27.5 C
Phnom Penh

តុលាការ​បិទ​ការ​ស៊ើប​​សួរ​​​​លើ​​ករណី​ធ្វើ​ឃាត​លោក កែម ឡី ​អ្នក​​វិភាគ​​នយោបាយឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបសួរលើករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពកាលពីខែកក្កដា បានបិទបញ្ចប់ហើយ ជាហេតុធ្វើឱ្យមិត្ត និងក្រុមគ្រួសាររបស់លោកមានកំហឹង ហើយសាធារណជននៅតែគ្មានចម្លើយទាក់ទិនអ្វីដែលមជ្ឈដ្ឋានជាច្រើនជឿថាជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។

ជនសង្ស័យជាឃាតករឈ្មោះ អឿត អាង ដែលជាអតីតទាហានត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីរត់គេចពីកន្លែងកើតហេតុ គឺហាងកាហ្វេស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង (កាល់តិចស្តុបបូកគោ) ក្នុងរាជធានីភ្នំពេញ ហើយអះអាងថា ខ្លួនសម្លាប់ជនរងគ្រោះដោយសាររឿងជំពាក់ប្រាក់៣.០០០ដុល្លារមិនព្រមសង។

ទោះជាយ៉ាងណា ក្រុមគ្រួសារ និងមិត្តភក្ដិនិយាយថា អឿត អាង និងលោក កែម ឡី មិនដែលជួបគ្នាទេពីមុនមក ហើយសូម្បីសមត្ថកិច្ចក៏និយាយដែរថា ខ្លួនមិនជឿរឿងនេះទេ ហើយយល់ថា ឃាតករនេះត្រូវគេជួលឱ្យធ្វើសកម្មភាព។ ទោះជាយ៉ាងណា នៅតែមានសំណួរចោទសួរថា តើនរណាជាអ្នកជួលជននេះ ហើយការស៊ើបអង្កេតសម្ងាត់របស់រដ្ឋាភិបាលលើសំណុំរឿងនេះកាន់តែធ្វើឱ្យមហាជនប៉ាន់ស្មានថា ខ្លួនកំពុងតែលាក់បាំងករណីបាញ់ប្រហារនេះដែលគេជឿថាខ្លួនជាអ្នកនៅពីក្រោយ។

cam-photo-eulogy-reutersលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍

កាលពីម្សិលមិញថា ចៅក្រមស៊ើបសួរ សេង លាង បានបិទបញ្ចប់ការស៊ើបសួររបស់លោកហើយកាលពីថ្ងៃសុក្រ ហើយកំពុងត្រៀមបញ្ជូនសំណុំរឿងនេះទៅការិយាល័យព្រះរាជអាជ្ញាដើម្បីធ្វើសេចក្ដីសន្និដ្ឋានស្ថាពរ មុនពេលបញ្ជូនទៅចៅក្រមជំនុំជម្រះ។

អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ដែលពេលនេះកំពុងរស់នៅក្នុងប្រទេសថៃ ជាមួយកូនប្រុសទាំងប្រាំនាក់របស់ខ្លួន ត្រូវបានជូនដំណឹងតាមរយៈលិខិតជូនព័ត៌មានខ្លីមួយអំពីសេចក្ដីសម្រេចនេះដែលត្រូវបានផ្សាយសុសសាយតាមអុីនធឺណិតកាលពីម្សិលមិញ។

លិខិតជូនព័ត៌មាននោះមានខ្លឹមសារដូច្នេះថា “ក្រោយពីបានស៊ើបសួរ ប្រមូលភ័ស្តុតាងដែលទាក់ទិនហើយ  សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទការស៊ើបសួរលើសំណុំរឿងនេះ”។

មន្ត្រីតុលាការជាច្រើនរូបបានបដិសេធមិននិយាយពីសេចក្ដីលម្អិតនៃការស៊ើបសួរនេះទេ ហើយលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌គ្រាន់តែលើកឡើងថា ការស៊ើបសួរត្រូវបានធ្វើឡើងត្រឹមត្រូវ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងធ្វើឃាត ប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់បានចេញមកតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីដង្ហែសពរៀបចំដោយគណៈកម្មការបុណ្យសពមួយដែលបង្កើតឡើងដោយមិត្ត និងសហការីរបស់លោក។

ក្រុមអ្នកគាំទ្របានបន្តធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួនលើករណីឃាតកម្មនេះ ដោយភាគច្រើនតាមរយៈការចែករំលែកព័ត៌មាន និងរូបភាពតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងដាក់គំនាបលើរដ្ឋាភិបាលឱ្យផ្ដល់ចម្លើយ និងព័ត៌មានដូចជាវីដេអូកាមេរ៉ាសុវត្ថិភាពនៃហេតុការណ៍ធ្វើឃាតដែលនគរបាលមិនព្រមបញ្ចេញជាដើម។

គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនគរបាលរកបានចម្លើយហើយ ឬនៅសម្រាប់សំណួរដែលនឹងលាតត្រដាងថា នរណាខ្លះសមគំនិតក្នុងករណីឃាតកម្មនេះដូចជា នរណាជាអ្នកឌុប អឿត អាង ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នៅរយៈពេលប៉ុន្មានថ្ងៃមុនពេលឃាតកម្មកើតឡើង ហើយជននេះស្នាក់នៅជាមួយនរណាខណៈនៅភ្នំពេញ ជននេះទទួលបានកាំភ្លើងតាមវិធីណា ហើយជននេះបាននិយាយជាមួយនរណាខ្លះប៉ុន្មានសប្ដាហ៍មុនពេលលោក កែម ឡី ត្រូវបានធ្វើឃាត។

មិត្តម្នាក់របស់ អឿត អាង បានប្រាប់អ្នកយកព័ត៌មានកាលពីខែកក្កដាថា អតីតទាហានម្នាក់នេះនិយាយថា ខ្លួននឹងទទួលបានការងារថ្មីក្នុងជួរកងទ័ព នៅពេលខ្លួនចាកចេញពីខេត្តសៀមរាប ប៉ុន្តែមន្ត្រីយោធានិយាយថា ជននេះគ្មានឈ្មោះក្នុងបញ្ជីប្រាក់ខែរបស់ខ្លួននោះទេ។ នៅពេលអ្នកយកព័ត៌មានចុះទៅដល់ស្រុកកំណើតរបស់ អឿត អាង កាលពីខែវិច្ឆិកា សាច់ញាតិ និងអ្នកជិតខាងនិយាយថា គ្មានសញ្ញាណាមួយដែលបង្ហាញថា នគរបាលរកបានចម្លើយនៅទីនោះឡើយ។

ប៉ុន្តែព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជិតស្និទ្ធនឹងលោក កែម ឡី បានមានសង្ឃដីកាកាលពីម្សិលមិញថា ព្រះអង្គ និងអ្នកផ្សេងទៀតដែលគាំទ្រអ្នកវិភាគនយោបាយទទួលរងការធ្វើឃាតរូបនេះ នឹងបញ្ជូនសារច្បាស់លាស់មួយតាមបណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនមិនអាចទទួលយកបានឡើយចំពោះការបិទបញ្ចប់ការស៊ើបសួរដោយគ្មានតម្លាភាព និងដោយគ្មានការជជែកដេញដោលជាសាធារណៈនេះ។

ប៉ុន្តែព្រះអង្គលើកឡើងថា “បើតុលាការមិនយុត្តិធម៌នៅក្នុងដំណើរការស្វែងរកយុត្តិធម៌ និងផ្ដល់យុត្តិធម៌ដល់ពួកយើងទេ យើងនឹងបន្តការងាររបស់យើងក្នុងនាមអ្នកគាំទ្ររបស់លោក កែម ឡី។យើងនឹងរៀបចំមនុស្ស ហើយព្យាយាមបង្ហាញសារមួយឱ្យពិភពលោកទាំងមូលបានដឹងឮ”។

ព្រះអង្គបានបន្តថា ក្រុមរបស់ព្រះអង្គទុកឱកាសឱ្យតុលាការឆ្លើយតបការទាមទាររបស់ខ្លួនដែលសុំឱ្យធ្វើការស៊ើបអង្កេតស៊ីជម្រៅជាងនេះ មុនពេលពិចារណាធ្វើការតវ៉ាជាសាធារណៈ។ ”បរិយាកាសនយោបាយមិនសូវល្អទេ ដូច្នេះយើងនឹងរកវិធីថា តើអាចប្រមូលផ្ដុំមនុស្សបាន ឬក៏អត់។ ពួកយើងត្រៀមលះបង់ជីវិតរបស់យើងដើម្បីលោក កែម ឡី”។

ចំណែកឯលោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសរបស់លោក កែម ឡី និយាយថា លោកលែងមានក្ដីសង្ឃឹមថាតុលាការនឹងស្វែងរកយុត្តិធម៌ឱ្យបងប្រុសរបស់លោក និងវែកមុខថា តើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដចំពោះការស្លាប់របស់លោក កែម ឡី ហើយ។

លោកគូសបញ្ជាក់ថា “ខ្ញុំពិតជាមិនជឿថា ឃាតកម្មនេះជាប់ពាក់ព័ន្ធមនុស្សតែម្នាក់ទេ ប្រាកដជាមានអ្នកនៅពីក្រោយបញ្ជាឃាតករនេះ”៕ សុខុម

(រាយការណ៍បន្ថែមដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស