28 C
Phnom Penh

តុលាការ​កំពូល​តម្កល់​ទោស​​របស់​និស្ស​ិតដែលអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់ទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់និស្សិតសាកលវិទ្យាល័យម្នាក់ ដែលអំពាវនាវឲ្យធ្វើ “បដិវត្តន៍ពណ៌” នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកកាលពីឆ្នាំមុន។

គង់ រ៉ាយ៉ា ដែលជាចុងចោទអាយុ២៥ឆ្នាំបានលើកឡើងថា “ការមិនដោះលែងខ្ញុំដែល នៅសល់កម្រិតទោសមិនដល់២ខែទៀតនោះ ខ្ញុំគ្មានអ្វីគួរឲ្យសោកស្តាយទេ។ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ និងឈឺចាប់បំផុតនោះ កេរ្តិ៍ឈ្មោះដ៏អាសោច ដែលកំពុងតែស្អុយរលួយ របស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា”។cam-photo-raya-channa

ចៅក្រម សាលី ធារ៉ា បានលើកឡើងថា ចៅក្រមមិនផ្លាស់ប្តូរជំហរតាមមេធាវីរបស់គង់ រ៉ាយ៉ា ដែលជំទាស់ថា អតីតនិស្សិតសាកល វិទ្យាល័យខេមរៈរូបនេះគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួននោះឡើយ។

យុវជន គង់ រ៉ាយ៉ា ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រំខានដល់សន្តិសុខសង្គម បន្ទាប់ពីហៅព្រះមហាក្សត្រថា “ល្ងីល្ងើ” និងសួរតាមហ្វេសប៊ុកថា តើមាននរណា “ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?”។ សាលាដំបូងរាជធានីបានសម្រេចផ្តន្ទាទោសអតីតនិស្សិតរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពី ខែមីនា។

ថ្លែងនៅខាងក្រៅបន្ទប់សវនាការកាលពីម្សិលមិញ លោក សំ សុគង់ មេធាវីរបស់យុវ ជន គង់ រ៉ាយ៉ា បានចាត់ទុកសេចក្តីសម្រេច របស់តុលាការកំពូលថា “មិនអាចទទួលយកបាន”។

លោកបានមានប្រសាសន៍ថា “យើងនឹងពិចារណាស្នើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រោះគាត់នៅក្មេងហេតុដូច្នេះយើងមិនចង់ឲ្យគាត់មានប្រវត្តិបទឧក្រិដ្ឋមិនល្អនោះឡើយ។ ប្រសិនបើមានករណីផ្សេងទៀតដូចនេះពាក់ព័ន្ធនឹងយុវជន ឬអនីតិជនសូមកុំធ្វើដាក់ពួកគេដូចនេះ ព្រោះ…ពួកគេគឺជាអ្នកស្នងយើង”។

គង់ ដាលីន បងស្រីរបស់យុវជន គង់ រ៉ាយ៉ា ក៏បាននិយាយជំទាស់នឹងសាលដីកានេះដែរ។

គាត់បាននិយាយថា “ប្អូនប្រុសរបស់ខ្ញុំគឺជានិស្សិតច្បាប់ ហេតុដូច្នេះគាត់គួរតែមានសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន។ គាត់ គឺជាមនុស្សល្អ ហើយមិនដែលប្រព្រឹត្តបទល្មើសណាមួយទេពីមុនមក”។

អង្គការសិទ្ធិមនុស្សលីកាដូបានកត់ត្រាយុវជន គង់ រ៉ាយ៉ា ចូលក្នុងបញ្ជីជាអ្នកទោសនយោបាយនៅលើគេហទំព័ររបស់ខ្លួន ហើយបានលើកឡើងថា សំណុំរឿងរបស់អតីតនិស្សិតរូបនេះ “បង្ហាញឲ្យឃើញពីការវិវឌ្ឍថ្មីបំផុតនៃនិន្នាការរបស់់អាជ្ញាធរនៅក្នុងការចាត់វិធានការប្រឆាំងការបញ្ចេញមតិតាមអីុនធឺណិត”។

ទង្វើបែបនេះរបស់រដ្ឋាភិបាលបានធ្វើឲ្យប៉ះពាល់ដល់សក្តានុពលលទ្ធិប្រជាធិបតេយ្យតាមហ្វេសប៊ុកដែលការសិក្សាក្្នុងពេលថ្មីៗនេះ បានវ៉ាដាច់ទូរទស្សន៍ដោយសារជាប្រភពព័ត៌មានដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា នេះបើយោងតាមអ្នកសរសេរគេហទំព័រ និងសាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈមួយរូបឈ្មោះ កែវ គូនីឡា ។

អ្នកសរសេរគេហទំព័ររូបនេះបានសរសេរ នៅក្នុងអីុម៉េលមួយថា “បណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុកជាដើមបានជួយពង្រីកការបញ្ចេញមតិយោបល់ដោយសេរីនៅកម្ពុជាដោយវាបានជួយឲ្យ[ប្រជាពលរដ្ឋ] មើល និងចូលរួមបញ្ចេញយោបល់ពាក់ព័ន្ធនយោបាយតាមអីុនធឺណិត”។ លោកស្រីបានសរសេរបន្ថែមថា “សំណុំរឿងតុលាការប្រឆាំងអ្នកលេងហ្វេសប៊ុកប្រហែលជាការធ្វើដាក់ប្រជាពលរដ្ឋមួយចំនួនក្នុងផ្លូវមិនត្រឹមត្រូវ… អ្នកលេងហ្វេសប៊ុកត្រូវតែគិតឲ្យបានពីរឬបីដងពេលចង់ចូលរួមក្នុងការពិភាក្សាបញ្ហាសង្គម និងនយោបាយតាមអីុនធឺណិត ខ្លាចក្រែងមានរឿងរ៉ាវជាមួយតុលាការ”៕ ស៊ុយឈាង

(រាយការណ៍បន្ថែមដោយ Ben Paviour)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស