34 C
Phnom Penh

ផែនការ​​​ដោះដូរ​​​ដីអគារ​​​រដ្ឋបាល​​​សាលា​​​ខេត្ត​​​ព្រះ​​​សីហនុត្រូវ​​​បាន​​​ផ្អាក​​​ភ្លាម​ៗកាលពីសប្ដាហ៍​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ផែនការផ្លាស់ប្តូរទីតាំងអគាររដ្ឋបាលខេត្តព្រះសីហនុប្រហែល២០ចេញពីតំបន់ឆ្នេរក្រុងព្រះសីហនុក្នុងការដោះដូរដីជាមួយក្រុមហ៊ុនឯកជននោះបានផ្អាកភ្លាមៗកាលពីម្សិលមិញ ។

លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍កាលពីដើមខែនេះថា ការិយាល័យរដ្ឋបាលស្ទើរតែទាំងអស់នឹងត្រូវផ្លាស់ប្តូរទៅកាន់ទីតាំងមួយស្ថិតនៅចម្ងាយប្រហែល២,៥គីឡូម៉ែត្រពីទីតាំងបច្ចុប្បន្នស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយក្រុមហ៊ុន អេស៊ា ត្រេឌីង របស់លោក នង សាវុធ ជាពាណិជ្ជករម្នាក់។

ប៉ុន្តែ យោងតាមលោក យន្ត មីន អភិបាលខេត្តបានឲ្យដឹងថា ចាប់តាំងពីពេលនោះមកគម្រោងនេះត្រូវបានផ្អាក។ លោកបានមានប្រសាសន៍ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន “ប្រកាសថា នឹងមិនមានការដោះដូរឡើយ។ ការប្រកាសរបស់លោកជាសារមួយផ្ញើជូនក្រុមហ៊ុននេះ ដូច្នេះហើយយើងនឹងមិនបន្តពិភាក្សាអំពីបញ្ហានេះឡើយ”។

មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលោកបន្ថែមថា “គឺក្រុមហ៊ុនទេដែលចង់ធ្វើការអភិវឌ្ឍ។ យើងគ្រាន់តែធ្វើតាមផែនការរបស់ថ្នាក់លើដោយរៀបចំការពិភាក្សាតែប៉ុណ្ណោះ”។

លោក ឈិន សេងងួន អភិបាលរងខេត្តបានមានប្រសាសន៍ថា សំណើនេះកំពុងត្រូវបានពិចារណាដោយអាជ្ញាធរខេត្តដដែល នៅពេលមានសំណើឲ្យផ្អាកផែនការនេះ ។

លោក ឈិន សេងងួន បានថ្លែងថា លោក យន្ត មីន “គិតអំពីផលប៉ះពាល់នៃសំណង់ថ្មី”។ ផែនការនេះត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ ឬទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនៅមុនដំណាច់ខែនេះ។

លោកបានបន្ថែមថា អាជ្ញាធរខេត្តមិនមានតួនាទីលើការសម្រេចនេះទេ  ពីព្រោះខ្លួន “គ្មានសិទ្ធិសម្រេច” ពីបញ្ហានេះឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់អះអាងថា ការដោះដូរនេះត្រូវបានផ្អាក ប៉ុន្តែ លោកបានបដិសេធមិនបរិយាយលម្អិតឡើយ។

ការដោះដូរដីស្រដៀងគ្នាជាថ្នូរនឹងអគាររដ្ឋបាលថ្មីនៅក្នុងតំបន់មិនសូវមានមនុស្សអ៊ូរអរនោះ ត្រូវបានគាំទ្រដោយគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក ដោយមានការដោះដូរស្រដៀងគ្នាក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១០ ដោយការិយាល័យមួយចំនួនត្រូវបានផ្លាស់ចេញពីកណ្តាលក្រុងចម្ងាយ១៦គីឡូម៉ែត្រ មុនពេលទីបំផុតត្រូវបានផ្លាស់មកកាន់ក្រុងវិញ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ដដែលៗពីផែនការនេះដោយលើកឡើងថា ជារឿយៗក្រុមហ៊ុនឯកជនមួយចំនួនទទួលបានដីដែលមានតម្លៃថ្លៃក្នុងទីតាំងល្អៗក្នុងការដោះដូរនោះ។

ក្រុមន្ត្រីបាននិយាយថា នៅក្នុងផែនការដែលត្រូវបានផ្អាកនៅខេត្តព្រះសីហនុនោះ មន្ទីរអប់រំ មន្ទីរសុខាភិបាល អគារកាកបាទក្រហមកម្ពុជា និងអគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត គឺជាការិយាល័យដែលនឹងមិនត្រូវបានដោះដូរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស