32 C
Phnom Penh

ការ​ស្លាប់​និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ ឯ​ការ​ពិន័យ​បាន​លើស​៥​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីបំផុត ក្នុងឆ្នាំដំបូងនៃច្បាប់ចរាចរណ៍ថ្មីរបស់ប្រទេសកម្ពុជា នគរបាលបានកត់ត្រាឃើញមានការថយចុះគ្រោះថ្នាក់និងការស្លាប់ជាង១០ភាគរយ និងបានរាយការណ៍អំពីការប្រមូលប្រាក់ពិន័យចរាចរណ៍បានជាង៥លានដុល្លារ។

តាមរបាយការណ៍ដែលចេញកាលពីថ្ងៃច័ន្ទ គ្រោះថ្នាក់ទាក់ទងនឹងចរាចរណ៍គិតត្រឹមសប្តាហ៍ទី២នៃខែនេះបានធ្លាក់ចុះជិត១២ភាគរយ ការស្លាប់ថយចុះប្រហែល១៤ភាគរយ ហើយការរបួសបានធ្លាក់ចុះ៩ភាគរយ ធៀបទៅនឹងរយៈពេល៥០សប្តាហ៍ដូចគ្នាកាលពីឆ្នាំមុន។

ការថយចុះនេះគឺដោយសារការពង្រឹងច្បាប់ចរាចរណ៍ ដែលត្រូវបានអនុវត្តចាប់ពីខែមករា និងបានធ្វើវិសោធនកម្មកាលពីថ្ងៃច័ន្ទ។

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា “រយៈពេលមួយឆ្នាំនៃការអនុវត្តច្បាប់នេះ វាមានប្រសិទ្ធភាពដែលប្រជាពលរដ្ឋបានគោរពច្បាប់នេះ ប៉ុន្តែយើងនៅតែបារម្ភខ្វល់ខ្វាយអំពីចំនួនស្លាប់។ យើងត្រូវតែពង្រឹងការអនុវត្តច្បាប់ដើម្បីបន្ថយចំនួនស្លាប់”។

cam-photo-cars-channa-HORIរបាយការណ៍បាននិយាយថា នគរបាលបានបញ្ចប់ការពិនិត្យតាមដងផ្លូវលើយានយន្តជាង៩លានគ្រឿងនៅឆ្នាំនេះ ក្នុងនោះមានម៉ូតូប្រហែល៥,៤លានគ្រឿង ភាគច្រើននៃយានយន្តទាំងនោះលើផ្លូវថ្នល់។

អ្នកបើកបរប្រហែល១,៤លាននាក់ត្រូវបានរកឃើញថាបានរំលោភច្បាប់ចរាចរណ៍។ ជិត៦០០.០០០នាក់ត្រូវបានអនុញ្ញាតឲ្យរួចខ្លួនដោយគ្រាន់តែព្រមាន និងប្រហែល៨១៣.០០០នាក់ ក្នុងនោះមានអ្នកបើកម៉ូតូប្រហែល៥៥៣.០០០នាក់ផង បានបង់ប្រាក់ពិន័យសរុបជាប្រាក់ជិត២០,៥ពាន់លានរៀល ឬប្រហែល៥,១លានដុល្លារ។ គ្មានតួលេខប្រៀបធៀបផ្តល់ឲ្យសម្រាប់ឆ្នាំមុនទេ។

របាយការណ៍និយាយថា អ្នកបើកបរច្រើនជាង៥៦.៦០០នាក់ត្រូវចាប់ពេលបើកលើសល្បឿនកំណត់ក្នុងឆ្នាំនេះ ហើយមនុស្សប្រហែល១៤.៨០០នាក់ត្រូវបានរកឃើញបើកបរក្រោមឥទ្ធិពលស្រា។ ក្នុងចំណោមអ្នកទាំងនោះ មាន៥៥៣នាក់ត្រូវបានបញ្ជូនទៅតុលាការ។

ឧត្តមសេនីយ៍ឯក រ័ត្នវាសនា បានមានប្រសាសន៍ថា ការបើកលឿន ការបើកវ៉ានិងការបើកបរទាំងស្រវឹង ជាមូលហេតុចម្បងនៃការស្លាប់តាមដងផ្លូវ។ ការអនុវត្តច្បាប់រឹងមាំបានជួយហើយ ប៉ុន្តែ “វាមិនទាន់គ្រប់គ្រាន់ទេដែលមានតែនគរបាលអនុវត្តច្បាប់នោះ។ យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍”។

លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍ថា អាជ្ញាធរគួរផ្តោតជាថ្មីលើការរំលោភពីរករណី គឺការបើកលើសល្បឿនកំណត់ និងការបើកបរទាំងស្រវឹង៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស