27.5 C
Phnom Penh

រដ្ឋាភិបាល​​​ស្នើ​​ឱ្យ​​​សាង​​​សង់​​​​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន​​​ថ្មី​​​ៗ​​​​​​បន្ថែម​​​ទៀត​​​នៅទូទាំង​​​ប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈរដ្ឋាភិបាលត្រៀមអនុវត្តយុទ្ធនាការ ថ្មីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងឆ្នាំថ្មីនោះ ក្រុមមន្ត្រីបានប្រកាសអំពីសំណើមួយចំនួននៅសប្តាហ៍នេះសុំសាងសង់មណ្ឌលបន្សាបគ្រឿងញៀនថ្មីបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងផ្តល់ការបន្សាបគ្រឿងញៀន និងសេវាសង្គមឱ្យកាន់តែប្រសើរឡើងក្នុងការព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀន។

លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ផែនការថ្មីនេះនឹងផ្តោតលើអ្នកប្រើប្រាស់គ្រឿងញៀនជិត១០.០០០នាក់នៅទូទាំងប្រទេស ដែលបច្ចុប្បន្ននេះស្ថិតក្នុងមណ្ឌលបន្សាបគ្រឿងញៀន ហើយត្រូវការជំនួយ។

លោក មាស វីរិទ្ធ បានថ្លែងថា គោលបំណងគឺ “ដើម្បីប្រមូលពួកគេ ឬលើកទឹកចិត្តពួកគេ និងស្នើឱ្យក្រុមគ្រួសាររបស់ពួកគេគាំទ្រពួកគេដើម្បីឱ្យមកទទួលសេវា និងការបន្សាបគ្រឿងញៀននៅក្នុងសហគមន៍”។

លោកបានមានប្រសាសន៍ថា “អ្នកប្រើប្រាស់គ្រឿងញៀនមិនត្រូវដាក់ក្នុងពន្ធនាគារ ទេ ប៉ុន្តែ បើយើងបណ្តោយឱ្យពួកគេនៅខាងក្រៅ [មណ្ឌលបន្សាបគ្រឿងញៀន] ពួកគេនឹងជាទីផ្សារសម្រាប់អ្នកចែកចាយគ្រឿងញៀន”។

លោក មាស វីរិទ្ធ បានមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់កំណត់បានថា តើមានមណ្ឌលបន្សាបគ្រឿងញៀនប៉ុន្មាន ឬត្រូវសាងសង់នៅកន្លែងណានោះឡើយ។ នៅពេលសួរថា តើយុទ្ធសាស្ត្រថ្មីរបស់កម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននឹងរួមមានការបន្សាបគ្រឿងញៀនដោយស្ម័គ្រចិត្ត ឬដោយការចាប់បង្ខំ ដែលក្នុងនោះការចាប់បង្ខំគឺជាបទដ្ឋានបច្ចុប្បន្នរបស់រដ្ឋាភិបាលនោះ លោក មាស វីរិទ្ធ បានថ្លែងថា អ្នកប្រើប្រាស់ថ្នាំញៀន “មានជម្រើសច្រើន”។

លោកបានថ្លែងថា ក្នុងករណីមួយចំនួន “ក្រុមគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀននាំពួកគេមកតែម្តង។ មួយចំនួនទៀតត្រូវបានតុលាការបញ្ជូនមក នៅពេលពួកគេប្រើប្រាស់គ្រឿងញៀន ហើយមន្ត្រីអនុវត្តន៍ច្បាប់ចាប់ខ្លួនបាន”។

លោកបានមានប្រសាសន៍ថា “យើងមិនដែលដាក់ទោសទណ្ឌអ្នកប្រើប្រាស់គ្រឿងញៀនទេ។ យើងចាត់ទុកថា អ្នកប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ”។

យោងតាមសារបង្ហោះក្នុងគេហទំព័ររបស់នគរបាលជាតិមានខ្លឹមសារថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានមណ្ឌលបន្សាបគ្រឿងញៀនរបស់រដ្ឋ៧កន្លែង និងឯកជន៣ន្លែង។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ជាអង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រកម្មវិធីបន្សាបគ្រឿងញៀននិងទប់ស្កាត់មេរោគអេដស៍ បានមានប្រសាសន៍ថា យុទ្ធនាការថ្មីនេះគឺជាឱកាសមួយសម្រាប់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេវាបន្សាបគ្រឿងញៀនរបស់រដ្ឋកាន់តែប្រសើរឡើងដើម្បីឱ្យមណ្ឌលទាំងនេះកាន់តែមានប្រសិទ្ធភាព និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិដែលសំដៅកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន។

លោក ជួប សុខចំរើន បានមានប្រសាសន៍ថា “យើងសង្ឃឹមទុកជាមុនថា ប្រសិនបើផែនការនេះចូលជាធរមាន វានឹងជាឱកាសល្អក្នុងការមើលឃើញពីការបន្សាបគ្រឿងញៀន ដែលមានគុណភាព និងប្រសិទ្ធភាពបើវាក្លាយជាការពិតមែននោះ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស