26 C
Phnom Penh

ឪុពុក​​​ចុង​ត្រូវ​​​​​តាម​​​ចាប់​​​ខ្លួន​​​ដោយ​​​សង្ស័យថា​សម្លាប់​កូនក្មេង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមមន្រ្តី នគរបាលក្រុងភ្នំពេញកំពុងស្វែងរកបុរសម្នាក់ដែលសង្ស័យថាសម្លាប់កូនចុងរបស់ខ្លួនអាយុ៦ខែ ក្នុងពេលដែលម្តាយរបស់ក្មេងស្រីត្រូវជាប់ឃុំខ្លួន បន្ទាប់ពីធ្វើតេស្តឃើញមានជាតិញៀនមេតំហ្វេតាមីន។

របាយការណ៍នគរបាលនិយាយថា អ្នកស្រី ចាន់ រតនា វ័យ២៧ឆ្នាំដែលមានកូនស្រី ឈ្មោះ ចក្រី ពិសិដ្ឋចេស្តា បានទុកកូនឱ្យប្តីមើលនៅផ្ទះក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ  ពេលទៅធ្វើអត្តសញ្ញាណប័ណ្ណនៅជិតសង្កាត់ច្រាំងចំរេះកាលពីរសៀលថ្ងៃអង្គារ។

របាយការណ៍និយាយថា ពេលមកដល់ផ្ទះ អ្នកស្រីបានហៅប្តីដែលបានប្រាប់អ្នកស្រីថា “កូនរបស់អូនស្លាប់ហើយ”។ សេចក្តីរាយការណ៍បាននិយាយថា ជនសង្ស័យបានបីកូនរបស់អ្នកស្រី ពេលដែលអ្នកស្រីមកដល់ផ្ទះវិញ។

របាយការណ៍បាននិយាយថា ម្តាយបានយកកូនទៅមន្ទីរពេទ្យកាល់ម៉ែត ហើយវេជ្ជបណ្ឌិតបានប្រាប់ថា ក្មេងនេះត្រូវបានគេសម្លាប់ “ដោយខ្ទប់ច្រមុះ”។

លោក ហ៊ុយ ហ៊ាន នាយនគរបាលប៉ុស្តិ៍ទួលសង្កែបាននិយាយថា អ្នកស្រី រតនា បានរាយការណ៍ថា កូនស្រីបានស្លាប់នៅម៉ោងប្រហែល៥:៣០នាទីល្ងាច ហើយក្រោយមកនគរបាលបានកំណត់ករណីនេះថាជាអំពើឃាតកម្ម។

លោក ហ៊ាន បាននិយាយថា អ្នកស្រី រតនា ត្រូវបានចាប់ខ្លួន ហើយសាកសួរនៅនគរបាលប៉ុស្តិ៍នៅថ្ងៃនោះ ក្នុងពេលដែលនគរបាលចង់ដឹងថា តើអ្នកស្រីមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កូនស្រីឬយ៉ាងណា។

នាយបុស្តិ៍រូបនេះបាននិយាយថា នៅពេលដែលអ្នកស្រី រតនា បានរួចផុតពីការជាប់ពាក់ព័ន្ធនឹងឃាតកម្ម ទឹកមូត្ររបស់អ្នកស្រីបានចេញលទ្ធផលវិជ្ជមានថាមានជាតិថ្នាំញៀន ហើយអ្នកស្រីត្រូវបានបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌ។ អ្នកស្រីត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីសាកសួរបន្ថែម។

ទន្ទឹមគ្នានេះ នគរបាលកំពុងស្វែងរកប្តីរបស់អ្នកស្រីយ៉ាងសកម្ម ដែលលោក ហ៊ាន បានបដិសេធមិនប្រាប់ឈ្មោះ ដោយលើកឡើងថាមានការស៊ើបអង្កេតបន្តទៀត។

ការបង្ហោះតាមទំព័រហ្វេសប៊ុករបស់អង្គភាពការពារកុមារ ជាអង្គការមនុស្សធម៌ដែលធ្វើការក្នុងករណីនេះបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យថាឈ្មោះ កឺ ហំសាស់ អាយុ២៩ឆ្នាំ។ ក្នុងទំព័រហ្វេសប៊ុកបាននិយាយថា លោក កឺ ហំសាស់ បានទូរស័ព្ទទៅប្រពន្ធគាត់”ដោយប្រាប់ប្រពន្ធថាកូនស្រីរបស់អូនឈឺ ហើយឲ្យឆាប់មកផ្ទះវិញទៅ”។

ហ្វេសប៊ុកបាននិយាយថា “កោសល្យវិច័យបានកំណត់មូលហេតុនៃការស្លាប់ថាគួរឲ្យសង្ស័យដោយកត់សម្គាល់ឃើញស្នាមរបួសច្រើនកន្លែងលើខ្លួនកុមារ”៕ មាំ វិបុល

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស