30 C
Phnom Penh

សុទិដ្ឋិនិយម​​ជុំ​វិញ​​​​​​ការ​​​ដោះ​​​លែង​​​អ្នកទោស​នយោបាយ​​​​​​បង្ហាញ​​​ថា​​​ហាក់​​​ដូច​​​ជា​​​ឆាប់​​​រហ័ស​​​ពេក​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មានការរំពឹងទុកថា នៅពេលឆ្នាំ២០១៧ចូលមកដល់ មន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូបដែលជាប់ពន្ធនាគារទាក់ទិនសំណុំរឿងមួយដែលជាប់ពាក់ព័ន្ធលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិនឹងទទួលបានការដោះលែងឬយ៉ាងហោចណាស់មានសារពីគណបក្សប្រឆាំង បន្ទាប់ពីមានការចរចាជាគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ខែធ្នូ។

ប៉ុន្តែនៅពេលការឆ្លងឆ្នាំថ្មីចូលមកដល់នៅយប់ថ្ងៃសៅរ៍ អ្នកទោសទាំង៥រូបរួមមានលោកស្រី លឹម មុន្នី លោក ណៃ វង់ដា លោក នី សុខា និងលោក យី សុខសាន្ត មកពីអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក រួមជាមួយលោក នី ចរិយា មន្ត្រីជាន់ខ្ពស់ គ.ជ.ប.បានបន្តជាប់ពន្ធនាគារឈានចូលដល់ថ្ងៃទី២៤៧ដោយគ្មានសញ្ញាថានឹងមានសេរីភាពឡើងវិញ។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិធ្លាប់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមទ្វីតទ័រ បន្ទាប់ពីជំនួបរវាងលោក កឹម សុខា ឪពុករបស់ខ្លួន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា អ្នកទាំង៥នឹងទទួលបានការដោះលែង “មុនដំណាច់ខែនេះ”។ កញ្ញាបានបដិសេធមិនបកស្រាយថា មានអ្វីប្រែប្រួលឡើយ នៅពេលទាក់ទងសុំការបំភ្លឺកាលពីម្សិលមិញ។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួនក្នុងទីក្រុងបា៉ារីស បានបង្វែរសំណួរជុំវិញការខកខានខានកាលបរិច្ឆេទនេះមកសហការីរបស់លោកនៅរាជធានីភ្នំពេញ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងដើម្បីដោះលែងអ្នកទាំង៥ត្រូវបានលោក ហ៊ុន សែន ធ្វើឲ្យជាប់គាំង។

cam-photo-adhoc-channa-KHMER
មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា (ឆ្វេង) និងលោក យី សុខសាន្ត ត្រូវគេនាំខ្លួនចូលសាលាឧទ្ធរណ៍សម្រាប់សវនាការកាលពីខែវិច្ឆិកាក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនសារទៅលោក កឹម សុខា បន្ទាប់ពីកិច្ចពិភាក្សារវាងពួកលោកកាលពី៣សប្តាហ៍មុន ដោយស្នើឲ្យលោក កឹម សុខា ប្រកាសជំហរជាសាធារណៈប្រឆាំងរូបលោក ឬថ្កោលទោសលោកដែលបន្តរិះគន់រដ្ឋាភិបាល ទោះបីជាស្ថានភាពនយោបាយមានភាពធូរស្រាលហើយក្តី។

លោកថ្លែងតាមទូរស័ព្ទថា “លោក កឹមសុខា បានបដិសេធ ហើយគាត់បានបញ្ជូនសារទៅលោក កឹម សុខា ថា បើមិនធ្វើអ្វីដែលខ្ញុំស្នើសុំទេ ខ្ញុំនឹងមិនធ្វើអ្វីដើម្បីដោះលែងអ្នកដែលអ្នកកំពុងនិយាយសំដៅដល់នោះទេ”។

លោកបានច្រានចោលក្តីបារម្ភរបស់អ្នកសង្កេតការណ៍មួយចំនួនដែលយល់ថា សេចក្តីថ្លែងការណ៍បង្កហេតុរបស់លោកដែលធ្វើតាមបណ្តាញទំនាក់ទំនងសង្គម និងវិទ្យុ ហើយអ្វីដែលគួរឲ្យគត់សម្គាល់គឺការសន្យា “បង្ក្រាប” មន្ត្រីនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមិនគោរពលទ្ធផលបោះឆ្នោត ប្រសិនគណបក្សសង្គ្រោះជាតិទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រឆ្នាំ២០១៨នោះ បានរារាំងលោក កឹម សុខា មិនឲ្យទទួលបានសម្បទានពីគណបក្សកាន់អំណាច។

ដោយបកស្រាយថា មេដឹកនាំគណបក្សសង្គ្រោះជាតិនៅកម្ពុជា អាចបន្តការចរចា ជាមួយគណបក្សកាន់អំណាចបាន ខណៈលោកនិយាយដោយស្មោះត្រង់អំពីស្ថានភាពពី ខាងក្រៅ ដែលលោកត្រូវបានហាមឃាត់ជាផ្លូវការមិនឲ្យវិលត្រឡប់ចូលស្រុកវិញ លោកបានគូសបញ្ជាក់ថា ”នេះជាស្ទីលនៃយុទ្ធសាស្ត្ររបស់យើង។ ខ្ញុំមិនយល់ថាគេបង្ខំឲ្យខ្ញុំស្តាប់បង្គាប់នោះទេ ខ្ញុំមានសេរីភាព”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកគ្មានព័ត៌មានបច្ចុប្បន្នភាពស្តីពីកិច្ចប្រឹងប្រែងឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប.ទេ ហើយលោកក៏មិនដឹងពីគម្រោងជំនួបមួយទៀតរវាងលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះដែរ។ លោកបន្ថែមថា លោកមិនអាចបញ្ជាក់ពីការរៀបរាប់របស់លោក សម រង្ស៊ី បានទេ។

លោកថ្លែងថា “ដោយសារពេលខ្លះគាត់ពិភាក្សាជាមួយលោកប្រធានស្តីទី [លោក  កឹម សុខា] ដូច្នេះគាត់មានព័ត៌មានច្រើនជាងខ្ញុំ។ បើពាក្យទាំងនេះចេញពីលោកប្រធានសម រង្ស៊ី សូមដកស្រង់ប្រសាសន៍របស់គាត់ទៅ”។

ជាការឆ្លើយតប លោក សុខ ឥសាន អ្នក នាំពាក្យគណបក្សប្រជាជនមានប្រសាសន៍ថា លោកមិនជឿថា លោក ហ៊ុន សែន ព្យាយាមប្រើប្រាស់អ្នកទោសទាំងនេះដើម្បីបំបែកបំបាក់គណបក្សប្រឆាំងឡើយ។

លោកថ្លែងថា ”វាជាវប្បធម៌របស់ សម រង្ស៊ី  តាំងពីដើម និយាយអ្វីដែលមិនពិត។ ឥឡូវគាត់អស់ជម្រើស ហើយគាត់កាន់តែគ្មានការទទួលខុសត្រូវ ហើយកើតរោគចិត្តព្រោះគាត់អស់សិទ្ធិ និងឯកសិទ្ធិ គឺប្រៀបដូចទូកនៅកណ្តាលសមុទ្រអញ្ចឹង”។

លោកស្រី ធីតា ឃឹះ ជាអ្នកតស៊ូមតិដើម្បីការពារសិទ្ធិមនុស្ស និងជានាយិកាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានកោះហៅទៅសាកសួរជាមួយអ្នកទោសទាំង៥រូបនេះកាលពីដំបូងឡើយ បានមានប្រសាសន៍ថា  ការធ្វើអត្ថាធិប្បាយបង្កហេតុរបស់លោក  សម រង្ស៊ី មិនអាចជួយស្ថានភាពនេះបានទេ។

ដោយស្នើឲ្យលោកផ្តោតលើការជួយអ្នកជាប់ឃុំទាំងនេះជាជាងការផ្តោតលើការវាយប្រហារលោក ហ៊ុន សែន លោកស្រីលើកឡើងថា “ខ្ញុំយល់ថា វាមានប្រយោជន៍បើគាត់រៀននិយាយដោយសន្តិភាព និងវិជ្ជមានច្រើនជាងនេះ។ តើអ្នករំពឹងថា គណ បក្សប្រជាជននឹងឆ្លើយតបបែបណា?”។

លោកស្រីគូសបញ្ជាក់ថា អង្គការអាដហុកក៏ធុញទ្រាន់នឹងការដឹងគុណចំពោះការចរចានយោបាយដែរ ហើយបានលុបចោលគម្រោងទាមទារឲ្យដោះលែងមន្ត្រីរបស់ខ្លួនរួមជាមួយលោក ស៊ាង ចែត មេឃុំគណបក្សប្រឆាំងនៅថ្ងៃទី៨ ខែធ្នូ ពីព្រោះមិនចង់ឲ្យគេចាត់ទុកខ្លួន និងគណបក្សសង្គ្រោះជាតិជា “ក្រុមតែមួយ”។

ខណៈកត្តានយោបាយជាល្បែងលេងសើចយ៉ាងច្បាស់ក្រឡែត លោកស្រី ធីតា  ឃឹះ បានលើកឡើងថា រដ្ឋាភិបាលក៏រីករាយនឹងបន្តយកករណីនេះធ្វើជាការព្រមានដល់អង្គការសិទ្ធិមនុស្សផ្សេងៗទៀតដែរ។ “គេចង់យកសង្គមស៊ីវិលធ្វើជាចំណាប់ខ្មាំង ព្រោះគេចង់ប្រាប់អង្គការមិនមែនរដ្ឋាភិបាល កុំឲ្យរិះគន់ និងហ៊ាននិយាយអ្វី”។

លោក ស៊ុម ចាន់គា អ្នកនាំពាក្យអង្គការអាដហុកមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានធ្វើឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពលំបាក ដោយកំណត់ការរំពឹងទុកដែលខ្លួនមិនអាចទទួលបាន។លោកលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិដើម្បីទទួលបានការដោះលែងអ្នកទោសដែលជាប់ពន្ធនាគារ ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឲ្យនាងឆ្លើយបដិសេធទំនាក់ទំនងស្នេហាលួចលាក់របស់ពួកគេថា “ពួកគេនឹងជាប់គាំង ពួកគេធ្វើអ្វីមិនកើតទេ”។

ប៉ុន្តែដោយសហគមន៍អន្តរជាតិបន្តដាក់សម្ពាធលើរដ្ឋាភិបាល ដែលក្នុងនោះអង្គការសហប្រជាជាតិបានប្រកាសកាលពីខែមុនថា ការឃុំឃាំងអ្នកទាំង៥រូបធ្វើឡើងតាមអំពើចិត្តនោះ លោកថ្លែងថា នៅទីបំផុត គណបក្សប្រជាជនកម្ពុជាប្រហែលជាត្រូវចុះញ៉ម។

លោកមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជា ក៏ប្រឈមនឹងសម្ពាធដែរ។ ដោយសារតែបែបនោះ ខ្ញុំយល់ថា រដ្ឋាភិបាលនឹងព្យាយាមរកផ្លូវចេញ”៕ សុខុម (រាយការណ៍បន្ថែមដោយ កង សុធា)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស