38.8 C
Phnom Penh

អ្នក​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ពាក់ព័ន្ធ​នឹង​ចម្ការ​សឹង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរក្នុងខេត្តមណ្ឌលគិរីបានចាប់ខ្លួនមនុស្ស៥នាក់ ដែលតាមសង្ស័យថាត្រូវបានជួលឲ្យដឹងឈើដែលកាប់ខុសច្បាប់ពីររថយន្តទៅចម្ការកៅស៊ូមួយកន្លែង ដែលជាប់ពាក់ព័ន្ធនឹងការលាងឈើខុសច្បាប់។

លោក យិន ចន្ធី មេបញ្ជាការកងកម្លាំងយោធាវរការពារព្រំដែនលេខ១០៣ បាននិយាយកាលពីថ្ងៃច័ន្ទថា រថយន្តនោះត្រូវបានឃាត់នៅយប់ថ្ងៃអាទិត្យតាមផ្លូវពីដែនជម្រកសត្វព្រៃភ្នំព្រិចទៅចម្ការ Unigreen ហើយចាប់បានឈើប្រភេទលេខ១។ ក្រុមមន្ត្រីបានរកឃើញឈើប្រភេទគគីរ២កំណាត់ក្នុងរថយន្តមួយ និងក្ដារសុក្រមអាររួច២៥សន្លឹកក្នុងរថយន្តមួយផ្សេងទៀត។

លោកបានមានប្រសាសន៍ថា “មនុស្ស៥នាក់នោះបានប្រាប់យើងថា ពួកគេធ្វើការឲ្យក្រុមហ៊ុននេះ។ ឈើនោះដឹកទៅចម្ការ Unigreen”។

មេបញ្ជាការរូបនេះបាននិយាយថា ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងតាមបញ្ជាលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដែលបានបញ្ជាក់លើការបញ្ជានេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើអ្វីដែលលោកបាននិយាយថា ជាការស៊ើបអង្កេតដែលកំពុងធ្វើទេ។

លោក ខ្លូត សុភា អធិការនគរបាលស្រុកកោះញែក បាននិយាយថា មនុស្សទាំង៥នាក់បានសារភាពថាត្រូវបានក្រុមហ៊ុន Unigreen ជួល។

លោក សុភា បាននិយាយថា លោកមិនបានទទួលព័ត៌មានបន្ថែមពីពួកគេទេ មុនពេលប្រគល់ពួកគេទៅរដ្ឋបាលព្រៃឈើ។

លោក វង្ស សុខសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី បាននិយាយថា លោកបានឃាត់ខ្លួនក្រុមនេះ ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយទេ។

ជួ ក្វា សេង ម្ចាស់ក្រុមហ៊ុន Unigreen ជាក្រុមហ៊ុនសឹង្ហបុរី មិនអាចទាក់ទងបានទេ។

កាលពីខែកុម្ភៈ លោក ឡាំ គឹមឈាន (Lam Kimchean) តំណាងក្រុមហ៊ុន Unigreen បានបដិសេធសេចក្តីរាយការណ៍ព័ត៌មានដែលថា ក្រុមការងារដែលរដ្ឋាភិបាលបង្កើតថ្មីៗទទួលបន្ទុកលុបបំបាត់ការស្តុកឈើខុសច្បាប់ទូទាំងប្រទេសកម្ពុជាភាគខាងកើត បានរកឃើញឈើខុសច្បាប់លើដីរបស់ក្រុមហ៊ុននេះ។ លោកក៏បានបដិសេធសេចក្តីរាយការណ៍ដែលថាក្រុមហ៊ុនរបស់លោកធ្វើជំនួញជាមួយលោក ទ្រី ភាព ដែលជាឧកញ៉ាឈ្មួញឈើដ៏ល្បី ដែលរងការចោទប្រកាន់ជាទូទៅថាបានគ្រប់គ្រងមុខរបរឈើខុសច្បាប់ដ៏ធំបំផុតមួយក្នុងប្រទេសនេះដែរ។

ទោះជាយ៉ាងនេះក្តី តែក្នុងរយៈពេលពីរបីខែប៉ុណ្ណោះ ក្រុមការងារនេះបានប្រកាសថា ខ្លួនចាប់បានឈើជិត២៤០ម៉ែត្រគូប ដែលរកឃើញក្នុងបរិវេណរបស់ក្រុមហ៊ុន Unigreen។

គ្មាននរណាម្នាក់បានទទួលរងការចោទប្រកាន់ទាក់ទងនឹងឈើ ដែលតាំងពីពេលនោះមក ត្រូវបានដាក់លក់ដេញថ្លៃដោយរដ្ឋាភិបាលទៅឲ្យពាណិជ្ជករផ្សេងទៀតនោះទេ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស