដេអូមួយស្តីពីឧប្បតិ្តហេតុនេះ។
លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទបើករថយន្តបុក លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានចោទប្រកាន់ដោយសាលាដំបូងខេត្តកាលពីថ្ងៃសោរិ៍ ពីបទបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលអាចជាប់ពន្ធគាររហូតដល់ប្រាំឆ្នាំ។
ទោះជាយ៉ាងណា រូបភាពវីដេអូស្តីពីឧប្បត្តិហេតុនេះ ដែលត្រូវបានបង្ហោះនៅលើហ្វេសបុ៊ុកបានង្ហាញថា រថយន្តរបស់លោក ម៉ង់ ពុទ្ធី ស្ទើរតែមិនកម្រើកកង់ ពេលលោក ឈាន ពិសិដ្ឋ ដែលឈរនៅចំពីមុខរថយន្តនេះបានដួលភ្លាមៗទៅលើដី ហើយសន្លប់អស់មួយសន្ទុះ។ ក្រោយមក លោក ត្រូវបានដឹកចេញតាមរថយន្តសង្គ្រោះបន្ទាន់ដោយមានពាក់រណបបំពង់ក។

សាក្សីនិយាយប្រាប់អ្នកយកព័ត៌មានដូចៗគ្នាថា លោក ឈាន ពិសិដ្ឋ មិនត្រូវបានរថយន្តបុកនោះទេ ហើយការដួលដែលថតបានជាវីដេអូ ត្រូវបានគេចំអកតាមអីុនធឺណិតថា ជាការសំដែងទទួលបានពានរង្វាន់អូស្កា។
អំឡុងសម័យប្រជុំសភាពេញអង្គកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សប្រឆាំងមិនបានធ្វើការសន្និដ្ឋានទេនៅក្នុងករណីក្នុងក្រុងប៉ោយប៉ែតនេះ ប៉ុន្តែបានចោទសួរអំពីការចោទប្រកាន់ពីបទព្រហ្មទណ្ឌនេះ។
លោកថ្លែងថា “ខ្ញុំបានស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីនេះឱ្យបានច្បាស់លាស់ ពីព្រោះវាមានសារៈសំខាន់ណាស់…ដោយសារវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល និងធ្វើឱ្យតម្លៃអាជ្ញាធរធ្លាក់ចុះ”។
ដោយព្យាយាមស្វែងរកកំហុសនៅក្នុងករណីនេះ លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់ថា លោក ម៉ង់ ពុទ្ធី មិនបានព្យាយាមគេចចេញពីកន្លែងកើតហេតុ ដូចអ្នកបើកបរធ្លាប់ធ្វើបន្ទាប់ពីមានឧប្បត្តិហេតុរថយន្តដែលបណ្តាលឱ្យមានការរងរបួស ឬបាត់បង់ជីវិតនោះឡើយ។ លោកក៏បានគូសបញ្ជាក់ដែរថាលោក ឈាន ពិសិដ្ឋ បានបន្តក្តាប់វិទ្យុទាក់ទងនៅក្នុងដៃ ពេលដួលនៅលើដី ដោយលើកឡើងថា តាមពិតទៅ គាត់ប្រហែលជាមានជំងឺស្កន់ជាន់។
លោកមានប្រសាសន៍ថា “ក្នុងដៃរបស់គាត់នៅតែក្តាប់វាជាប់ ហេតុដូច្នេះគាត់ប្រហែលជាមានជំងឺមួយដូចជា អេពីឡាបស៊ី (ជំងឺស្កន់ជាន់) ។ លោកបានបន្ថែមថា “អ្វីដែលសំខាន់គឺថា ខ្ញុំបានស្នើឱ្យ [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង] មេត្តាចាត់វិធានការស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនទាំងអ្នកបើកបរ និងមន្ត្រីនគរបាល”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងនិយាយមួយសន្ទុះដោយចំអកតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះចំពោះការចេះធ្វើកោសល្យវិច័យ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគួរតែកោតសរសើរឯកឧត្តម អេង ឆៃអ៊ាង ដែលបានក្លាយជាពេទ្យធ្វើកោសល្យវិច័យថា តើដួលទៅវាត្រូវក្តាប់ ឬវាត្រូវអី ដូចថា ម៉្យាងដែរ បើសិនឯកឧត្តមទៅធ្វើជាពេទ្យកោសល្យវិច័យ វាល្អជាងធ្វើតំណាងរាស្ត្រ”។
ពេលថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសម័យប្រជុំ លោក ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ និងមន្ត្រីខេត្តបន្ទាយមានជ័យកំពុងស៊ើបអង្កេតលើករណីនេះហើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានចេញបទបញ្ជាឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញធរខេត្តបន្ទាយមានជ័យស៊ើបអង្កេតករណីនេះហើយ”។
ទោះយ៉ាងណា មន្ត្រីខេត្ត និងមន្ត្រីក្រសួងបានលើកឡើងកាលពីម្សិលមិញថា ការងាររបស់ពួកគេធ្វើរួចហើយ ហើយថា ឥឡូវករណីនេះ ស្ថិតក្នុងដៃតុលាការតែមួយគត់។
លោក សិទ្ធិ លួស ស្នងការរងនគរបាលខេត្តបានលើកឡើងថា “ឥឡូវនេះ ករណីនេះផុតពីដៃរបស់យើងហើយ។ តាមពិតយើងអាចស៊ើបអង្កេតឡើងវិញបាន ប្រសិនបើមានបទបញ្ជាផ្លូវការពីថ្នាក់លើ”។
លោកបានបដិសេធមិនឆ្លើយនោះទេ ពេលសួរថា តើសាក្សីប៉ុន្មាននាក់ដែលមន្ត្រីរបស់លោកបានសម្ភាស ហើយបានបង្វែរសំណួរទៅលោក ស៊ឹម សំអាត ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបិទទូរស័ព្ទរបស់អ្នកយកព័ត៌មានម្នាក់។ លោក សុខ ផល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋាននេះបានលើកឡើងថា ឧប្បត្តិហេតុនេះត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ ហើយគាំទ្រការចោទប្រកាន់របស់តុលាការ។
លោកបានមានប្រសាសន៍ថា “មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលជាជនរងគ្រោះនៃឧប្បត្តិហេតុនេះមានស្នាមរបួសនៅលើភ្លៅ ដោយសារត្រូវគេបុក ហើយស្នាមរបួសនេះត្រូវបានពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។លទ្ធផលគឺថា រថយន្តនេះពិតជាបានបុកជនរងគ្រោះមែន”។
លោកបានលើកឡើងទៀតថា លោក ម៉ង់ ពុទ្ធី ត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មិនមែនពីបទប៉ុនប៉ងមនុស្សឃាតដូចមន្ត្រីសិទ្ធិមនុស្សបានរាយការណ៍ពីមុននោះឡើយ។
មន្ត្រីតុលាការមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ស៊ុយឈាង