លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឆ្លើយមិនច្បាស់លាស់ និងមិនចំចំណុចជាញឹកញាប់ចំពោះសំណួរដែលតំណាងរាស្ត្រគណបក្សប្រឆាំងចោទសួរនៅក្នុងសម័យប្រជុំពិសេសមួយនៅរដ្ឋសភាកាលពីម្សិលមិញ ធ្វើឱ្យគណបក្សសង្គ្រោះជាតិមិនពេញចិត្តចំពោះការព្យាយាមជាលើកដំបូងរបស់ខ្លួននៅក្នុងការសួរនំារដ្ឋមន្ត្រីក្នុងសម័យប្រជុំសភាចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣មក។
ចាប់តាំងពីបញ្ចប់ការធ្វើពហិការមិនចូលសភានៅឆ្នាំ២០១៤ទាក់ទិនលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសមក គណបក្សសង្គ្រោះជាតិបាននិយាយថា សិទ្ធិអំណាចរបស់ខ្លួននៅក្នុងការកោះហៅរដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាចឲ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភា នឹងជួយនាំមកនូវតម្លាភាព និងគណនេយ្យភាពមួយកម្រិតទៀតដល់កិច្ចការរបស់រដ្ឋាភិបាលដែលជាញឹកញាប់មានភាពស្មុគស្មាញពិបាកយល់។

ប៉ុន្តែស្ថានភាពកាលពីម្សិលមិញ បានធ្វើឱ្យគណបក្សប្រឆាំងបានត្រឹមតែចោទសួរសំណួរជាច្រើន។ គណបក្សសង្គ្រោះជាតិបានកោះហៅលោក ម៉ម ប៊ុនហេង ឱ្យឆ្លើយបំភ្លឺទាក់ទិនក្ដីបារម្ភមួយចំនួនរួមមានសំណូកដែលអតីតប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានទទួលជាថ្នូរនឹងការប្រគល់កិច្ចសន្យាមុងដែលមានទំហំទឹកប្រាក់រាប់លានដុល្លារ ការដោះដូរដីធ្លីដោយគ្មានតម្លាភាពរវាងក្រសួង និងក្រុមហ៊ុនឯកជន និងតម្លៃឱសថ។
នៅពេលស្នើសុំឱ្យឆ្លើយបំភ្លឺទាក់ទិនសំណូកដែលលោក ឌួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានទទួលដើម្បីប្រគល់កិច្ចសន្យាជាមួយនឹងមូលនិធិហិរញ្ញប្បទានឥតសំណងដែលត្រូវបានលាតត្រដាងក្នុងរបាយការណ៍ឆ្នាំ២០១៣របស់មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លើយថាលោកគោរពតាមសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកលើកឡើងថា “ការទិញមុងដោយប្រើប្រាស់ថវិការបស់មូលនិធិសកលគឺយូរហើយ ហើយបញ្ហានេះមិនមែនជាការងាររបស់ក្រសួងសុខាភិបាលដែលត្រូវដោះស្រាយទេ”។
ទោះបីជាមានភ័ស្តុតាងដាក់បន្ទុកប្រឆាំងលោក ឌួង សុជាតិ នៅក្នុងរបាយការណ៍របស់មូលនិធិសកល រួមមានទាំងសារអេឡិចត្រូនិកដែលលោកបានបញ្ជូនដើម្បីបង្វែរទឹកប្រាក់ទូទាត់ក្រៅផ្លូវការទៅកាន់គណនេយ្យគួរឱ្យសង្ស័យមួយចំនួនក្ដី ក៏អង្គភាពប្រឆាំងអំពើពុករលួយបានប្រើប្រាស់ទឡ្ហីករណ៍ផ្សេងៗដើម្បីអះអាងថាមិនអាចចោទប្រកាន់លោកបាន។
ទាក់ទិនក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិចំពោះការដោះដូរដីគួរឱ្យសង្ស័យដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចំណេញកប់ក្ដោងដោយសារទទួលបានដីត្រូវប៉ាន់ក្នុងតម្លៃថោកៗ លោក ម៉ម ប៊ុនហេង គ្រាន់តែឆ្លើយថា ក្រសួងបានធ្វើ “ត្រឹមត្រូវតាមនីតិវិធីរបស់រដ្ឋ” និងបានធ្វើការប្រកាសជាសាធារណៈរាល់ការចាំបាច់។
ដោយមានការមិនពេញចិត្ត លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងបានសួរថា ហេតុអ្វីបានជាក្រសួងលក់អតីតទីតាំងមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៅក្នុងរាជធានីភ្នំពេញតម្លៃ១.៥០០ដុល្លារក្នុងមួយម៉ែត្រក្រឡា នៅពេលតម្លៃសមតែទទួលបានទ្វេដង។ លោករដ្ឋមន្ត្រីបានឆ្លើយថា “យើងបានគោរព និងអនុវត្តតាមនីតិវិធីរបស់រដ្ឋ”។
លោក អេង ឆៃអ៊ាង ក៏បានសួរដែរថា ហេតុអ្វីបានជាក្រុមហ៊ុនឯកជនខ្លះលក់ថ្នាំពេទ្យមួយចំនួនឱ្យរដ្ឋាភិបាលក្នុងតម្លៃខ្ពស់ជាងតម្លៃទូទៅដល់ទៅជាងបីដង ដោយលើកឧទាហរណ៍ផ្អែកលើវិក្កយបត្រមួយដែលលោកទទួលបានដើម្បីមកសំអាង។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សប្រឆាំងមើលស្រាលស្ថានការណ៍ពេកហើយ។ លោកបានបន្តថា “យើងមិនអាចប្រើថ្នាំតែមួយប្រភេទមកប្រៀបធៀបបានទេ។ ដោយសារតែវាជាការដេញថ្លៃជាកញ្ចប់ [ដែលមានថ្នាំពេទ្យជាច្រើន] ដូច្នេះយើងអាចធានាការផ្គត់ផ្គង់ថ្នាំពេទ្យប្រកបដោយនិរន្តរភាព”។
ពេលទាក់ទងបន្ទាប់ពីសម័យប្រជុំនេះ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា ការឆ្លើយតបរបស់រដ្ឋមន្ត្រីបានធ្វើឱ្យគណបក្សប្រឆាំងមិនអស់ចិត្ត ហើយថា គណបក្សប្រឆាំងនឹងពិភាក្សាថាតើនៅពេលបន្ទាប់នឹងចាត់វិធានការអ្វីទៀត។ លោកថ្លែងថា “យើងមិនពេញចិត្តចម្លើយរបស់គាត់ទេ ព្រោះចម្លើយរបស់គាត់ពិតជាមិនស៊ីគ្នាទៅនឹងសំណួរ”។
ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើននៅរដ្ឋសភា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅរដ្ឋសភា សុទ្ធតែមិនបានចូលរួមសម័យប្រជុំនេះ៕ សុខុម