27.5 C
Phnom Penh

លោក ស ខេង ស្តី​​​បន្ទោស​​​អភិបាល​​​ខេត្ត​​​រតនគិរី​​​ខ្លាំងៗ​​​ចំពោះ​ការ​​​គេច​​មុខ​​​​​​​​​​​មិន​​​ជួប​រដ្ឋ​​​មន្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចោទប្រកាន់អភិបាលខេត្តរតនគិរីថាបំពានច្បាប់ នៅពេលអភិបាលខេត្តរូបនេះបានប្រើឈ្មោះរបស់លោកដើម្បីគេចមិនជួបជាមួយរដ្ឋមន្ត្រីបីរូបផ្សេងទៀតដែលចុះទៅខេត្តនេះកាលពីសប្តាហ៍មុនដើម្បីពិនិត្យមើលវិវាទដីធ្លី។

លោក ស ខេង បានស្តីបន្ទោសខ្លាំងៗទៅលើលោក ថង សាវុន ដែលបានកាន់តំណែងជាអភិបាលខេត្តភាគឦសានមួយនេះចាប់តាំងពីឆ្នាំ២០១៤មក និងត្រូវជាកូនប្រុសរបស់លោក បូ៊ ថង មន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា អំឡុងកិច្ចប្រជុំមួយនៅសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលកិច្ចប្រឹងប្រែងអនុវត្តច្បាប់ចរាចរណ៍។

WP-LastImage-5-800x528លោកបានលើកឡើងអំពីលោក ថង សាវុន ថា “ជាច្រើនថ្ងៃមកហើយដែលខ្ញុំមិនបានឃើញអភិបាលខេត្តរូបនោះ។ នៅពេលគេចុះទៅខេត្តរបស់គាត់ គាត់កុហករដ្ឋមន្ត្រីថា ខ្លួនជាប់រវល់ជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែ ខ្ញុំមិនបានជួបជាមួយគាត់ទេ។ ហេតុអ្វីគាត់កុហករដ្ឋមន្ត្រី?ពួកគាត់ជាតំណាង របស់រដ្ឋាភិបាលទាំងមូល រួមទាំងតំណាងរបស់សម្តេចនាយកផង។ វាមិនត្រឹមត្រូវទេ ហើយវាខុសច្បាប់ទៀត”។

លោក ស ខេង មិនបានបញ្ជាក់ថា តើអភិបាលខេត្តរូបនេះនឹងត្រូវទទួលការពិន័យ ឬក៏អត់ទេ ហើយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា លោកមិនដឹងពីស្ថានភាពនេះឡើយ។

ទោះជាយ៉ាងណា លោក ថង សាវុន មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហា នេះ។ ចំណែកឯលោក ញ៉ែម សំអឿន អភិបាលរងខេត្តនេះមានប្រសាសន៍ថា លោកស្ថិតនៅឯរាជធានីភ្នំពេញ ខណៈរដ្ឋមន្ត្រីទាំងបីរូបរួមមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ លោក សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះទៅខេត្តរតនគិរី ដូច្នេះលោកមិនដឹងថា តើមេរបស់លោកមានចេតនាគេចមុខពីរដ្ឋមន្ត្រីទាំងនេះ ឬក៏អត់ឡើយ។

លោក ថង សាវុន គឺអភិបាលខេត្តដ៏មានឥទ្ធិពល ហើយពេលខ្លះមិនចេះសហការជាមួយអ្នកណាឡើយ។ ជាក់ស្ដែងលោកធ្លាប់បានបដិសេធមិនធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឡើយនៅក្នុងការជួយជនស្វែងរកសិទ្ធិជ្រកកោនវៀតណាម និងថែមទាំងបញ្ជាឲ្យអ្នកកាសែតក្នុងខេត្តនេះឈប់ប្រមូលផ្តុំគ្នា និងថតរូបទៀតផង។

ដោយសារតែលោកខ្លួនឯងក៏ជាជនជាតិដើមភាគតិចមួយរូបដែរនោះ មានសុទិដ្ឋិនិយមខ្លះថា លោក ថង សាវុន នឹងជួយការពារសហគមន៍ជនជាតិដើមភាគតិចដែលច្រើនឆ្នាំមកនេះបានតស៊ូពុះពារប្រឆាំងការបំផ្លាញព្រៃឈើ ការចាប់យកដីធ្លី និងការបំផ្លាញបរិស្ថាន។

លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ជាទូទៅអភិបាលខេត្តរូបនេះធ្វើជាគំរូវិជ្ជមាននៅក្នុងខេត្ត ដោយលោកបានបើកតំបន់ទេសចរណ៍ថ្មីៗ និងមានវិធីសាស្ត្រល្អៗនៅក្នុងការដោះស្រាយបញ្ញារសើបៗ។

លោកថ្លែងថា “ចាប់តាំងពីគាត់ក្លាយជាអភិបាលខេត្តមក វិវាទដីធ្លីហាក់ស្ងប់ស្ងាត់ជាងមុន ពីព្រោះទាំងក្រុមហ៊ុន ទាំងអាជ្ញាធររង់ចាំដំណោះស្រាយពីថ្នាក់ខេត្ត”។

នៅឯកិច្ចប្រជុំកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ លោក ស ខេង ក៏បានដាក់ចេញគោលការណ៍សីលធម៌១០ចំណុចសម្រាប់អ្នកបើកបរអនុវត្តផងដែរដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេក ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចត្រូវចេះបើកបរឲ្យបានត្រឹមត្រូវ និងត្រូវប្រុងប្រយ័ត្នជានិច្ច។

លោក មិន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនមថ្លែងថា រដ្ឋាភិបាលត្រូវចាត់វិធានការផ្សេងៗដើម្បីបញ្ជូនសារនេះ តាមរយៈមន្ត្រីមូលដ្ឋានទំព័រហ្វេសប៊ុក និងកម្មវិធីទូរស័ព្ទស្មាតហ្វូន ខណៈនគរបាលបន្តអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលបានចូលជាធរមានកាលពីមួយឆ្នាំមុន៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស