28 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​បញ្ចេញ​ឲ្យ​ដឹង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងប្រទេសកម្ពុជានិយាយថា ពួកគេកំពុងដំណើរការកាន់តែប្រុងប្រយ័ត្ន ចាប់តាំងពីរបៀបចុះឈ្មោះកាន់តែតឹងរ៉ឹងឡើងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុន ក្រោមច្បាប់អង្គការក្រៅរដ្ឋាភិបាលថ្មី ដោយអង្គការមួយចំនួនអះអាងថា វាត្រូវបានគេប្រើជាការគំរាមកំហែងមួយដើម្បីរឹតបន្តឹងសកម្មភាពរបស់ពួកគេ។

អង្គការក្រៅរដ្ឋាភិបាលចំនួនជាង៤០ឆ្នាំ ក្នុងនោះមានទាំងអង្គការបរទេស២២ផង ត្រូវបានស្ទង់មតិដោយអ្នកកាសែតអំពីផលប៉ះពាល់នៃច្បាប់ថ្មីលើសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពីខែសីហាឆ្នាំមុន ទោះជាមានកង្វល់ជាទូទៅថា វានឹងគាបសង្កត់ឲ្យអង្គការកែសម្រួលសកម្មភាពរបស់ខ្លួន ដើម្បីបន្តដំណើរការក្នុងប្រទេសនេះក្តី។

ច្បាប់នេះត្រូវបានរិះគន់ព្រោះផ្តល់អំណាចធ្វើតាមតែចិត្តយ៉ាងច្បាស់ឲ្យក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ ដើម្បីបដិសេធការចុះបញ្ជីអង្គការក្រៅរដ្ឋាភិបាលតាមឆន្ទានុសិទ្ធិរបស់ខ្លួន ឬលុបចោលការចុះបញ្ជី ប្រសិនបើអង្គការទាំងឡាយណាត្រូវគេចាត់ទុកថា បានគំរាមកំហែងដល់ស្ថិរភាព ឬមិនបានរក្សាអព្យាក្រឹតភាពនយោបាយ។

ប្រហែលពាក់កណ្តាលនៃអង្គការក្រៅរដ្ឋាភិបាលបរទេសដែលទាក់ទងបានកាលពីពីរសប្តាហ៍មុន បានបដិសេធមិនពិភាក្សាអំពីស្ថានភាពនៃការចុះបញ្ជីរបស់ពួកគេក្រោមច្បាប់ថ្មីនេះ និងមិនបានឆ្លើយតបសំណួរទេ។ អង្គការមួយចំនួនទាំងនោះដែលបានបដិសេធ បាននិយាយថា ពួកគេមិនចង់ឲ្យគេលើកឡើងក្នុងអត្ថបទព័ត៌មានទាក់ទិននឹងបញ្ហានេះទេ ដោយលើកឡើងនូវភាពរសើបក្នុងការចុះបញ្ជី និងមានបំណងចង់ “នៅស្ងាត់ស្ងៀម”។

ក្នុងចំណោមអ្នកដែលបានឆ្លើយតបទាំងនោះ ភាគច្រើនបាននិយាយថា ពួកគេមិនមានបញ្ហាក្នុងការចុះបញ្ជីរបស់ខ្លួន ឬប្រព័ន្ធថ្មីនេះទេ។

ទោះជាយ៉ាងនេះក្តី នៅពេលទទួលបានអនាមិកភាព អ្នកផ្សេងទៀតបាននិយាយប្រាប់អំពីសម្ពាធថ្មី ដែលក្នុងនោះអាជ្ញាធរបានលើកច្បាប់នេះឡើងជាការព្រមានយ៉ាងច្បាស់ បន្ទាប់ពីអង្គការនានាបានចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមដែលរិះគន់រដ្ឋាភិបាល ធ្វើការជាមួយដៃគូនានាដែលគេចាត់ទុកថា “ឯករាជ្យ” ឬត្រូវគេយល់ឃើញថាធ្វើហួសដែលកំណត់។

cam-photo-NGOsអង្គការបរទេសមួយដែលចូលរួមក្នុងការជួយសម្រាលភាពក្រីក្រ បាននិយាយថា ក្នុងពេលថ្មីៗនេះ ខ្លួនបានទទួលការជូនដំណឹងមួយពីក្រសួងរដ្ឋាភិបាលរំឭកអង្គការនេះថា អង្គការត្រូវតែ “អនុវត្តតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលទាំងស្រុង”។ អ្នកនាំពាក្យអង្គការនេះបាននិយាយថា “យើងមានអារម្មណ៍ទទួលរងសម្ពាធលើការងាររបស់យើង”។

ដោយប្រើអក្សរកាត់សម្រាប់ពាក្យអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិអ្នកនាំពាក្យរូបនេះបាននិយាយថា “យើងនិងអង្គការ INGO ផ្សេងទៀតបានជួបការគំរាមកំហែងពីក្រសួងការបរទេស។ យើងខ្វល់ខ្វាយថា ច្បាប់នេះបានរឹតបន្តឹង ហើយនឹងរឹតបន្តឹងប្រតិបត្តិការរបស់យើងថែមទៀត”។

អង្គការក្រៅរដ្ឋាភិបាលបរទេសមួយផ្សេងទៀត ដែលធ្វើការដើម្បីជីវភាពជនបទប្រសើរឡើង បាននិយាយថា ខ្លួនបានឈប់ប្រើអីុម៉េលសម្រាប់ការឆ្លើយឆ្លងមួយចំនួនរបស់ខ្លួន ក្នុងពេលមានការពិនិត្យពិច័យលើការងាររបស់ខ្លួនខ្លាំង ដែលកើនឡើង បន្ទាប់ពីខ្លួនហ៊ាននិយាយប្រឆាំងស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីដើមឆ្នាំនេះ។

អ្នកនាំពាក្យបាននិយាយថា ខ្លួនត្រូវបានក្រសួងមហាផ្ទៃទាក់ទងបន្ទាប់ពីសេចក្តីថ្លែងការណ៍នោះចេញ និងចង់បានព័ត៌មានពិស្តារ។

អ្នកនាំពាក្យដដែលបាននិយាយថា “យើងមានអារម្មណ៍ថា យើងចាំបាច់ត្រូវពិចារណាដោយប្រុងប្រយ័ត្នច្រើន ចំពោះការប្រើពាក្យសម្តី នៅពេលដែលធ្វើសហការជាមួយមន្ត្រីរដ្ឋាភិបាល និងរៀបចំឯកសារជាលាយលក្ខណ៍អក្សរ ដូចជាសេចក្តីថ្លែងការណ៍ជាដើម”។

អង្គការនេះក៏ត្រូវប្រយ័ត្នប្រយែងច្រើនដែរ នៅពេលដែល “ជ្រើសរើសដៃគូសហការ ពីព្រោះអង្គការព័ត៌មាន ឬអង្គការនានាក្នុងពិភព ‘ឯករាជ្យ’ ហាក់ដូចជាងាយមានប្រតិកម្មពីរដ្ឋាភិបាល”។

អ្នកនាំពាក្យបាននិយាយថា ក្រុមមន្ត្រីរដ្ឋាភិបាលថែមទាំងបានមកពិនិត្យការិយាល័យរបស់អង្គការនេះ ក្នុងបំណងប្រមូលព័ត៌មានអំពីពួកគេទៀតផង។

អង្គការមួយទៀត ដែលធ្វើការជាមួយយុវជន បាននិយាយថា ទម្រង់ចុះបញ្ជីរបស់ខ្លួនត្រូវបានអូសបន្លាយពេលដោយគ្មានការពន្យល់។ អ្នកនាំពាក្យបាននិយាយថា “យើងមានការប្រឈមជាមួយនឹងដំណើរការដ៏យូរនេះ”។

ចំពោះអង្គការជាច្រើន ដំណើរការនៃការចុះឈ្មោះជាមួយក្រសួងការបរទេសមានដំណើរការល្អ និងត្រូវការពេលតិចគឺតែបីខែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា ដែលចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បាននិយាយថា អង្គការអន្តរជាតិមួយចំនួនកំពុងប្រឈមនឹងការលំបាកក្នុងការចុះបញ្ជីជាមួយក្រសួងការបរទេសនៅឡើយ។

លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា មានឧបសគ្គនិងមូលហេតុច្រើនជាកង្វល់។ មជ្ឈមណ្ឌលនេះកំពុងឃ្លាំមើលដំណើរការនៃអង្គការក្រៅរដ្ឋាភិបាលបរទេសដែលធ្វើការចុះបញ្ជីក្រោមច្បាប់ថ្មីនេះ។

ដំណើរការនេះពាក់ព័ន្ធនឹងការទទួលលិខិតគាំទ្រពីអាជ្ញាធរសាធារណកម្ពុជា បន្ទាប់មកដាក់ពាក្យសុំអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងការបរទេសសម្រាប់អាណត្តិបីឆ្នាំ។

លោកស្រី សុភាព បាននិយាយតាមរយៈអីុម៉េលថា “ដំណើរការនេះក៏បង្កើតឲ្យមានបញ្ហាមួយចំនួនដែរ។ ជាពិសេស ការតម្រូវឲ្យរកលិខិតគាំទ្រពីអាជ្ញាធរសាធារណដែលពាក់ព័ន្ធផ្តល់ឆន្ទានុសិទ្ធិច្រើនដល់ក្រសួងនិង/ឬមន្ទីរខេត្ត”។

លោកស្រីបាននិយាយបន្ថែមថា “ការតម្រូវនេះអាចងាយកើតមានអំពើពុករលួយ ហើយវាធ្វើឲ្យខូចឯករាជ្យភាពនៃដំណើរការ ដោយអង្គការជាច្រើនធ្វើការមានលក្ខណៈរសើប ដែលអាចទំនងជាមិនសូវទទួលបានការគាំទ្រ”។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែសីហា ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក៏បាននិយាយដែរថា ខ្លួន “កំពុងតាមដានករណីជាច្រើន” ដែលក្នុងករណីទាំងនោះ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអាជ្ញាធរយកមកប្រើ ដើម្បីរឹតបន្តឹងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល “ដែលធ្វើការលើបញ្ហាជាច្រើនដែលត្រូវគេចាត់ទុកថាមានលក្ខណៈរសើប”។

ការិយាល័យនេះ ដែលខ្លួនឯងនៅទីបំផុតបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីនៅខែនេះ ក្រោមការគំរាមឲ្យបិទទ្វារនោះ បានបដិសេធមិនបញ្ចេញសេចក្តីសម្រេចរបស់ខ្លួនជាសាធារណៈទេ។

នាយកអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ ដែលធ្វើការទាក់ទិននឹងបញ្ហាជាច្រើនដែលមានលក្ខណៈរសើប ជាពិសេសចំពោះរដ្ឋាភិបាល បានបដិសេធមិនឲ្យដកស្រង់សម្តីទេ ប៉ុន្តែបាននិយាយថា ខ្លួនកំពុងរង់ចាំការយល់ព្រមនៅឡើយ។ នាយកអង្គការនេះបានកត់សម្គាល់ថា ទោះជារហូតមកដល់ពេលនេះ ការពន្យារពេលមានលក្ខណៈការិយាធិបតេយ្យក៏ដោយ ក៏ច្បាប់ថ្មីនេះផ្តល់ជាឧបករណ៍ដល់រដ្ឋាភិបាលដើម្បីឲ្យងាយស្រួលបិទ។

នាយកអង្គការនេះបាននិយាយថា យ៉ាងណាក៏ដោយ អង្គការនេះមានផែនការបន្តសកម្មភាពរបស់ខ្លួនបើទោះជាគ្មានអនុស្សរណៈនៃការយោគយល់ក៏ដោយ។ លោកបាននិយាយបន្ថែមថា ក្រុមមន្ត្រីរដ្ឋាភិបាលដែលខ្លួនកំពុងសហការជាមួយ នៅតែសហការរហូតមកដល់ពេលនេះ។

ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល មិនត្រឹមតែអង្គការទេ ប៉ុន្តែបុគ្គលិករបស់អង្គការដែរ ក៏អាចទទួលរងការដាក់ទោសទណ្ឌដែរ។ ច្បាប់នេះចែងថា “ជនបរទេសណាដែលធ្វើការឲ្យសមាគមបរទេស” ដែលដំណើរការដោយគ្មានការចុះបញ្ជី អាចត្រូវបណ្តេញចេញ។

ច្បាប់ចែងថា “អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការបញ្ឈប់ជាបន្ទាន់លើសមាគមបរទេស ឬអង្គការក្រៅរដ្ឋាភិបាលណាដែលធ្វើសកម្មភាពដោយគ្មានការចុះបញ្ជី”។

ការចុះបញ្ជីរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកធ្វើតាមដំណើរការដោយឡែកដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ហើយទោះបីជាមានសេចក្តីរាយការណ៍ថាបុគ្គលិករបស់ខ្លួនប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរដែលបានលើកពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាពិសេសនៅតាមខេត្តដាច់ស្រយាល ហើយជាធម្មតាមានការភាន់ច្រឡំក្តី ក៏ការចុះបញ្ជីរបស់ពួកគេទំនងជាមិនសូវជាបញ្ហាទេ។

លោកស្រី សុភាព បាននិយាយថា អាជ្ញាធរបានកត់ចំណាំអង្គការក្នុងស្រុកឥតចុះបញ្ជីមួយចំនួន ប៉ុន្តែមិនទាន់ធ្វើសកម្មភាពលើអង្គការណាមួយទេ។

សំដៅដល់ការតម្រូវរបស់ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលឲ្យអង្គការក្រៅរដ្ឋាភិបាល ” រក្សាអព្យាក្រឹតភាពរបស់ខ្លួនចំពោះគណបក្សនយោបាយ” លោកស្រីបាននិយាយថា “តួអង្គរដ្ឋាភិបាលផ្សេងទៀតបានគំរាមប្រើមាត្រា២៤ជាសាធារណៈប្រឆាំងអង្គការសិទ្ធិមនុស្សដែលហ៊ានរិះគន់”។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា លោកមិនមានព័ត៌មានអំពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវប្រើដើម្បីដាក់សម្ពាធលើអង្គការ ឬអំពីបញ្ហាណាមួយទាក់ទិននឹងការចុះបញ្ជីរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសទេ៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស