34 C
Phnom Penh

ព្រះរាជអាជ្ញា​​​ស្នើ​​​ឲ្យសាធារណជន​​​នៅ​​​ស្ងៀម​​​ស្ងាត់​​​ ជុំ​​​វិញ​​​ការ​​​ដួល​​​​នៅលើ​ថ្នល់​របស់​​​មន្ត្រី​​​នៅ​​​​​​ប៉ោយ​​​ប៉ែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានលើកឡើងកាលពីម្សិលមិញថា សូមរក្សាភាពស្ងៀមស្ងាត់ និងកុំធ្វើការសន្និដ្ឋាន ជុំវិញការចាប់ខ្លួនលោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សប្រឆាំងប្រចាំមូលដ្ឋាន ដោយអះអាងថា ការរិះគន់តាមហ្វេសប៊ុកខ្វះខ្លឹមសារសំខាន់ៗអំពីករណីនេះ។

ព្រះរាជអាជ្ញាអមសាលាដំបូងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មានពីរទំព័រកាលពីម្សិលមិញថា “អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ សង្ឃឹមជឿជាក់ថា សាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់ រង់ចាំលទ្ធផលនៃចំណត់ការនីតិវិធីរបស់តុលាការបានបញ្ជប់ ចៀសវាងការធ្វើសេចក្តីសន្និដ្ឋានដោយមិនមានភ័ស្តុតាង និងព័តមានច្បាស់លាស់”។

ព្រះរាជអាជ្ញាបានអះអាងថា លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែតបានបង្ករបួសស្នាមធ្ងន់ធ្ងរដោយចេតនាលើលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយបែ៉តកាលពីថ្ងៃព្រហស្បតិ៍ ដោយសារបើករថយន្តបុកមន្ត្រីរូបនេះនៅច្រកទ្វារអន្តរជាតិ។

cam-photo-poipet_KHMER-AND-WEBខណៈការបញ្ចេញមតិ រូបភាព និងវីដេអូ ព្រមទាំងការចំអកមានហូរហែពាសពេញហ្វេសប៊ុក សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានព្យាយាមបង្ហាញឲ្យឃើញពីភាពសមហេតុផលនៃការចោទប្រកាន់ពីបទហិង្សាដោយចេតនាដែលគេបានប្តឹងលោក ម៉ង់ ពុទ្ធី កាលពីថ្ងៃសៅរ៍។ ឥឡូវ លោក ម៉ង់ ពុទ្ធី កំពុងស្ថិតនៅក្នុងពន្ធនាគារ។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ឧប្បត្តិហេតុនេះចាប់ផ្តើមកើតឡើង ពេលអ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ អឹុង ឃាន បានហៅទូរស័ព្ទទៅលោក ម៉ង់ ពុទ្ធី ដែលក៏ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាដែរនោះឲ្យមកជួយយកម៉ូតូរបស់ខ្លួនពីនគរបាលអន្តោប្រវេសន៍វិញ។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា លោក ម៉ង់ ពុទ្ធី ហៅ ឌិន បានបើករថយន្តម៉ាកលុចសីុស RX 300 សំដៅទៅកាន់ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ហើយព្យាយាម ចរចាសុំយកម៉ូតូត្រឡប់មកវិញ ប៉ុន្តែមិនបានសម្រេច។ ពេលលោក អឹុង ឃាន ដើរចូលទៅក្នុងរថយន្តលុចសីុសដោយសង្ឃឹមថាបានត្រឡប់ក្រោយវិញ ពេលនោះលោក ឈានពិសិដ្ឋ ក៏បានដើរមកមុខរថយន្តដើម្បីឃាត់ឲ្យឈប់។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “តែឈ្មោះ ឌិន ពុទ្ធី នៅតែព្យាយាមបើករថយន្តចេញទៅទៀត បណ្តាលឲ្យប៉ះទង្គិចនឹងជើងស្តាំរបស់ ឈាន ពិសិដ្ឋ ដួលបោកក្បាលទៅនឹងដីសន្លប់បាត់ស្មារតី”។

ព្រះរាជអាជ្ញាបានអះអាងថា ខ្លួន “បានពិនិត្យយ៉ាងហ្មត់ចត់ “លើវីដេអូឃ្លីប និងដំណើររឿងរបស់សាក្សី មុនពេលចោទប្រកាន់លោក ម៉ង់ ពុទ្ធី ។

ទោះជាយ៉ាងណា លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលនៅសមាគមសិទ្ធិមនុស្សប្រចាំខេត្តនេះ បានលើកឡើងថា អ្នកសើុបអង្កេតសម្ភាសតែមន្ត្រីរូបនេះប៉ុណ្ណោះ។

អ្នកសម្របសម្រួលរូបនេះបានមានប្រសាសន៍ថា “លើសពីនេះទៅទៀត ច្បាប់ចរាចរណ៍គួរតែអនុវត្តចំពោះករណីនេះដើម្បីដាក់ការចោទប្រកាន់លើអ្នកបើកបរ មិនមែនក្រមព្រហ្មទណ្ឌនោះទេ”៕

ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស