ក្រឡាបញ្ជីតុលាការកំពូលម្នាក់ដែលជាប់ចោទពីបទទទួលសំណូក ជាថ្នូរនឹងការប្រើឥទ្ធិពលលើសេចក្ដីសម្រេចរបស់ចៅក្រមកាលពីខែឧសភា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យជាប់ពិរុទ្ធភាពពីបទពុករលួយ និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីម្សិលមិញ។
លោក វ៉ាត វិសិដ្ឋ អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួននៅខាងក្រៅវត្តបទុម ក្នុងរាជធានីភ្នំពេញកាលពីខែសីហា ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយដែលរង់ចាំឃ្លាំមើល ខណៈគាត់ទទួលសំណូកជាប្រាក់៣.០០០ដុល្លារពីឈ្មោះ ស៊ឹម មាស ជាដើមបណ្ដឹងក្នុងសំណុំរឿងមួយដែលត្រូវជំនុំជម្រះនៅតុលាការកំពូលនៅពេលនោះ។
លោក វ៉ាត វិសិដ្ឋ បានសារភាពទទួលស្គាល់បទចោទប្រកាន់រំលោភអំណាច និងវីតិក្រម (កិបកេងមូលនិធិសាធារណៈ) អំឡុងសវនាការពេលព្រឹកនៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានសម្រេចឱ្យជាប់ពិរុទ្ធភាពនៅក្នុងថ្ងៃដដែលដោយចៅក្រម ថាន់ ឡេង ដែលបានផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
ចៅក្រម ថាន់ ឡេង មានប្រសាសន៍ថា “សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសចុងចោទ វ៉ាត វិសិដ្ឋ អាយុ៣០ឆ្នាំឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែគាត់នឹងអនុវត្តទោសតែ៥ខែប៉ុណ្ណោះ ហើយទោសផ្សេងទៀតត្រូវព្យួរ”។
ស្ថិតក្រោមការសាកសួរដោយលោក ថាន់ ឡេង និងព្រះរាជអាជ្ញា ងិន ពេជ្រ លោក វ៉ាត វិសិដ្ឋ បានឆ្លើយថា លោក ស៊ឹម មាស ដើមបណ្ដឹងនៅក្នុងសំណុំរឿងប្ដឹងនិយោជករបស់ខ្លួនបានសុំឱ្យគាត់ជួយ និងបានឱ្យប្រាក់គាត់៦.០០០ដុល្លារ ដើម្បីសុំឱ្យចៅក្រមកាត់សេចក្ដីឱ្យគាត់ឈ្នះ។
លោក វ៉ាត វិសិដ្ឋ និយាយថា ទោះបីជាគាត់ទទួលយកប្រាក់សំណូកនោះក្ដី ក៏គាត់មិនបានទៅពឹងពាក់ចៅក្រមតាមការសន្យាឡើយទេ ហើយបានប្រើប្រាស់លុយនោះដើម្បីចេញថ្លៃព្យាបាលជំងឺមហារីកសុដនរបស់ប្រពន្ធគាត់។
គាត់និយាយទៀតថា “ខ្ញុំពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ លោក ស៊ឹម មាស បានចាប់ដៃចាប់ជើងខ្ញុំ ហើយអង្វរឱ្យខ្ញុំជួយ”។
ទោះជាយ៉ាងណា លោក ស៊ឹម មាស បានផ្ដល់សក្ខីកម្មថា លោក វ៉ាត វិសិដ្ឋ ជាអ្នកស្នើឱ្យលោកសូកប៉ាន់។ “គាត់និយាយថា ‘បើលោកមិនបង់លុយទេ តុលាការនឹងឱ្យភាគីម្ខាងទៀតឈ្នះ ហើយគេនឹងបញ្ជូនលោកទៅពន្ធនាគារ ទោះបីជាលោកឈ្នះក្ដីនៅសាលាឧទ្ធរណ៍ក៏ដោយ”។
នៅក្នុងសេចក្ដីសន្និដ្ឋានបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ខ្លួន ព្រះរាជអាជ្ញា ងិន ពេជ្រ បានស្នើសុំឱ្យតុលាការពិចារណាលើស្ថានភាពប្រពន្ធរបស់លោក វ៉ាត វិសិដ្ឋ ដែលទើបតែគេចផុតពីជំងឺមហារីក និងបច្ចុប្បន្នកំពុងមានផ្ទៃពោះ ព្រមទាំងកូននៅតូច នៅពេលសម្រេចផ្ដន្ទាទោសគាត់។ គាត់ត្រូវបានតុលាការបង្គាប់ឱ្យសងប្រាក់៦.០០០ដុល្លារនោះវិញ៕ សុខុម