34 C
Phnom Penh

ទាហាន​ត្រូវ​​​​​ចោទ​ប្រកាន់​ពីបទចូលដៃជាមួយ​អ្នក​រត់​ពន្ធ​ឈើ​​​​នៅ​​​ខេត្ត​ព្រះ​វិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីមូលដ្ឋានបាននិយាយកាលពីថ្ងៃម្សិលមិញថា មានទាហានបួននាក់ដែលជាប់ចោទថាព្យាយាមជួយអ្នករត់ពន្ធឈើប្រណីត ដើម្បីដឹកឈើក្រញូងឆ្លងកាត់ខេត្តព្រះវិហារ ត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទនៅតុលាការខេត្ត។

លោក ស្រេង សុធា ព្រះរាជអាជ្ញារងបាននិយាយថា ទាហានត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឱ្យមានការកេងប្រវ័ញ្ចព្រៃឈើ ចំណែកឯអ្នករត់ពន្ធពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត។

លោក សុធា បាននិយាយថា “ទាហានបួននាក់បានប្រាប់តុលាការថា ពួកគេបានទទួលប្រាក់១០ដុល្លារពីអ្នកជួញដូរឈើម្នាក់ ដើម្បីបើកផ្លូវនិងចរចាជាមួយអាជ្ញាធរ ដើម្បីដឹកឈើប្រណីតចេញ។ឥឡូវនេះពួកគេនៅក្នុងពន្ធនាគារ”។

ព្រះរាជអាជ្ញារងរូបនេះបាននិយាយថា អ្នករត់ពន្ធពីរនាក់បានប្រាប់តុលាការថា ពួកគេបាននាំឈើចូលប្រទេសកម្ពុជាពីប្រទេសថៃ ដោយឆ្លងកាត់ច្រកព្រំដែនអានសេះ ហើយក៏ដឹកឈើនោះទៅឱ្យឈ្មួញក្នុងស្រុកម្នាក់ឈ្មោះ យាយ យ៉ាន ដែលមានគម្រោងដឹកឈើមួយចំនួនទៅកាន់ប្រទេសវៀតណាម។

លោក សុធា បាននិយាយថា “ខ្ញុំបានចេញដីកាឱ្យចៅក្រមស៊ើបអង្កេតប្រមូលព័ត៌មានអំពី យាយ យ៉ាន ហើយតុលាការនឹងចាប់ខ្លួនយាយ យ៉ាន បើគាត់ត្រូវរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ៦នាក់ដែលជាប់ពន្ធនាគារ។ លោកបាននិយាយបន្ថែមថា តុលាការមិនទាន់ដឹងពីសក្តិនិងអង្គភាពរបស់ទាហានទាំងនោះនៅឡើយទេ។

ក្រុមអ្នកអភិរក្សព្រៃឈើបានរាយការណ៍ថា ព្រៃឈើប្រណីតក្នុងប្រទេសកម្ពុជាស្ទើរតែហិនហោចអស់ដោយសារតែអ្នកកាប់ឈើខុសច្បាប់ដែលលក់ឈើទៅបរទេសបានក្នុងតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយមែត្រគូប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាមការកាប់ឈើខុសច្បាប់ ការដឹងជញ្ជួន និងការនាំចេញប្រភេទឈើក្នុងឆ្នាំ២០១៣។

លោក យុទ្ធ ពន្លឺ ចៅក្រមស៊ើបអង្កេតដែលកាន់សំណុំរឿងនេះបានបដិសេធមិននិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន។

លោក សៅ សុគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាននិយាយថា មន្រ្តីរបស់លោកបានឃាត់អ្នករត់ពន្ធឈើនៅកន្លែងត្រួតពិនិត្យកាលពីថ្ងៃសុក្រ ហើយបានរកឃើញឈើប្រណីត៨៣កំណាត់ក្នុងរថយន្តតូយ៉ូតាកាមរីរបស់អ្នករត់ពន្ធឈើ។

លោក សុគុណ បាននិយាយថា ពួកគេក៏បានរកឃើញអត្តសញ្ញាណប័ណ្ណទាហានបីនាក់ជាមួយអ្នករត់ពន្ធឈើដែរ ប៉ុន្តែលោកបដិសេធមិននិយាយថា ពួកគេនៅក្នុងអង្គភាពណាទេ មុននឹងបិទទូរស័ព្ទ។

បទចោទប្រកាន់អ្នកទាំងប្រាំមួយនាក់ដែលស្ថិតក្រោមច្បាប់រដ្ឋបាលព្រៃឈើត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និងត្រូវផាកពិន័យ១០០លានរៀល ឬប្រហែល២៥.០០០ដុល្លារ៕ មាំ វិបុល

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស