31 C
Phnom Penh

លោក ឡុង​​​ ឌីម៉ង់ ណែនាំ​​​ពលករ​​​ខ្មែរ​​​ឲ្យ​​​គិត​​​គូរ​​​ពី​​​សុខភាព​​​បន្ទាប់​​​ពីការ​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​គាំងបេះដូង​​​កើនឡើង​​​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយទទួលស្គាល់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺគាំងបេះដូងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងចំណោមពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនេះបានដាស់តឿនពលករទាំងអស់ឱ្យថែរក្សាសុខភាពរបស់ខ្លួន ហើយកុំឧស្សាហ៍ហូបមីពេក  ជាពិសេសអំឡុងខែត្រជាក់។

សារដែលលោក ឡុង ឌីម៉ង់ បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញមានខ្លឹមសារថា “រដូវរងាបានចូលមកដល់ជាមួយអាកាសធាតុត្រជាក់ខ្លាំងដូច្នេះ សូមបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ជាពិសេសជំងឺគាំងបេះដូងដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិត”។

សារនេះក៏បានណែនាំដល់ពលករទាំងអស់ឱ្យដើរហាត់ប្រាណយ៉ាងហោចណាស់២គីឡូម៉ែត្ររៀងរាល់ថ្ងៃ ហើយញ៉ាំអាហារ”ដែលសម្បូរជាតិប្រូតេអីុន កាល់ស្យូម វីតាមីន និងប្រភេទអាហារដែលគ្មានជាតិខ្លាញ់ ប្រៃ និងកាឡូរីខ្ពស់”។ សារដដែលនេះក៏បានណែនាំពួកគេឱ្យកាត់បន្ថយការជក់បារី និងកាត់បន្ថយភាពតានតឹង (Stress) សម្ពាធពីការងារផងដែរ។

សារនេះបានបង្ហោះបន្ទាប់ពីមានការប្រកាសនៅពេលឆ្លងឆ្នាំកាលពីថ្ងៃអាទិត្យ ដែលក្នុងនោះ លោក ឡុង ឌីម៉ង់ បានថ្លែងថា យ៉ាងហោចណាស់ពលករខ្មែរ១០នាក់ ក្នុងចំណោមពលករខ្មែរប្រហែល៥៦.០០០នាក់កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានស្លាប់ដោយជំងឺគាំងបេះដូងក្នុងឆ្នាំកន្លងមក។

លោកបានមានប្រសាសន៍ថា “គ្មាននរណាសប្បាយចិត្តជាមួយនឹងការស្លាប់របស់ពលករយើងឡើយ។ យើងបានតាមដានករណីទាំងនេះដើម្បីចង់ដឹងពីមូលហេតុនៃការស្លាប់ ហើយបានរកឃើញថា បងប្អូនរបស់យើងមួយចំនួនមិនបានយកចិត្តទុកដាក់អំពីសុខភាពរបស់ខ្លួនទេ បើទោះជាភាគច្រើននៃពួកគេជាពលករបម្រើការងារក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់ក៏ដោយ”។

លោកបានបន្ថែមថា បើទោះជាទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏ពលករភាគច្រើនងាកទៅរកអាហារណាដែលងាយៗដូចជាមីជាដើម ដែលធ្វើឱ្យពួកគេ “ខ្សោយកម្លាំង”។

បញ្ហាទាក់ទងបេះដូង និងសរសៃឈាមកើនឡើងក្នុងរដូវរងាគឺជាបាតុភូតដែលគេកត់ត្រាយ៉ាងច្បាស់លាស់នៅក្នុងអាកាសធាតុបង្គួរ ជាពិសេសក្នុងតំបន់ក្រុងដែលមានវិសមភាពសេដ្ឋកិច្ចសង្គមខ្លាំង។

ក្រុមអ្នកស្រាវជ្រាវរាយការណ៍ថា កត្តារួមផ្សំជាច្រើនចំពោះមូលហេតុនៃការស្លាប់ក្នុងរដូវរងានោះ រួមមានផលប៉ះពាល់ចិត្តសាស្ត្រដោយសារកត្តាត្រជាក់ និងកត្តារស់នៅរួមផ្សំ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស