31 C
Phnom Penh

ក្មេង​​​​​​ដែល​​​រង​​​ទារុណកម្មផ្លូវ​​​ភេទ​​​មាន​​​អារម្មណ៍​​​ប្រសើរ​​​ឡើង​​​​​​សន្សឹមៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុកក្មេងប្រុសរងការធ្វើទារុណកម្មបាននិយាយថា ស្ថានភាពសតិអារម្មណ៍របស់ក្មេងប្រុសអាយុ២ឆ្នាំរូបនេះបានប្រសើរឡើងចាប់តាំងពីចាកចេញពីខេត្តមណ្ឌលគិរី កន្លែងដែលក្មេងប្រុសរូបនេះត្រូវបានគេធ្វើទារុណកម្មប៉ុន្មានថ្ងៃជាប់ៗគ្នា ប្រសិនបើមិនរងការធ្វើបាបបន្ថែមទៀត។ ប៉ុន្តែ ការប៉ះទង្គិចផ្លូវចិត្តនៅតែបន្តលេចមានឡើង។ 

ឪពុកក្មេងប្រុសរូបនេះបានលើកឡើងទៀតថា ក្មេងប្រុសរូបនេះងាយភ័យខ្លាច ពេលមានអ្នកមកលេង ហើយតែងតែខ្លាចមនុស្ស យំ និងស្រែករកម្តាយ។ក្នុងរយៈពេល៤ថ្ងៃកាលពីខែសីហា ង្វៀន ថាញ់ឌុង បានយកទូរស័ព្ទថតជាវីដេអូអំពីសកម្មភាពខ្លួនធ្វើទារុណកម្មលើក្មេងប្រុសរូបនេះប្រហែល៥០ឃ្លីប។

ពេលវីដេអូឃ្លីបមួយចំនួនបានបែកធ្លាយតាមអីុនធឺណិតដោយបង្ហាញឲ្យឃើញពីក្មេងប្រុសរូបនេះស្រែកពេលជននេះយកឧបករណ៍ឆក់ម្តងហើយម្តងទៀតនោះ វីដេអូនេះបានធ្វើឲ្យមានការផ្ទុះកំហឹងលើបុរសជនជាតិវៀតណាមអាយុ៣៤ឆ្នាំរូបនេះ និងមានការសំដែងក្តីអាណិតអាសូរចំពោះកុមារកម្ពុជារូបនេះ។

ដោយ ង្វៀន ថាញ់ឌុង និងមិត្តប្រុសជនជាតិហូឡង់របស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទមិនបានរាយការណ៍អំពីបទឧក្រិដ្ឋនេះ ឥឡូវមិនជាប់ពន្ធនាគារនោះគ្រួសាររបស់ក្មេងប្រុសរូបនេះបានចាកចេញពីចម្ការកាកាវ កន្លែងដែលការធ្វើទារុណកម្មកើតមានឡើង ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកក្នុងធ្វើឲ្យស្ថានភាពគ្រួសារប្រសើរឡើង ខណៈកំពុងតតាំាងនឹងការឈឺចាប់។

ឪពុកក្មេងប្រុសរូបនេះបាននិយាយថា “ចាប់តាំងពីយើងបានចាកចេញពីទីនោះមកទី នេះវាមានសតិអារម្មណ៍ប្រសើរឡើង”។អង្គការការពារកុមារ (CPU) ដែលចូលរួមនៅក្នុងការសើុបអង្កេតបឋម ហើយកំពុងបន្តមើលថែទាំគ្រួសារនេះនោះបានផ្តល់ដំបូន្មានដល់គ្រួសារនេះឲ្យតាមដានរោគសញ្ញាដែលអាចបង្ហាញឲ្យឃើញពីការប៉ះទង្គិចផ្លូវចិត្ត។

ឪពុកក្មេងប្រុសរូបនេះ និងប្រពន្ធត្រូវបានគេប្រាប់ឲ្យចំណាយពេលវេលាឲ្យបានច្រើននៅជាមួយកូនរបស់ខ្លួន ហើយថា “យើងមិនគួរស្រែកដាក់វាទេ ពីព្រោះវាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ក្មេងប្រុសរូបនេះ”។

គាត់បាននិយាយដោយសំដៅដល់បុគ្គលិកអង្គភាពការពារកុមារថា “ប្រសិនបើក្មេងប្រុសរូបនេះមានសតិអារម្មណ៍មិនប្រក្រតី ខ្ញុំអាចហៅទូរស័ព្ទទៅពួកគេបាន”។

ឪពុកក្មេងប្រុសរូបនេះ បានបន្ថែមថា មិនយូរប៉ុន្មានបន្ទាប់ពីវីដេអូឃ្លីបបានបែកធ្លាយក្មេងប្រុសរូបនេះត្រូវបានយកទៅពិនិត្យនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដោយមានលោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នករ៉ាប់រងលើការចំណាយ។ចាត់តាំងពីពេលនោះមកមន្ទីរពេទ្យនេះបានផ្តល់ការពិនិត្យតាមដានដោយឥតគិតថ្លៃ ប៉ុន្តែគ្រួសារនេះនៅមិនទាន់ទទួលយកការផ្តល់នេះនៅឡើយទេ។

ក្រៅពីភាពប្រសើរឡើងផ្នែកសតិអារម្មណ៍ ជីវភាពរស់នៅរបស់គ្រួសារនេះទទួលបានការឧបត្ថម្ភយ៉ាងច្រើនរហូតមកទល់នឹងពេលនេះ នេះបើយោងតាមការឲ្យដឹងពីឪពុកក្មេងប្រុសរូបនេះ។ការឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល និងឧកញ៉ាបានផ្លាស់ប្តូរជីវភាពគ្រួសារនេះចាប់តាំងពីឧប្បត្តិហេតុនេះកើតឡើងរួចមក។

ឪពុកក្មេងប្រុសរូបនេះបាននិយាយទាក់ទិននឹងជីវិតធ្វើការនៅចម្ការរបស់លោកStefan Struik មិត្តប្រុសរបស់ជនសង្ស័យថា “ពីមុនយើងតស៊ូខ្លាំងណាស់។ ឥឡូវយើងមានអាម្មរណ៍ថាមានសុវត្ថិភាព ហើយស្ថានភាពរស់នៅរបស់យើងក៏ខុសពីមុនដែរ”។

លោក ម៉ុង រិទ្ធី ឧកញ៉ារកស៊ីផ្នែកសំណង់ និងកសិកម្មបានផ្តល់ការងារឲ្យឪពុកក្មេងប្រុសរូបនេះនៅក្នុងចម្ការមួយក្នុងចំណោមចម្ការស្វាយរបស់លោកជាមួយនឹងកន្លែងស្នាក់នៅ និងអាហារបីពេលជារៀងរាល់ថ្ងៃសម្រាប់គ្រួសារដែលមានសមាជិក៥នាក់មួយនេះ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់បន្ថែមនូវប្រាក់ចំនួន ៥០០.០០០រៀល (ប្រហែល១២៥ដុល្លារ) និងអង្ករពីរបាវឲ្យមកគ្រួសារនេះក្នុងមួយខែៗរហូតដល់ឆ្នាំ២០១៧។

លោកស្រី Micaela Cronin នាយកប្រតិបត្តិអង្គការ Hagar International ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយក្មេងរងគ្រោះដោយសារការរំលោភបំពាន និងប៉ះទង្គិចផ្លូវចិត្តនោះ បានលើកឡើងថា ផលប៉ះពាល់នៃការរំលោភបំពានដែលក្មេងប្រុសអាយុ២ឆ្នាំរូបនេះបានទទួលរង អាចប៉ះពាល់ដល់ក្មេងប្រុសរូបនេះ និងគ្រួសារបន្តទៅមុខយូរទៀត។

លោកស្រីបានមានប្រសាសន៍ថា “ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដូចជានៅក្នុងស្ថានភាពនេះជាដើមអាចមានផលប៉ះពាល់យូរទៅមុខទៀតលើក្មេងប្រុសរូបនេះ និងគ្រួសារ។វាអាចងាយរងការភ័យខ្លាច និងមានការលំបាកនៅក្នុងការស្វែងយល់ពីផលប៉ះពាល់ និងផលវិបាកនៃការប៉ះទង្គិចផ្លូវចិត្តនេះ…វាមានសារៈសំខាន់ណាស់ក្នុងការធ្វើការជាមួយគ្រួសារនេះទាំងមូល ដើម្បីផ្តល់ការគាំទ្រ និងការអប់រំដល់បុគ្គលសំខាន់ៗដែលជាកុមារ និងជីវភាពរបស់ក្រុមគ្រួសារ ដូចជា គ្រូបង្រៀនជាដើម”។

លោក Jame McCabe ប្រធានអង្គភាពការពារកុមារបានលើកឡើងថា អង្គការ Hagar International បានណែនាំអង្គការមិនមែនរដ្ឋាភិបាលមួយឲ្យធ្វើការជាមួយឪពុកម្តាយរបស់ក្មេងប្រុសរូបនេះដើម្បីកំណត់រោគសញ្ញានៃការប៉ះទង្គិចផ្លូវចិត្ត ហើយស្វែងរកជំនួយពេលរោគសញ្ញានេះកើតមានឡើង។

លោកបានមានប្រសាសន៍ថា “វាទើបតែមានអាយុ២ឆ្នាំប៉ុណ្ណោះ។ វាងាយស៊ាំស្ថានភាពថ្មី”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស