28 C
Phnom Penh

អ្នករង​ការ​បណ្តេញ​ចេញ​មាន​គម្រោង​វិល​​​មក​​​កាន់់​កន្លែង​ចាស់​​ដើម្បីប្រារព្ធ​ខួប​នៃការ​​បណ្តេញ​ចេញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសាររាប់សិបដែលត្រូវបានបណ្តេញចេញពីសហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញកាលពីប្រាំឆ្នាំមុន ហើយត្រូវបានបញ្ជូនឲ្យទៅរស់នៅលើដីមួយកន្លែងនៅក្នុងខេត្តកណ្តាលនោះ បានលើកឡើងថា ពួកគាត់នឹងព្យាយាមវិលមកកាន់អគារដែលឥឡូវស្ថិតនៅត្រង់កន្លែងដែលពួកគាត់ធ្លាប់រស់នៅក្នុងគោលបំណងខិតខំដើម្បីទទួលសំណងច្រើនជាងមុន។

អ្នកស្រី ខៀវ ឡៃ អាយុ៤៤ឆ្នាំបាននិយាយទាក់ទិននឹងគម្រោងប្រារព្ធខួបនៃការបណ្តេញចេញដោយនឹងមានការតវ៉ា ហើយបន្ទាប់មកនាំគ្នាចូលទៅក្នុងអគារមួយដែលត្រូវបានសាងសង់ឡើងសម្រាប់អ្នកជិតខាងមួយចំនួនរបស់ខ្លួននោះថា ” ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើគឺវាខុស ប៉ុន្តែ យើងបង្ខំចិត្តធ្វើដូច្នេះ”។

អគារនៅសហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញ កន្លែងដែលគ្រួសាររាប់រយត្រូវបានបណ្តេញចេញដោយហិង្សា កាលពី៥ឆ្នាំកន្លងមកនេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អគារនៅសហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញ កន្លែងដែលគ្រួសាររាប់រយត្រូវបានបណ្តេញចេញដោយហិង្សា កាលពី៥ឆ្នាំកន្លងមកនេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រី ខៀវ ឡៃ បានលើកឡើងទៀតថា អ្នកភូមិប្រហែល៧០គ្រួសារដែលផ្លាស់ទៅកាន់ដីគ្មានជីជាតិមួយកន្លែងនៅក្នុងឃុំភ្នំបាតចម្ងាយប្រហែល៤០គីឡូម៉ែត្រពីរាជធានីមិនអាចរស់នៅបានទេបើគ្មានទឹកភ្លើង និងសេវាដែលរដ្ឋាភិបាលសន្យាផ្តល់ឲ្យ។

អ្នកស្រីបាននិយាយថា “នេះគឺជាជម្រើសចុងក្រោយរបស់យើង។ យើងគ្មានទឹកស្អាតអគ្គិសនី សាលារៀន ឬផ្សារនោះឡើយ។ ពួកគេសន្យាសាងសង់ផ្ទះថ្មីឲ្យយើង ប៉ុន្តែ ឥឡូវនេះវាជិត៥ឆ្នាំទៅហើយគ្មានការអភិវឌ្ឍតាមការសន្យាទេ”។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កងរាជអាវុធហត្ថនិងនគរបាលបានចុះទៅកាន់សហគមន៍បុរីកីឡាដោយបានប៉ះទង្គិចគ្នាដ៏ហិង្សាជាមួយអ្នកភូមិប្រហែល២០០នាក់ដែលព្យាយាមការពារផ្ទះរបស់ខ្លួនប្រឆាំងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ផានអីុមិុច ជាក្រុមហ៊ុនរបស់លោកស្រី ស៊ុយ សុផាន អ្នកជំនួញដ៏មានឥទ្ធិពល។

ពេលលោកស្រី ស៊ុយ សុផាន ត្រូវបានផ្តល់ដីឲ្យក្នុងទំហំ២,៦ហិកតា លោកស្រីបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិ១.៧៧៦គ្រួសារដែលត្រូវបានបណ្តេញចេញ។ មានតែអគារ៨ប៉ុណ្ណោះត្រូវបានសាងសង់មុនពេលក្រុមហ៊ុន ផាន អីុមិុច ប្រកាស ថា ក្ស័យធនដោយបន្សល់ទុកឲ្យអ្នកភូមិជាង៣០០ គ្រួសារស្វែងរកផ្ទះនៅកន្លែងផ្សេង។

អ្នកស្រី ខៀវ ឡៃ ស្ថិតក្នុងចំណោមអ្នកភូមិចំនួន១៤០នាក់ ដែលតាំងលំនៅថ្មីនៅក្នុងឃុំ ភ្នំបាត កន្លែងដែលខ្ទមតូចៗត្រូវបានសាងសង់ឡើង និងមានការសន្យាអភិវឌ្ឍតំបន់នេះ ប៉ុន្តែបន្ទាប់មកវាត្រូវបានបំភ្លេចចោល។អ្នកស្រីបានលើកឡើងថា គិតត្រឹមថ្ងៃម្សិលមិញ មានគ្រួសារចំនួន១០ក្នុងចំណោមគ្រួសារចំនួន៧០មកពីឃុំនេះបានវិលត្រឡប់មករាជធានីភ្នំពេញវិញរួចហើយខណៈអ្នកផ្សេងៗបន្ថែមទៀតនឹងមកដល់ចំពេលប្រារព្ធខួបដែលគ្រោងធ្វើឡើងនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ក្នុងថ្ងៃនេះ។

អ្នកស្រី ស ស៊ន អតីតអ្នកភូមិបុរីកីឡាដែលបានរៀបចំពិធីនេះបានលើកឡើងថា អ្នកស្រីរំពឹងថា នឹងមានអ្នករងការបណ្តេញចេញពីបុរីកីឡាចំនួនប្រហែល១០០នាក់មកចូលរួមព្រមទាំងព្រះសង្ឃចំនួន៣អង្គ និងតំណាងសហគមន៍រងការបណ្តេញចេញផ្សេងៗទៀតក្នុងរាជធានី។

អ្នកស្រី ភោគ សុភីន អ្នករងការបណ្តេញចេញម្នាក់ទៀតដែលកំពុងរង់ចាំសំណងបានលើកឡើងថា “យើងមិនខ្លាចគេចាប់ខ្លួននោះទេ ព្រោះយើងមានការឈឺចាប់ដោយសារបាត់បង់ដី និងផ្ទះរបស់យើង”។

អ្នកស្រីបានសួរថា “ប្រសិនបើយើងនៅតែខ្លាច តើយើងអាចយកផ្ទះរបស់យើងត្រឡប់មកវិញបានម្តេចនឹងកើតទៅ?។ខ្ញុំធ្លាប់រស់នៅទីនេះតាំងពីឆ្នាំ១៩៩៧មកម្លេ៉ះ ហើយខ្ញុំមានឯកសារគ្រប់គ្រាន់ដើម្បីបញ្ជាក់។ ខ្ញុំនឹងមិនទៅណាទេ។ ខ្ញុំចង់បានសំណងជាផ្ទះនៅកន្លែងអភិវឌ្ឍន៍នេះ”។

យោងតាមអ្នកស្រី ខៀវ ឡៃ អ្នកដែលបានវិលត្រឡប់មកអគារនេះវិញមានបំណងទាមទារសំណង១០.០០០ដុល្លារពីរដ្ឋាភិបាល។

ទោះជាយ៉ាងណា លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ទាំងការប្រារព្ធខួប និងការវិលត្រឡប់មកកាន់អគារនេះវិញរបស់ក្រុមអ្នកភូមិនៅឃុំភ្នំបាតនឹងមិនត្រូវអនុញ្ញាតឡើយ។

លោកបានមានប្រសាសន៍ថា “បើវាជាការប្រារព្ធខួបបណ្តេញចេញ គឺយើងមិនអនុញ្ញាតជាដាច់ខាត។ទី១យើងមិនបានទទួលពាក្យស្នើសុំក្នុងការប្រារព្ធពិធីហ្នឹងទេ”។

លោកបានលើកឡើងទាក់ទិននឹងសហគមន៍ភ្នំបាតថា “បើគាត់គិតថាអត់មានការដោះ[ការអភិវឌ្ឍ]ហើយពួកគាត់ចង់មកបុរីកីឡាជាលក្ខខណ្ឌ ឬជាការដាក់សម្ពាធមកលើសាលារាជធានីគឺពិតជាមិនត្រឹមត្រូវទេ”។ លោកបានបន្ថែមថា”អាហ្នឹងគឺជាការធ្វើសកម្មភាពខុសច្បាប់”។

លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍដីនៅតំបន់ជនបទមួយកន្លែងនេះ  “ដូចសហគមន៍ក្រីក្រផ្សេងៗទៀតដែរ” ហើយក្រុមអ្នកភូមិទាំងនេះមិនអនុញ្ញាតឲ្យត្រឡប់ទៅកាន់កន្លែងចាស់របស់ពួកគាត់វិញឡើយ។ លោកបានបដិសេធមិននិយាយថា តើរដ្ឋាភិបាលដែលពីមុនអះអាងថា ជម្លោះនៅបុរីកីឡាត្រូវបានដោះស្រាយរួចហើយនោះ នឹងរារាំងការតវ៉ា ឬការវិលត្រឡប់មកវិញ ដោយរបៀបណានោះឡើយ។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានលើកឡើងថា ការគំរាមរបស់សហគមន៍ថា វិលត្រឡប់មកវិញហើយធ្វើការតវ៉ាគឺគ្រាន់តែជាវិធីសាស្ត្រដើម្បីឲ្យរដ្ឋាភិបាលចាប់អារម្មណ៍អំពីទុកលំបាករបស់ពួកគាត់តែប៉ុណ្ណោះ។

លោកបានថ្លែងថា “ពួកគាត់គ្រាន់តែចង់បង្ហាញទុក្ខលំបាករបស់ខ្លួន ហើយទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះប៉ុណ្ណោះ។ សាលារាជធានីគួរតែទៅនិយាយជាមួយពួកគាត់ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ ប្រសើរជាងការបង្ក្រាប”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស