29 C
Phnom Penh

កសិករ​មិន​​​ព្រម​​​វិលទៅ​ផ្ទះវិញ​ បើគ្មាន​ដំណោះ​ស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារជាច្រើនដែលមកកាន់ក្រុងភ្នំពេញពីខេត្តកោះកុងដើម្បីតវ៉ាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយចម្ការអំពៅបីកន្លែងបាននិយាយកាលពីម្សិលមិញថា ពួកគេនឹងមិនត្រឡប់ទៅផ្ទះវិញទេរហូតទាល់តែរដ្ឋាភិបាលជួយពួកគេរកដំណោះដែលអាចទទួលយកបានជាមុនសិន។

កសិករជាង១០០នាក់បានមកដល់ក្រុងភ្នំពេញកាលពីថ្ងៃអង្គារសប្តាហ៍មុន ដើម្បីដាក់ញត្តិទៅភ្នាក់ងារដ្ឋាភិបាលសុំឱ្យជួយប្រគល់ដីឱ្យពួកគេវិញ ដែលពួកគេនិយាយថាបានលួចដោយចម្ការធំៗដែលមានមួយកន្លែងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហេង ហ៊ុយ កសិកម្ម ហើយពីរកន្លែងទៀតធ្លាប់ជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ⁣⁣⁣⁣⁣⁣⁣⁣⁣ប៉ុន្តែចាប់ពីពេលនោះមក ចម្ការអំពៅនោះត្រូវបានទិញដោយក្រុមហ៊ុនថៃមួយ។ ដោយមិនសុខចិត្តនឹងរឿងនេះ កសិករនិយាយថា ពួកគេចង់បានសំណងសមរម្យ។

ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា ប្រជាពលរដ្ឋកម្ពុជាក្រីក្ររាប់ម៉ឺននាក់បានបាត់បង់ផ្ទះសំបែង ឬស្រែចម្ការ ឬក៏បាត់បង់ទាំងផ្ទះ ទាំងស្រែចម្ការ ដោយសារតែសម្បទានដីសេដ្ឋកិច្ចជាទំហំដីធំៗដែលជួលឱ្យក្រុមហ៊ុនឯកជនដោយរដ្ឋាភិបាលសម្រាប់ធ្វើកសិកម្មបែបពាណិជ្ជកម្ម ដោយមានសំណងតិចតួច ឬគ្មានទាល់តែសោះ។

គ្រួសារពីខេត្តកោះកុងកំពុងតវ៉ានឹងក្រុមហ៊ុនចម្ការអំពៅរយៈពេលបួនប្រាំឆ្នាំហើយ។

អ្នកស្រី ប៉ាវ ញឿង ជាអ្នកតំណាងពលរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទក្នុងសន្និសីទសារព័ត៌មាននៅវត្តសាមគ្គីរង្សីក្នុងក្រុងភ្នំពេញដែលពួកគេកំពុងស្នាក់នៅថា “យើងមិនត្រឡប់ទៅផ្ទះវិញដាច់ខាត។យើងទាមទារឱ្យមានដំណោះស្រាយដោយតម្លាភាពចំពោះជម្លោះដីធ្លីពួកយើង។យើងចង់បានសំណងល្អប្រសើរសម្រាប់ស្រែចម្ការដែលយើងបាត់បង់។”

អ្នកស្រី ញឿង បាននិយាយថា “ហេតុអ្វីយើងត្រូវត្រឡប់ទៅផ្ទះវិញ? បើយើងត្រឡប់ទៅវិ ញ យើងនឹងស្លាប់។យើងត្រៀមខ្លួនស្លាប់រួចហើយនៅទីនេះ ដើម្បីបង្ហាញសាធារណជនថាយើងស្លាប់ ព្រោះតែអត់ឃ្លាន”។

អ្នកស្រី ញឿង បាននិយាយថា មានអ្នកតវ៉ាចំនួន១៧១នាក់រួមទាំងក្មេងៗបីបួននាក់ដែរ។

កសិករបានទៅសភាជាតិ និងក្រសួងមួយចំនួន ចាប់តាំងពីមកដល់ក្រុងភ្នំពេញ ហើយនិយាយថា ពួកគេមានគម្រោងហែទៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅជិត វិមានឯករាជ្យឆាប់ៗនេះ។

មន្រ្តីរដ្ឋាភិបាលបានសន្យាជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយជម្លោះដីធ្លី ប៉ុន្តែគ្មានការប្តេជ្ញាចិត្តរឹងមាំទេ។ក្រុមហ៊ុនបានបដិសេធថាមិនបានធ្វើខុសឡើយ៕ មាំ វិបុល

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស