ក្រោយពីចូលសវនាការនៅតុលាការជាង១០០លើកក្នុងរយៈពេល៣ឆ្នាំ លោក ក្រេក ហ្វ្រីយ៉េត ជាពាណិជ្ជករជនជាតិអង់គ្លេស និងសហការីបីនាក់របស់លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ទៅ៨ឆ្នាំកាលពីថ្ងៃពុធនេះនៅឯតុលាការក្រុងភ្នំពេញ។
លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោក មានសហការីខ្មែរអាមេរិកាំង លោក អ៊ុំ សំអាង និងលោក សឿន ដេន្នី និងជនជាតិខ្មែរឈ្មោះ អ៊ុក កែវរតនៈ ត្រូវបានរកឃើញថាមានពិរុទ្ធដោយចៅក្រម ជួន សុខរាសី ពីបទក្លែងបន្លំ និងបទល្មើសផ្សេងទៀតទាក់ទិននឹងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើចម្ការល្ហុងខ្វងនៅក្នុងខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍យោធាម្នាក់និងមេធាវីក៏កាត់ឲ្យជាប់ទោសកំបាំងមុខចំពោះការជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងដីធ្លីនៅចំណុចកណ្តាលនៃរឿងក្តីនេះដែរ។
លោក ហ្វ្រីយ៉េត បានទទួលការផ្តន្ទាទោស៨ឆ្នាំ និងពិន័យ១០លានរៀល ឬប្រហែល២៥០០ដុល្លារ លោក អាងត្រូវផ្តន្ទាទោស៧ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯលោក ដេន្នី និងលោក រតនៈត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ៥លានរៀល ឬប្រហែល១២៥០ដុល្លារ។
លោក ហ្វ្រីយ៉េត និងសហចុងចោទរបស់លោកជក់បារីស៊ីហ្កា ហើយផឹកកាហ្វេក្នុងបង្គន់នៅឯតុលាការមុននឹងស្តាប់សាលក្រម។ លោក ហ្វ្រីយ៉េត បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។
លោក ហាញ់ ចំរុង ឧត្តមសេនីយ៍យោធាដែលបានធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងដីធ្លីឲ្យក្រុមហ៊ុនត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ និងពិន័យ១០លានរៀល ចំណែកឯ ទី ពៅ មេធាវីដែលបានជួយរត់ការឯកសារដីធ្លីត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យ១០លានរៀល។
ចៅក្រម សុខរាសី បានចេញដីកាចាប់ខ្លួនលោក ចំរុង ប៉ុន្តែមិនចេញដីកាចាប់ខ្លួនលោក ពៅ ទេ ហើយគ្រាន់តែនិយាយថា សេចក្តីសម្រេចនេះធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់លោក។
ក្រុមហ៊ុនថាមពលបៃតងអន្តរជាតិ ជាក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េតដែលបានជួលបុគ្គលិកបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដែរ ទទួលរងការពិន័យ១០០លានរៀល ឬប្រហែល២៥.០០០ដុល្លារ។
ចុងចោទ៤នាក់ដែលជាប់ពន្ធនាគារត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១៣ពីបទចោទប្រកាន់ថាក្លែងបន្លំឯកសារ ដើម្បីទិញដីសម្រាប់ដាំល្ហុងខ្វងក្នុងខេត្តបន្ទាយមានជ័យ ដោយបោកកសិករ ហើយឈូសឆាយដីដោយខុសច្បាប់។
ពួកគេម្តងហើយម្តងទៀតបានបដិសេធបទចោទទាំងនោះក្នុងអំឡុងពេល៣០ខែនៃសវនាការ ហើយលោក ហ្វ្រីយ៉េត បានផ្តល់ទឡ្ហីករណ៍ថា ការផ្តន្ទាទោសគឺខុសច្បាប់ ដោយសារតែខ្លួនពឹងផ្អែកលើភ័ស្តុតាងដែលបានប្រមូលក្នុងពេលស៊ើបអង្កេតដែលដឹកនាំដោយ អាំង មាលតី អតីតប្រធានតុលាការខេត្តបន្ទាយមានជ័យ និងក្រុងភ្នំពេញ ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទគៃបំបាត់ដោយទុច្ចរិតនៅដើមឆ្នាំនេះ ដោយសារតែគាត់ប្រគល់រថយន្ត SUV ដែលរឹបអូសបានពីឈ្មួញគ្រឿងញៀនឲ្យទៅកូនប្រុសរបស់លោក៕