26 C
Phnom Penh

ការ​បង្ក្រាប​នៅ​បឹង​ទន្លេ​សាប បោសសម្អាត​ឧបករណ៍​នេសាទ​ខុស​ច្បាប់​និង​លែង​ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សាខុន បានបោសសម្អាតឧបករណ៍នេសាទខុសច្បាប់ជាលើកដំបូងនៅផ្នែកខាងត្បូងបឹងទន្លេសាបកាលពីថ្ងៃពុធ ក្នុងយុទ្ធនាការបង្ក្រាបការនេសាទខុសច្បាប់ ដោយបានបំផ្លាញឧបករណ៍ដែលពន្លិចក្នុងទឹក និងលែងត្រីរាប់រយគីឡូក្រាមចូលទឹកបឹងវិញ។

លោក សាខុន ដែលបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រលើតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍មុន បានមានប្រសាសន៍ថា “យើងបានមកខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងថ្ងៃនេះ ដើម្បីពិនិត្យមើលការនេសាទខុសច្បាប់ ពីព្រោះយើងបានសន្និដ្ឋានថា បទល្មើសនេសាទបានកើតឡើងក្នុងតំបន់ទាំងនោះច្រើនជាងនៅបណ្តាខេត្តផ្សេងទៀត”។

ខណៈដែលប្រតិបត្តិការនៅថ្ងៃពុធបានបោសសម្អាតឧបករណ៍នេសាទខុសច្បាប់ និងលែងត្រីពីទីតាំង៦កន្លែងផ្សេងគ្នានៅជិតបឹងនោះ លោកបានមានប្រសាសន៍ថា មានការងារច្រើនទៀតត្រូវធ្វើ។

លោកបានមានប្រសាសន៍ថា “យើងបានសន្និដ្ឋានថា មានឧបករណ៍ខុសច្បាប់ច្រើននៅក្នុងបឹងនៅឡើយ។ យើងនឹងបញ្ជូនក្រុមពិសេសមួយពីភ្នំពេញទៅខេត្តពោធិ៍សាត់និងកំពង់ឆ្នាំងនាសប្តាហ៍ក្រោយ ដើម្បីបង្ក្រាបការនេសាទខុសច្បាប់នៅទន្លេសាប”។

លោកបាននិយាយបន្ថែមថា ជនល្មើសយល់ដឹងជាងមុន។ វាពិបាកស្វែងរកឧបករណ៍នេសាទខុសច្បាប់ ពីព្រោះជនល្មើសបានពន្លិចបង្គោលឈើរបស់ពួកគេក្នុងទឹកជ្រៅ។ ពីមុន ពួកគេបានដាក់បង្គោលនៅផ្នែកទឹករាក់ៗនៃបឹងនេះ”។

លោកបាននិយាយថា មួយវិញទៀត “វាពិបាកស្វែងរកជនល្មើស ពីព្រោះពួកគេបានដាក់ឧបករណ៍នេសាទរបស់ពួកគេក្នុងបឹង ហើយទៅផ្ទះ”។

លោក អុឹង ទ្រី នាយរងរដ្ឋបាលជលផល បានមានប្រសាសន៍ថា ច្បាប់គ្រប់គ្រងការនេសាទនៅបឹងទន្លេសាប ដែលនេសាទច្រើនដោយអ្នកស្រុកក្រីក្រ គឺស្មុគស្មាញណាស់។

លោកបានមានប្រសាសន៍ថា “មានតំបន់អភិរក្សជាច្រើន។ ប្រសិនបើអ្នកនេសាទក្នុងតំបន់អភិរក្ស គឺខុសច្បាប់ហើយ”។

លោក អឹុង ទ្រី បាននិយាយថា ឧបករណ៍នេសាទស្របច្បាប់នៅក្រៅតំបន់អភិរក្ស មានកំណត់នៅក្នុងសេចក្តីប្រកាសមួយថ្មីៗនេះ។ ការនេសាទដោយប្រភេទសំណាញ់ធំនិងការចាប់ត្រីមួយចំនួន ហើយនិងការឆក់ចាប់ត្រី សុទ្ធតែខុសច្បាប់។

លោក សាខុន បានសន្យាថានឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្ររាល់ខែ ដើម្បីត្រួតពិនិត្យការនេសាទខុសច្បាប់នៅលើផ្ទៃបឹង។ (រាយការណ៍បន្ថែមដោយ Aisha Down)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស