ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា ខ្លួនកំណត់បានហើយនូវអត្តសញ្ញាណ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យបីនាក់ដែលជាប់ពាក់ព័ន្ធក្នុងការបង្ហោះរូបកាត់តដោយយកព្រះកេសរបស់ព្រះមហាក្សត្រនរោត្តម សីហមុនី ដាក់លើដងខ្លួនមនុស្សភេទទីបីក្នុងទិដ្ឋភាពអាសគ្រាមអមដោយសារដែលមានខ្លឹមសារថា “ស្តេចខ្មែរគឺជាមនុស្សដែលប្រតិព័ទ្ធនឹងភេទដូចគ្នា”។
កាលពីថ្ងៃទី២៥ ខែធ្នូ គឺថ្ងៃដែលរូបភាពកាត់តនេះត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកដោយអ្នកលេងហ្វេសប៊ុកនិយាយភាសាថៃម្នាក់នោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជានឹងពិចារណាស្នើសុំជំនួយពីរដ្ឋាភិបាលថៃ។

ឧត្តមសេនីយ៍ ខៀវ សុភ័គ មិនអាចទាក់ទាក់ទាក់ទងបានទេកាលពីម្សិលមិញ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ជាមួយវិទ្យុអាស៊ីសេរីដែលបានចាក់ផ្សាយកាលពីព្រឹកម្សិលមិញលោកបានមានប្រសាសន៍ ថា អាជ្ញាធរកំពុងតាមស្វែងរកជនសង្ស័យទាំងបីនាក់នេះ ដែលម្នាក់ក្នុងចំណោមពួកគេគំពុងរស់នៅក្នុងប្រទេសថៃ។
លោកបានថ្លែងថា “យើងកំណត់បានអត្តសញ្ញាណជនសង្ស័យមួយចំនួនហើយ ដែលពីរនាក់កំពុងរស់នៅក្នុងប្រទេស និងម្នាក់ទៀតកំពុងរស់នៅក្រៅប្រទេស។ ពួកគេធ្វើការក្នុងក្រុមតែមួយ។ ការប្រមាថព្រះមហាក្សត្រគឺជាបទឧក្រិដ្ឋដែលយើងចាត់ទុកស្មើនឹងការប្រមាថជាតិខ្មែរទាំងមូល ពីព្រោះព្រះមហាក្សត្រគឺជានិមិត្តរូបនៃសាមគ្គីភាព បូរណភាពទឹកដី និងសន្តិភាព”។
ឧត្តមសេនីយ៍រូបនេះមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងនេះ ឬពន្យល់ថា តើអាជ្ញាធរភ្ជាប់ពួកគេទៅនឹងរូបភាពនេះដូចម្តេចនោះឡើយ។
លោក សូ ប៊ុនសួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអីុនធឺណិតនៃនគរបាលជាតិបានបញ្ជាក់អះអាងថា អាជ្ញាធរកំពុងព្យាយាមចាប់ខ្លួនជនសង្ស័យទាំងនេះប៉ុន្តែ លោកបានបដិសេធមិនបរិយាយលម្អិតឡើយ។
យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគឺ “មិនអាចប៉ះពាល់បាន” ឬជាបុគ្គលសំខាន់បំផុតដែលមិនអាចប្រមាថបាន ប៉ុន្តែ គ្មានច្បាប់ណាចែងអំពីការដាក់ទោសទណ្ឌក្នុងទម្រង់ណាមួយឡើយសម្រាប់បទល្មើសនេះ។
នៅក្នុងបទសម្ភាសន៍កាលពីលើកមុនឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ ថា លោកមិនដឹងថា តើជនដែលជាប់ពាក់ព័ន្ធទាំងនេះនឹងត្រូវដាក់ទោសទណ្ឌដូចម្តេចប្រសិនបើត្រូវចាប់ខ្លួនបាននោះ ហើយថា វាអាស្រ័យលើតុលាការក្នុងការសម្រេចអំពីវិធានការដាក់ទោសទណ្ឌណាមួយនោះ។
លោក សំ ចាន់គា អ្នកនាំពាក្យ និងជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងថា តើធ្លាប់មាននរណាត្រូវដាក់ទោសទណ្ឌចំពោះការប្រមាថ ព្រះមហាក្សត្រខ្មែរឬយ៉ាងណានោះឡើយ។
លោកបានថ្លែងថា អ្នកដែលជាប់ពាក់ព័ន្ធក្នុងការយករូបទៅកែ ឬបង្ហោះកាលពីពេលថ្មីៗនេះ គួរត្រូវបានដាក់ទោសទណ្ឌ ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចប្រទេសថៃឡើយ ដែលជនជាតិថៃមួយចំនួនត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររាប់ឆ្នាំឯណោះចំពោះការល្មើសច្បាប់ដែលតឹងរឹុងជាងនេះឆ្ងាយស្តីពីការប្រមាថព្រះមហាក្សត្រ ចាប់តាំងពីរបបយោធាកាន់កាប់ប្រទេសនេះដោយរដ្ឋប្រហារក្នុងឆ្នាំ២០១៤។
លោក សំ ចាន់គា បានមានប្រសាសន៍ថា ការកាត់តរូបភាពបែបនេះគឺបង្ហាញពីការធ្លាក់ចុះសីលធម៌ទូទៅនៅក្នុងសង្គមកម្ពុជា ដែលលោកបានបន្ទោសមួយផ្នែកលើការអនុវត្តរបស់អ្នកដឹកនាំនយោបាយក្នុងប្រទេសតែម្តង។
លោកបានថ្លែងថា “ខ្ញុំគិតថា សីលធម៌គួរចាប់ផ្តើមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទៅហើយពលរដ្ឋសាមញ្ញនឹងធ្វើតាមពួកគាត់។ នៅពេលក្រុមមន្ត្រីរដ្ឋាភិបាលមានឥរិយាបថល្អនិងប្រកបដោយសីលធម៌ នោះពលរដ្ឋនឹងយកពួកគាត់ធ្វើជាគំរូ”៕ សារុន