លោក ឆាយ ធី ដែលបានបម្រើការងារជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅសមាគមសិទ្ធិមនុស្សអាដហុកអស់រយៈពេលជាច្រើនឆ្នាំដើម្បីផ្តល់ព័ត៌មានទាក់ទងការរំលោភបំពានសិទ្ធិដែលបង្កឡើងដោយ ឬមិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តរតនគិរីនោះ បានប្តូរគំនិតយោបល់ទាំងស្រុងអំពីគណបក្សកាន់អំណាច។
នៅពេលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្តីបន្ទោសខ្លាំងៗលើលោក ថង សាវុន អភិបាលខេត្តកាលពីថ្ងៃច័ន្ទចំពោះការភូតភរក្នុងគោលបំណងគេចមិនជួបជាមួយរដ្ឋមន្ត្រីមួយចំនួននោះ លោក ឆាយ ធី បានចេញមកការពារដោយនិយាយថា លោកអភិបាលរូបនេះឃើញមានការរីកចម្រើនខ្លាំងនៅក្នុងខេត្តនេះ។
អ្វីដែលលោកមិនបានលើកឡើងគឺថា លោកបានកំណត់ចក្ខុវិស័យដើម្បីក្លាយជាមេឃុំគណបក្សកាន់អំណាចនៅក្នុងស្រុកអូរយ៉ាដាវខេត្តនេះនៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅខែមិថុនា ឆ្នាំនេះ។
ដោយកត់សម្គាល់ថា លោកមិនទាន់បានដាក់លិខិតលាលែងជាផ្លូវការនោះ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំនឹងលាលែងពីសមាគមអាដហុកនៅពេលឆាប់ៗនេះដើម្បីឈរឈ្មោះជាបេក្ខជនមេឃុំសម្រាប់គណបក្សប្រជាជនកម្ពុជាហើយចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ”។
លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងឃើញថា គណបក្សនេះមានកំណែទម្រង់យ៉ាងច្រើន ហើយយើងគិតថា កំណែទម្រង់ថ្មី នឹងអាចកសាងប្រទេសជាតិ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្រីក្រមានភាពប្រសើរឡើង”។
លោក ឆាយ ធី គឺជាអ្នករិះគន់ឥតសំចៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីអ្វីដែលពីមុនលោកបានចាត់ទុកថា ជាការបរាជ័យរបស់ រដ្ឋាភិបាលក្នុងការការពារដីធ្លី និងធនធានធម្មជាតិ ជួយជនជាតិដើមភាគតិចក្រីក្រ ឬគ្រប់គ្រងសកម្មភាពក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិរុករករ៉ែ និងសិទ្ធិគ្រប់គ្រង។ ការខិតខំរបស់លោកគឺដើម្បីអប់រំពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងអំពីសិទ្ធិរបស់ខ្លួន ដែលជួនកាល ត្រូវបានរារាំងដោយអាជ្ញាធរ ហើយជារឿយៗលោកតែងតែនិយាយជួសមុខឱ្យអ្នកកាសែតឬសកម្មជនដែលជួបបញ្ហាស្រដៀងគ្នានេះ។
លោក ប៉ែន ប៊ុណ្ណារ៍ ដែលពីមុនបម្រើការនៅសមាគមអាដហុកក្នុងខេត្តរតនគិរី ប៉ុន្តែ បានផ្លាស់មករាជធានីភ្នំពេញធ្វើជាអ្នកស៊ើបអង្កេតជាន់ខ្ពស់បន្ទាប់ពីរងការគំរាមកំហែងជាច្រើនឆ្នាំទាក់ទងការងាររបស់លោកនោះ បានមានប្រសាសន៍ថា មានការផ្លាស់ប្តូរតិចតួចនៅក្នុងខេត្តនេះ បើទោះជាសហសេវិករបស់លោកប្តូរចិត្តក៏ដោយ។
លោក ប៉ែន ប៊ុណ្ណារ៍ បានថ្លែងថា “យើងមិនឃើញមានកំណែទម្រង់ពិតប្រាដកណាមួយឡើយ ហើយជាក់ស្តែងលទ្ធផលនៃកំណែ ទម្រង់នៅមានកម្រិតនៅឡើយនៅក្នុងតំបន់ដាច់ស្រយាល ហើយអ្នកភូមិមូលដ្ឋានភាគច្រើនកំពុងរង់ចាំមើលកំណែទម្រង់ថ្មីដែលប្រកាសដោយគណបក្សកាន់អំណាច”។
លោកបានបន្ថែមថា “យើងឃើញថា អ្នកមានអំណាច និងឧកញ៉ាមួយចំនួនជាប់ពាក់ព័ន្ធ ក្នុងបទល្មើសជាច្រើន ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់ឃើញពួកគេត្រូវបានចាប់ខ្លួន និងយកទៅផ្តន្ទាទោសចំពោះមុខច្បាប់នៅឡើយទេ”។
នៅពេលសួរថាតើហេតុអ្វីបានជាលោកឆាយ ធី ឈប់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយគណបក្សកាន់អំណាចនោះ លោក ប៉ែន ប៊ុណ្ណារ៍ បាននិយាយត្រឹមតែថា វាជាសិទ្ធិរបស់លោកក្នុងការបន្តប្រឡូកក្នុងនយោបាយ។
លោក សុ៊ម ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា លោក ឆាយ ធី មិនទាន់លាលែងជាផ្លូវការនៅឡើយទេ ប៉ុន្តែថា បុគ្គលិករដ្ឋបាលនៅអង្គការមិនមែនរដ្ឋាភិបាលនេះ ដែលរក្សាអព្យាក្រឹតភាពនយោបាយនោះ នឹងជួបប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាអំពីស្ថានភាពនេះ។
លោក ស៊ុម ចាន់គា បានថ្លែងថា “គណៈកម្មាធិការគ្រប់គ្រងនឹងជួបប្រជុំជាមួយលោកនៅរសៀលថ្ងៃស្អែក។ជាគោលគារណ៍ នៅពេលគាត់ដាក់លិខិតលាលែង ឬបើយើងបណ្តេញគាត់ចេញនោះ គាត់មិនអាចនិយាយតាងនាមឱ្យសមាគមអាដហុកបានទេ”។
លោកបានបន្ថែមថា “គាត់មិនទាន់សម្រេចផ្លូវការថា តើត្រូវទៅធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាឬយ៉ាងណានោះឡើយ។ បើទោះជាវាមិនទាន់ផ្លូវការក្តី គាត់ត្រូវធ្វើការសម្រេចច្បាស់លាស់”។
សមាគមសិទ្ធិមនុស្សអាដហុកបានជួបបញ្ហាកាលពីឆ្នាំមុនដោយសារជាប់ពាក់ព័ន្ធក្នុងករណីស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់របស់សមាគមនេះបួនរូបត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២៥០ថ្ងៃមកហើយពីបទសូកប៉ាន់ស្រីកំណាន់រូបនេះឱ្យបដិសេធរឿងសហាយស្មន់នេះ តែពួកគាត់អះអាងថា ប្រាក់២០៤ដុល្លារដែលពួកគាត់ផ្តល់ឱ្យនាងនោះ ជាកញ្ចប់ថវិកាគាំទ្រផ្លូវច្បាប់តាមស្តង់ដាររបស់ខ្លួនទេ។
លោក ធន សារាយ ប្រធានសមាគមនេះយូរមកហើយនោះ បានចាកចេញពីប្រទេសចំពេលមានរឿងអាស្រូវនេះ ហើយឥឡូវេនះកំពុងរស់នៅក្នុងប្រទេសកាណាដា៕សារុន (រាយការណ៍បន្ថែមដោយ ឆន ភារុណ)