រយៈពេលជិតបីសប្តាហ៍បន្ទាប់ពីលោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលតាមសេចក្ដីរាយការណ៍ថាបានជំរុញឱ្យមានការវិវឌ្ឍទៅមុខសម្រាប់ការដោះលែងមន្ត្រីបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប. មួយរូបចេញពីពន្ធនាគារមកនោះ កាលពីម្សិលមិញមន្ត្រីបានបង្ហាញឲ្យដឹងថា ចាប់តាំងពីពេលនោះមកគ្មានការវិវឌ្ឍណាមួយទេ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋសភាកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សទាំងពីរមិនទាន់បន្តការពិភាក្សាអំពីការដោះលែងនេះទេ។
លោកបានមានប្រសាសន៍ថា “គ្មានការប្រែប្រួលទេ។ ជាទូទៅ យើងបានខិតខំដើម្បីកំណត់ពេលជួបគ្នា ប៉ុន្តែនៅដំណាច់ឆ្នាំនេះខ្ញុំមមាញឹក។ រហូតមកទល់ពេលនេះ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេចំពោះនីតិវិធីរបស់តុលាការ។ ដោយសារតែវាពាក់ព័ន្ធតុលាការ យើងមិនអាចធ្វើវាជួសមុខតុលាការបានទេ”។
ក្រោយជំនួបមួយរវាងលោក កឹម សុខា និងលោក ហ៊ុន សែន កាលពីថ្ងៃទី៧ ខែធ្នូ ដែលហាក់បង្ហាញពីភាពធូរស្រាលថ្មីផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លោក ស ខេង មានប្រសាសន៍ថា “ប្រហែលជាត្រឹមដំណាច់ខែធ្នូ នឹងមានដំណោះស្រាយលើសំណុំរឿងមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប.”។
គណបក្សសង្គ្រោះជាតិមិនសូវមានការប្រយ័ត្នប្រយែងដូចមុនទេ ដោយកញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សនេះបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័របន្ទាប់ពីជំនួបនោះថា មនុស្សទាំងប្រាំនាក់នេះនឹងត្រូវដោះលែងត្រឹមដំណាច់ឆ្នាំនេះ។
កញ្ញាបានសរសេរនៅពេលនោះថា “មេឃុំគណបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលជាប់ពន្ធនាគារនឹងត្រូវដោះលែងមុនដំណាច់ខែនេះ”។ កាលពីម្សិលមិញ កញ្ញាមិនបានឆ្លើយតបសារតាមអុីនធឺណិតទេ នៅពេលគេសួរថាតើកញ្ញានៅតែរំពឹងទុកបែបនោះ ឬយ៉ាងណា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកមិនដឹងពីការពិភាក្សាណាមួយរវាងគណបក្សទាំងពីរទេទាក់ទិនការដោះលែងមនុស្សទាំងប្រាំនាក់នេះចាប់តាំងពីជំនួបថ្ងៃទី៧ ខែធ្នូមក។ លោកថ្លែងថា លោក “ព្រួយបារម្ភតិចតួច” ខ្លាចការដោះលែងនេះជាប់គាំង។
លោកគូសបញ្ជាក់ថា “ខ្ញុំមិនទុទិដ្ឋិនិយមទេ ប៉ុន្តែក៏មិនសុទិដ្ឋិនិយមដែរ។ ពេលខ្លះយើងគួរតែស្ងាត់ស្ងៀមបន្តិច ហើយរង់ចាំមើលថាតើនឹងមិនការវិវឌ្ឍអ្វីខ្លះ”។
មន្ត្រីអង្គការសិទ្ធិមនុស្សអាហុកទាំងបួនរូបគឺលោកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និងមន្ត្រី គ.ជ.ប. គឺលោក នី ចរិយា ដែលពីមុនធ្លាប់ធ្វើការឱ្យអង្គការអាដហុក បានជាប់ពន្ធនាគារដោយគ្មានសវនាការជំនុំជម្រះរយៈពេល២៤៣ថ្ងៃរួចមកហើយរហូតមកទល់ពេលនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមអ្នកច្បាប់បានថ្កោលទោសចំពោះសំណុំរឿងនេះ ហើយអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានដាក់បញ្ចូលអ្នកទាំងប្រាំទៅក្នុងបញ្ជីឈ្មោះអ្នកទោសនយោបាយទាំង២៦រូបនៅក្នុងប្រទេសកម្ពុជា។ កាលពីដើមខែនេះ ក្រុមការងារទទួលបន្ទុកដោះស្រាយការឃុំឃាំងតាមអំពើចិត្ត (Working Group on Arbitrary Detention) របស់អង្គការសហប្រជាជាតិបានប្រកាសថា មនុស្សទាំងប្រាំរូបនេះ “ត្រូវបានរើសអើង ដោយសារតែឋានៈរបស់គាត់ជាអ្នកការពារសិទ្ធិមនុស្ស”៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Myen)