លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកសរសើររដ្ឋាភិបាលយ៉ាងខ្លាំងនៅក្នុងជំនួបមួយជាមួយឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបកាលពីម្សិលមិញ ហើយបានស្នើឱ្យគណៈប្រតិភូរបស់លោកធ្វើការវាយតម្លៃអំពីស្ថានភាពនៅកម្ពុជាឱ្យបាន “ត្រឹមត្រូវ” ក្នុងថ្ងៃតែមួយដែលតុលាការបានផ្ដន្ទាទោសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំបន្ថែមទៀត។
ក្រសួងការបរទេសមិនបានពន្យល់ពីមូលហេតុដែលនាំឱ្យមានជំនួបនេះទេ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលធ្លាប់បានបង្ហាញការចាប់អារម្មណ៍លើគណៈប្រតិភូបរទេស បន្ទាប់ពី តុលាការចេញសេចក្ដីសម្រេចចម្រូងចម្រាស ឬមានការចោទប្រកាន់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរដើម្បីអះអាងថា គ្មានអ្វីខុសប្រក្រតី។ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះក៏បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកអគ្គរាជទូតជប៉ុនផងដែរ។
បន្ទាប់ពីជំនួបកាលពីម្សិលមិញរវាងលោក ប្រាក់ សុខុន និងលោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្មានហេតុផលអ្វីត្រូវសង្ស័យថា សង្គមកម្ពុជាគ្មានភាពស្ងប់ស្ងាត់ឡើយ។
លោកថ្លែងថា “គ្មានសញ្ញាណាបង្ហាញថា ស្ថានភាពនៅកម្ពុជាតានតឹងនោះទេ” ហើយប្រជាពលរដ្ឋកម្ពុជា ”កំពុងបំពេញការងារយ៉ាងរលូននៅក្នុងការរកទទួលទានតាមរយៈការបើកដំណើរការអាជីវកម្មនានា ការសាងសង់សាលារៀន និងការផ្ដល់ការកម្សាន្តជាដើម”។
លោកបានមានប្រសាសន៍ទៀតថា លោក ប្រាក់ សុខុន បានគូសបញ្ជាក់បីចំណុចរួមមាន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧ភាគរយរបស់កម្ពុជា ក្នុងរយៈពេល២ទសរត្សរ៍មកនេះ ការព្រះរាជទានលើកលែងទោសកាលពីពេលថ្មីៗនេះដល់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងអនុស្សរណៈនៃការយោគយល់ (MoU) ថ្មីមួយជាមួយការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យការិយាល័យនេះបន្តដំណើរការនៅក្នុងប្រទេសកម្ពុជា រយៈពេល២ឆ្នាំទៀត។
លោកលើកឡើងថា “ឯកឧត្ដម [ប្រាក់ សុខុន] បានស្នើឱ្យមានការវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា ដោយពិចារណាឱ្យបានហ្មត់ចត់ចំពោះចំណុចទាំងបីដែលឯកឧត្ដមបានលើកឡើង។ ឯកឧត្តមបានមានប្រសាសន៍យ៉ាងច្បាស់ហើយថា ឯកឧត្ដម និងរដ្ឋាភិបាលចង់បានការវាយតម្លៃអំពីស្ថានភាពឱ្យបានត្រឹមត្រូវ”។
មុនពេលទទួលបានការព្រះរាជទានលើកលែងទោស លោក កឹម សុខា ត្រូវបានតុលា ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទខកខានក្នុងការចូលខ្លួនទៅតុលាការក្នុងនាមសាក្សីឆ្លើយបំភ្លឺសំណុំរឿងស្រីកំណាន់របស់លោក ដែលមជ្ឈដ្ឋានទូទៅយល់ថាជារឿងនយោបាយ។ អនុស្សរណៈនៃការយោគយល់ជាមួយការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិត្រូវបានចុះហត្ថលេខា បន្ទាប់ពីមានការចរចាយ៉ាងតានតឹងរយៈពេលរាប់ខែ ដែលអំឡុងពេលនោះរដ្ឋាភិបាលបានគំរាមបណ្ដេញការិយាល័យមួយនេះចេញពីប្រទេសកម្ពុជា ដោយសារតែខ្លួនយល់ថាបុគ្គលិករបស់ការិយាល័យនេះមានអាកប្បកិរិយា “ក្រអឺតក្រទម” និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ចំពោះការរិះគន់ការនិរទេសលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ។
ប្រធានគណបក្សប្រឆាំងរូបនេះត្រូវបានហាមឃាត់មិនឱ្យវិលត្រឡប់មកប្រទេសកម្ពុជា វិញឡើយកាលពីខែតុលា ជាការបំពានសិទ្ធិរបស់លោកក្នុងការត្រឡប់ចូលស្រុកវិញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ខណៈលោកកំពុងរស់នៅឯបរទេសដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍។
អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូនិយាយថា បច្ចុប្បន្នអ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជា មានចំនួន២៦រូបចាប់ពីមន្ត្រីសិទ្ធិមនុស្សរហូតដល់សកម្មជន និងឥស្សរជនគណបក្សប្រឆាំងដែលរួមមានទំាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបផង។ អង្គការសិទ្ធិមនុស្សនានានិយាយថា រដ្ឋាភិបាលកំពុងតែបង្ក្រាបលើអ្នករិះគន់ខ្លួននៅមុនការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏សំខាន់នៅក្នុងឆ្នាំ២០១៨។
ពេលទាក់ទងតាមសារអេឡិចត្រូនិក លោក ចច អេដហ្គា បានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា រួមមានទាំងការជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតកាលពីពេលថ្មីៗនេះផងដែរ ប៉ុន្តែបានបដិសេធមិនលើកឡើងលម្អិតទេ។
អ្នកនាំពាក្យស្ថានទូតអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីរូបនេះ និងឯកអគ្គរដ្ឋទូតរបស់ខ្លួនបានពិភាក្សាអំពី “បញ្ហាជាច្រើន” ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតឡើយ។ ចំណែកឯស្ថានទូតជប៉ុន ភ្លាមៗមិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេ៕ សុខុម