27.5 C
Phnom Penh

នាយក​វិទ្យាល័យ​​ម្នាក់​​ត្រូវ​បាន​ព្យួរ​តួនាទី​ បន្ទាប់​​​ពីក្រុម​គ្រូបង្រៀន​​​​​​​​​​នាំ​​​​​​​​​គ្នា​​​​​​​​​ដាក់​ពាក្យ​ប្ដឹង​​​​រឿង​​​​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកវិទ្យាល័យម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានដកហូតតួនាទីជាបណ្ដោះអាសន្នកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចំនួន២ភាគ៣នៃគ្រូបង្រៀននៅសាលានោះទាមទារឱ្យផ្លាស់នាយករូបនេះចេញ នេះបើយោងតាមការឱ្យដឹងពីមន្ត្រី។

លោក នង វុទ្ធី ប្រធានមន្ទីរធនធានមនុស្សខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យសិរីសោភណ្ឌ ក្នុងក្រុងសិរីសោភណ្ឌ ត្រូវបានព្យួរតួនាទីរង់ចាំការស៊ើបអង្កេតលើពាក្យបណ្ដឹងកាលពីខែមុននេះ។

លោកបានបដិសេធមិនបញ្ជាក់ថា ការប្ដឹងតវ៉ានោះបណ្ដាលមកពីរឿងអ្វីឡើយ ប៉ុន្តែ

លើកឡើងថា ការស៊ើបអង្កេតធ្វើឡើងពាក់ព័ន្ធ “ជម្លោះរវាងនាយកសាលា និងក្រុមគ្រូបង្រៀន”។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកថ្លែងថា “ពេលនេះក្រសួងអប់រំ និងសាលាខេត្តកំពុងធ្វើអធិការកិច្ចរួមគ្នា”។

លោក រ៉េន វុទ្ធី ជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនដែលបានផ្ដិតមេដៃលើពាក្យបណ្ដឹងនោះនិយាយថា លោកស្រី ណាត ស៊ីវឡាយ ដែលបានគ្រប់គ្រងសាលានេះចាប់តាំងពីឆ្នាំ២០០៧ បានកិបកេងថវិការបស់ក្រសួង។ លោកនិយាយថា គ្រូបង្រៀនចំនួន៤៥នាក់ក្នុងចំណោមគ្រូបង្រៀនទាំង៦៧នាក់នៅវិទ្យាល័យនេះបានផ្ដិតមេដៃលើពាក្យបណ្ដឹងនោះ។

គ្រូបង្រៀនរូបនេះបានបន្តថា “គាត់មិនដែលផ្ដល់ប្រាក់បានពីក្រសួងអប់រំឱ្យពួកយើងសម្រាប់ចំណាយលើថ្នាក់រៀនរបស់ពួកយើងទេ។ ពួកយើងចេះតែស្ងាត់ស្ងៀមច្រើនឆ្នាំមកហើយ ហើយទុកឱកាសឱ្យគាត់កែប្រែ ប៉ុន្តែគាត់នៅតែបន្តធ្វើរឿងដដែល ដូច្នេះហើយយើងមិនចង់បានគាត់ធ្វើជានាយិការបស់ពួកយើងទៀតទេ”។

ទោះជាយ៉ាងណា លោកស្រី ណាត ស៊ីវឡាយ បានឆ្លើយតបវិញថា លោកស្រីបានធ្វើឱ្យបុគ្គលិកគ្រូបង្រៀនផ្ទុះកំហឹងដោយសារតែលោកស្រីរឹតបន្តឹងការអនុវត្តបទដ្ឋានខ្ពស់នៅក្នុងការបង្រៀន ហើយបានបដិសេធថា លោកស្រីមិនជាប់ពាក់ព័ន្ធរឿងពុករលួយឡើយ។ លោកស្រីបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោកស្រីបានដាក់ពាក្យបណ្ដឹងបរិហារកេរ្តិ៍ប្ដឹងគ្រូបង្រៀនទាំង៤៥នាក់ដែលបានផ្ដិតមេដៃលើពាក្យបណ្ដឹងនោះរួចហើយ។

លោកស្រីបកស្រាយថា ”ពួកគាត់យកម៉ោងរបស់សាលាទៅបង្រៀនគួរឯកជន ទារលុយ និងលក់ពិន្ទុ បង្រៀនគ្មានព្រាងទុក ហើយឈប់សម្រាកគ្មានសុំច្បាប់។ ដូច្នេះហើយត្រូវតែរឹតបន្តឹង។ ពួកគាត់ពុករលួយ ហើយសាលាខេត្ត និងមន្ទីរអប់រំបានធ្វើអធិការកិច្ចរួចហើយ ហើយបានរកឃើញថា ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយទេ”។

លោក ពៅ សំអាង ប្រធាននាយកដ្ឋានអធិការកិច្ចនៃក្រសួងអប់រំមានប្រសាសន៍ថាទទួលបានរបាយការណ៍ពីមន្ទីរអប់រំខេត្តហើយ ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញលទ្ធផលទេរហូតទាល់តែក្រសួងពិនិត្យរួចរាល់សិន។

ចំណែកឯលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យដែលបានចុះហត្ថលេខាលើលិខិតព្យួរតួនាទីរបស់នាយកសាលាមានរឿងអាស្រូវរូបនេះ បានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិនបញ្ហានេះ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស