មន្ត្រីបាននិយាយថា កសិករធ្វើស្រែពីរនាក់ដែលជាប់ចោទចាប់រំលោភសេពសន្ថវៈក្មេងស្រីវ័យជំទង់ម្នាក់នៅក្នុងករណីរៀបចំទុកជាមុនបន្ទាប់ពីពិធីរាំរែក ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភកាលពីម្សិលមិញ នៅក្នុងខេត្តស្ទឹងត្រែង។
លោក ឌួង ស៊ីុវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ខណៈជនឈ្មោះសង្ស័យ ខា វុទ្ធី អាយុ៣១ឆ្នាំកំពុងឌុបក្មេងស្រីវ័យជំទង់ពីរនាក់ត្រឡប់ទៅផ្ទះចេញពីពិធីរាំរែកក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅម៉ោងប្រហែល១១យប់ថ្ងៃសុក្រ ស្រាប់តែជននេះឈប់លើកំណាត់ ផ្លូវដែលមិត្តភក្តិរបស់ខ្លួនឈ្មោះ ងិល យ៉ាន អាយុ២៣ឆ្នាំកំពុងរង់ចាំពួកគេនៅទីនោះ។
នាយការិយាល័យរូបនេះមានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា “ពួកគេបានរៀបចំគម្រោង ទុកជាមុន។ ក្មេងស្រីទាំងពីរមានការសង្ស័យ ពួកគេ ប្រតាយប្រតប់គ្នា ហើយក្មេងស្រីម្នាក់បានរត់រួច មកប្តឹងនគរបាលឃុំ”។
លោកបានលើកឡើងទៀតថា បុរសទាំងនេះបានចាប់រំលោភក្មេងស្រីម្នាក់ទៀតអាយុ១៧ឆ្នាំ មុនពេលរត់ចូលព្រៃដែលស្ថិតនៅពីក្រោយឃុំនេះ។ ជនសង្ស័យទាំងនេះដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីនគរបាលឃុំទទួលបានដំណឹងស្តីពីតម្រុយរបស់ពួកគេ សារភាពអំឡុងពេលសាកសួរថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន។
លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះបានថ្លែងថា ជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តហើយបន្ទាប់ពីធ្វើការចោទប្រកាន់រួច៕ សុខុម