28.4 C
Phnom Penh

ការ​ប្រារព្ធខួប​នៅ​បុរីកីឡា​ក្លាយ​ជាអំពើហិង្សា​ ខណៈ​អ្នក​រង​ការ​បណ្តេញចេញ​វិល​​មក​វិញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហេតុការណ៍ស្រដៀងគ្នានឹងការបណ្តេញ អ្នកភូមិរាប់រយគ្រួសារចេញពីសហគមន៍បុរីកីឡាកាលពីប្រាំឆ្នាំមុន បានកើតឡើងម្តងទៀតកាលពីម្សិលមិញ ចេញពីការតវ៉ាមួយធ្វើឡើងដើម្បីប្រារព្ធខួបនៃការបណ្តេញចេញនេះ ខណៈកងសន្តិសុខរដ្ឋាភិបាលបានទាញរុញច្រានអ្នករងការបណ្តេញចេញដែលព្យាយាមចូលមករស់នៅក្នុងអគារមួយនៅកន្លែងនេះ។

សន្តិសុខខណ្ឌ៧មករា បានទាញស្ត្រីទម្លាក់ចុះពីលើកាំជណ្តើរអគារ ប្រមូលរបស់របររបស់ពួកគាត់ និងវាយដំពួកគាត់ ខណៈការប៉ះទង្គិចគ្នាបានកើតឡើង នៅខាងក្រៅប្លុកអគារនេះ។ ស្ត្រីម្នាក់ទំនងជាត្រូវគេវាយដំរហូតដល់សន្លប់ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ។

cam-photo-front-channaនៅក្នុងថ្ងៃដដែលកាលពីឆ្នាំ២០១២ ការប៉ះទង្គិចគ្នាដ៏ហិង្សាបានផ្ទុះឡើង ពេលកងរាជអាវុធហត្ថ និងនគរបាលប្រឈមមុខនឹងអ្នកភូមិប្រហែល២០០នាក់ដែលព្យាយាមការពារដីរបស់ខ្លួនប្រឆាំងគម្រោងសាងសង់របស់ក្រុមហ៊ុនផានអីុម៉ិច ជាក្រុមហ៊ុនរបស់លោកស្រី ស៊ុយ សុផាន អ្នកជំនួញដ៏មានឥទ្ធិពល។

ជាថ្នូរនឹងការទទួលបានដីទំហំ២,៦ហិកតានៅតំបន់បុរីកីឡា លោស្រី សុ៊ុយ សុផាន បានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិដែលរងផលប៉ះពាល់ចំនួន១.៧៧៦ គ្រួសារ។ ទោះជាយ៉ាងណា មានអគារត្រឹមតែ៨ប៉ុណ្ណោះត្រូវបានសាងសង់មុនពេលក្រុមហ៊ុនរបស់លោកស្រីអះអាងថាក្ស័យធន។

អ្នកភូមិជាង៣០០គ្រួសារមិនទទួលបានផ្ទះសំបែងនោះឡើយ ហើយ១៤០គ្រួសារបានតាំងលំនៅថ្មីនៅលើដីនៅទីជនបទមួយកន្លែងក្នុងឃុំភ្នំបាត ខេត្តកណ្តាល កន្លែងដែលពួកគាត់រអ៊ូរទាំជាច្រើនឆ្នាំមកហើយថា រស់នៅក្នុងលក្ខខណ្ឌមិនប្រសើរ។ ទោះបីជាមានការសន្យាធ្វើឱ្យមានភាពប្រសើរឡើងក៏ដោយ ពួកគាត់នៅតែខ្វះទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពដដែល។

អ្នភូមិ៣៥គ្រួសារក្នុងចំណោមអ្នកភូមិប្រហែល៧០គ្រួសារដែលកំពុងរស់នៅទីនោះនៅឡើយនោះ បានវិលត្រឡប់មកកន្លែងដែលមានការបណ្តេញចេញនេះវិញនៅប៉ុន្មានថ្ងៃ មុនពេលប្រារព្ធខួបនៃការបណ្តេញចេញកាលពីម្សិលមិញក្នុងគោលបំណងចូលទៅរស់នៅក្នុងអគារមួយជាប់អគារទាំង៨ ជាសកម្មភាពនៃការតវ៉ាដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីទទួលបានសំណងបន្ថែមពីរដ្ឋាភិបាល។

អ្នកស្រី សាន សារុំ អាយុ៣២ឆ្នាំបានលើក ឡើងកាលពីព្រឹកម្សិលមិញ ប៉ុន្មានម៉ោងបន្ទាប់ពីមកដល់ទីនេះពីខេត្តកណ្តាលថា “ខ្ញុំនឹងត្រឡប់ទៅវិញប្រសិនបើរដ្ឋាភិបាលផ្តល់ដំណោះស្រាយដ៏ល្អប្រសើរមួយសម្រាប់ពួកយើង”។

ក្រុមនេះបានចូលរួមជាមួយអតីតអ្នកជិតខាង១០គ្រួសារ ដែលកំពុងរស់នៅទីនោះស្រាប់ នៅក្នុងពិធីប្រារព្ធខួបដោយសន្តិវិធីអំឡុងពេលព្រឹក។ ប៉ុន្តែពេលព្រះសង្ឃនិមន្តមកដល់ដើម្បីធ្វើពិធីសូត្រមន្តនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកនោះ សន្តិសុខខណ្ឌបានសម្រុកចូលមកបំបែកពិធីនេះតែម្តង។

អតីតអ្នកភូមិបុរីកីឡាប៉ះទង្គិចគ្នាជាមួយសន្តិសុខខណ្ឌ៧មករា នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដែលជាថ្ងៃប្រារព្ធខួបលើកទី៥នៃការបណ្តេញចេញនៅក្នុងតំបន់នោះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អតីតអ្នកភូមិបុរីកីឡាប៉ះទង្គិចគ្នាជាមួយសន្តិសុខខណ្ឌ៧មករា នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដែលជាថ្ងៃប្រារព្ធខួបលើកទី៥នៃការបណ្តេញចេញនៅក្នុងតំបន់នោះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សន្តិសុខទាំងនេះបានសំដៅឆ្ពោះទៅកាន់អគារភ្លាមៗ ដោយប្រមូលយកគ្រឿងសង្ហារិមធ្វើពីផ្តៅ និងបង្វេចខោអាវព្រមទាំងទាញក្រុមស្ត្រីដែលនៅពីក្រោយពួកគេ ខណៈពួកគាត់ព្យាយាមការពាររបស់របររបស់ ខ្លួន។ ទោះយ៉ាងណា ពេលពួកគេទៅដល់កាំជណ្តើរ សន្តិសុខទាំងនេះលែងខ្វាយខ្វល់រឿងប្រមូលរបស់របរ ហើយងាកមកចាប់ផ្តើមចាប់ទាញស្ត្រីទម្លាក់ចុះពីកាំជណ្តើរវិញ។

ក្រុមសន្តិសុខបានស្រែកឡើងថា “អ្នកឯងមកពីកន្លែងណាទៅកន្លែងហ្នឹងវិញទៅ”។ អ្នកភូមិម្នាក់បានស្រែកត្រឡប់ទៅវិញថា “យើងគ្មានកន្លែងត្រូវទៅទេ”។

ស្ត្រីទាំងនេះទីបំផុតបានធ្លាក់មកដល់ជាន់ក្រោមផ្ទាល់ដី កន្លែងដែលមានការប៉ះទង្គិចគ្នា ខណៈនគរបាលបង្ក្រាបកុបកម្មប្រហែល៣០នាក់ប្រដាប់ដោយដំបង និងខែលត្រូវបានដាក់ពង្រាយនៅតាមផ្លូវដ៏តូចចង្អៀតមួយឆ្ពោះទៅកាន់អគារនេះ។

លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់បានប្រកាសប្រាប់អ្នកភូមិទាំងនេះបន្ទាប់ពីភាពតានតឹងបានស្ងប់ទៅវិញថា “ប្អូនមានផ្ទះប្អូនត្រូវតែត្រឡប់ទៅផ្ទះប្អូនវិញទៅ”។ លោកបានបន្ថែមថា “សង្កាត់វាលវង់មិនទទួលស្គាល់ប្អូននៅទីនេះទេ ព្រោះប្អូនទៅនៅភ្នំបាតហើយ។ យើងគ្មានសិទ្ធិអនុញ្ញាតឱ្យប្អូននៅទីនេះបាននោះឡើយ”។

ក្នុងរយៈពេលមួយម៉ោង នគរបាលបង្ក្រាប កុបកម្មបានចាកចេញពីកន្លែងនេះទៅវិញ។ទោះជាយ៉ាងណា នៅម៉ោងប្រហែល១១និង៣០នាទីព្រឹក ស្ថានភាពតានតឹងបានកើតឡើងម្តងទៀត ខណៈអ្នកតវ៉ាព្យាយាមចូលទៅក្នុងអគារសាជាថ្មី។ សន្តិសុខបានបោះរបស់របររបស់ពួកគាត់ចេញពីអគារ ហើយស្ត្រីត្រូវបានទាញទម្លាក់ពីលើកាំជណ្តើរម្តងទៀត ដោយលើកនេះពួកគាត់បានស្រែកថា “អាពត !”ដាក់ក្រុមសន្តិសុខដែលពួកគាត់កំពុងតតាំងជាមួយ។

លោក ប្រាក់ ហាក់ ប្រធានសន្តិសុខខណ្ឌ៧មករា បាននិយាយទៅកាន់ស្ត្រីទាំងនេះថា លោកនឹង “ហែកមាត់ហងឯង” ខណៈពួកគាត់ជេរប្រទេចដាក់ក្រុមសន្តិសុខរបស់លោក។

ប្រហែល១០នាទីក្រោយពេលមានការជេរប្រទេច លោក ប្រាក់ ហាក់ បានសំដៅឆ្ពោះទៅកាន់សកម្មជនម្នាក់ឈ្មោះ គឹម សារ៉ាន់ ដោយរុញអ្នកស្រីផ្ទប់នឹងជញ្ជាំង នេះបើយោងតាមសាក្សីដែលឃើញហេតុការណ៍។ ស្ត្រីមួយចំនួនរួមទាំងសកម្មជនរូបនេះផង ត្រូវកងសន្តិសុខដេញតាមរហូតដល់ក្នុងផ្សារដែលមានកន្លែងលក់ដូរជាជួរនៅជាន់ផ្ទាល់ដីនៃអគារដែលត្រូវបានសាងសង់លើដីចាស់របស់ពួកគាត់ ដោយបណ្តាលឱ្យស្ត្រីយ៉ាងតិច៣នាក់រងរបួស។

អ្នកស្រី គឹម សារ៉ាន់ បាននិយាយថា “ពួកគេវាយដំខ្ញុំ។ ពួកគេទះកំផ្លៀងខ្ញុំ និងចាប់កអាវ រួចប្រើពាក្យអាក្រក់ៗ ជេរប្រមាថមកលើខ្ញុំ។  ពួកគេបានវាយដំ និងទាត់យើងឱ្យដួលទៅលើដី។ ពួកគេធ្វើដាក់យើងដូចជាជនភៀសខ្លួន តែផ្ទុយទៅវិញ យើងជាជនរងគ្រោះនៃការបណ្តេញចេញពីដីធ្លី ហើយយើងគ្រាន់តែទាមទារសំណងបន្ថែមប៉ុណ្ណោះ”។

cam-photo-borei-keila-channa-WEB-ONLYស្ត្រីម្នាក់ដែលក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ វង់ ចន្ធី អាយុ៣០ឆ្នាំត្រូវបានវាយដំរហូតដល់សន្លប់ បន្ទាប់ពីសន្តិសុខខណ្ឌរុញអ្នកស្រីផ្ទប់នឹងជញ្ជាំងថ្ម។ អ្នកស្រី វង់ ចន្ធី បានអ្នកភូមិនៅជុំវិញនោះជួយគក់រឹតច្របាច់ឱ្យ។

ទោះយ៉ាងណា បន្ទាប់ពីប៉ះទង្គិចគ្នា លោក ប្រាក់ ហាក់ បដិសេធនៅចំពោះមុខអ្នកយកព័ត៌មានថា គ្មានអំពើហិង្សាទេ ។ លោកបានថ្លែងថា “ផ្ទះនេះជារបស់ក្រុមហ៊ុន និងរដ្ឋ។ បញ្ជាលោកអភិបាលគឺឱ្យគាត់អញ្ជើញទៅវិញ បើសិនជាគាត់ឡើងហើយ យើងឱ្យគាត់អញ្ជើញចុះ ហើយគាត់មិនចុះ វាមានតែឱ្យគាត់ទៅតាមហ្នឹង”។

លោកបន្ថែមថា “ឱ្យខ្ញុំវ៉ៃគាត់ គឺគ្មានប៉ុន្តែចំណុចទី១ គេខ្វាចខ្ញុំ ច ំណុចទី២ គេជះក្បាល   ខ្ញុំនឹងទឹកត្រី ចំណុចទី៣ គេជេរបញ្ចោខ្ញុំ”។

ទោះយ៉ាងណា យោងតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា លោក ប្រាក់ ហាក់ មាន “ទំនាស់ បុគ្គល” ជាមួយអ្នកស្រី គឹម សារ៉ាន់ ហើយនឹងត្រូវហៅមកសាកសួរ។  ប៉ុន្តែលោកបានលើកឡើងថា ក្រុមស្ត្រីទាំងនេះ “គាត់មិនមែនជាម្ចាស់ផ្ទះ ឬម្ចាស់បន្ទប់ដែលត្រូវមានសិទ្ធិឡើងទៅលើហ្នឹង ស្នាក់នៅទេ”។

នៅពេលរសៀល អ្នកស្រី ខៀវ ឡៃ តំណាង ក្រុមស្ត្រីទាំងនេះដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះ ត្រូវបានអញ្ជើញឱ្យទៅកាន់ការិល័យរបស់អភិបាលខណ្ឌ កន្លែងដែលអ្នកស្រីត្រូវបានសន្យាថា នឹងមានការឆ្លើយតបចំពោះសំណើក្នុងរយៈពេល៣ថ្ងៃប្រសិនបើពួកគាត់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនក្នុងខេត្តកណ្តាលវិញ។

អ្នកស្រីបានលើកឡើងថា អ្នកស្រីបានព្រមព្រៀង ប៉ុន្តែបានបន្ថែមថា ក្រុមរបស់អ្នកស្រី “នឹងវិលត្រឡប់មកវិញ៣ថ្ងៃក្រោយប្រសិនបើពួកគេមិនឆ្លើយតបនឹងពួកយើង”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស