តាមការប៉ាន់ប្រមាណថា ចំនួនជនរងគ្រោះដែលបាត់បង់ជីវិត ឬរងរបួសដោយសារមីនកប់ក្នុងដី ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ផ្សេងទៀតដែលបន្សល់ពីសង្គ្រាមរាប់ទសវត្សរ៍នៅកម្ពុជា បានធ្លាក់ចុះក្រោម១០០នាក់ក្នុងឆ្នាំ២០១៦ជាលើកដំបូងចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩មក។
មន្ត្រីក្នុងវិស័យដោះមីន និងស្ដារនីតិសម្បទាបានចាត់ទុកការធ្លាក់ចុះនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ដែលជាប់ឈ្មោះក្នុងចំណោមប្រទេសមានគ្រាប់មីន និងរងការទម្លាក់គ្រាប់បែកច្រើនបំផុតក្នុងពិភពលោក។
លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) របស់រាជរដ្ឋាភិបាលដែលជាទីភ្នាក់ងារដោះមីនដ៏ធំបំផុតក្នុងប្រទេស បានមានប្រសាសន៍ថា “នេះជាដំណឹងដ៏ល្អ ហើយយើងជឿជាក់យ៉ាងមុតមាំថា នេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា”។
យោងតាមអាជ្ញាធរមីនកម្ពុជា (CMAA) ដែលគ្រប់គ្រង CMAC បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ចំនួន៧៧នាក់បានស្លាប់ ឬរងរបួសដោយសារគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះចន្លោះខែមករា ដល់ខែវិច្ឆិកា ពោលគឺស្មើនឹង៧នាក់ក្នុងមួយខែបើគិតជាមធ្យម។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងខែធ្នូ មិនទាន់បូកសរុបទេ ប៉ុន្តែជាច្រើនឆ្នាំមកនេះ គ្មានខែណាមួយដែលមានអ្នកស្លាប់ និងរបួសលើសពី២០នាក់ឡើយ។
លោក ហេង រតនា បានបញ្ជាក់ថា ចំនួនសរុបសម្រាប់ឆ្នាំមុនបានធ្លាក់ចុះក្រោម១០០នាក់ “យ៉ាងពិតប្រាកដ”។
គ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កឲ្យមនុស្សស្លាប់ និងរបួសជាង៦៤.០០០នាក់ចាប់តាំងពីខ្មែរក្រហមត្រូវបានទម្លាក់ចេញពីអំណាចមក ដោយផ្ដាច់ជីវិតជិត១ភាគ៣ក្នុងចំណោមនោះ និងធ្វើឲ្យអ្នកនៅរស់រានជាច្រើនមានរបួសពិការមួយជីវិត។
ចំនួនអ្នកស្លាប់ និងរបួសបានធ្លាក់ចុះច្រើន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។ ប៉ុន្តែមិនយូរប៉ុន្មាន វាបានចាប់ផ្ដើមកើនឡើងវិញរហូតដល់រាប់ពាន់នាក់ជាថ្មីម្ដងទៀត នៅពេលឧទ្ទាមខ្មែរក្រហមដែលនៅសេសសល់ និងកងកម្លាំងរដ្ឋាភិបាលបានដាក់បង្កៃមីន និងរ៉ុក្កែតថ្មីៗរាប់លានគ្រាប់ក្នុងបណ្ដាខេត្តភាគខាងលិចនេះអំឡុងសង្គ្រាមស៊ីវិលរហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០។នៅមុនសម័យខ្មែរក្រហម សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែករាប់លានគ្រាប់មកលើប្រទេសកម្ពុជា រួមទៅហើយនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងជាមួយវៀតណាមខាងជើង ដោយជាច្រើនក្នុងចំណោមគ្រាប់បែកទាំងនោះមិនបានផ្ទុះឡើយនៅពេលធ្លាក់មកដល់ដី។
ចំនួនអ្នកស្លាប់ និងរបួសបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីកើនឡើងខ្ពស់នៅក្នុងឆ្នាំ១៩៩៦រហូតដល់ប្រហែល៤.២០០នាក់ដោយសារតែបណ្ដារដ្ឋាភិបាលបរទេសរួមមានទាំងសហរដ្ឋអាមេរិកផង បានជះជំនួយរាប់រយលានដុល្លារលើការដោះមីនក្នុងប្រទេសកម្ពុជា បូករួមសាធារណជនមានការយល់ដឹងច្រើនជាងមុនអំពីគ្រោះថ្នាក់ដែលនៅសេសសល់។
លោក ហេង រតនា បានមានប្រសាសន៍ថា ថ្វីបើចំនួនអ្នកស្លាប់ និងរបួសធ្លាក់ចុះក្ដី ក៏ប្រជាកសិករពេលនេះគួរតែយល់ដឹងឲ្យបានច្បាស់ កុំខ្វះការប្រុងប្រយ័ត្ន។ លោកបានបន្តថា “ខ្ញុំជឿថា ប្រជាពលរដ្ឋមានអារម្មណ៍សុវត្ថិភាពជាងមុននៅក្នុងការប្រើប្រាស់ដីធ្លីរបស់ពួកគាត់ ប៉ុន្តែ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន [អំពីគ្រោះថ្នាក់] ហើយកាន់តែមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ដីធ្លី”។
គ្រោះថ្នាក់នៅតែមាន។ បណ្ដាទីភ្នាក់ងារដោះមីន បានដោះគ្រាប់មីនលើផ្ទៃដីប្រមាណ១.៥០០គីឡូម៉ែត្រក្រឡា ហើយប្រគល់ឲ្យសាធារណជនវិញ ចាប់តាំងពីបណ្ដាម្ចាស់ជំនួយបរទេសចាប់ផ្ដើមផ្ដល់ជំនួយមូលនិធិដល់ការងារនេះនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ ប៉ុន្តែ ពួកគេនៅមានផ្ទៃដីប្រហែល១.៩៥០គីឡូម៉ែត្រក្រឡាទៀតដែលត្រូវដោះមីន ខណៈថវិកាកាន់តែស្ដួចស្ដើង។
ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងតិចតួចដោយនឹកស្មានមិនដល់នៅក្នុងឆ្នាំ២០១៤ មុនពេលធ្លាក់ចុះមកនៅត្រឹម១១០នាក់ក្នុងឆ្នាំ២០១៥ ហើយលោក ហេង រតនា ថ្លែងថា រឿងបែបនេះអាចនឹងកើតឡើងទៀត។”វាអាចនឹងកើតឡើង បើយើងមិនខិត ខំប្រឹងប្រែង និងប្រើប្រាស់រាល់យុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហានេះ។ នោះជាមូលហេតុ ដែលយើងត្រូវបន្តការប្រឹងប្រែងនេះ”។
អាជ្ញាធរមីនកម្ពុជា កំពុងតែព្រាងបញ្ចប់ផែនការសកម្មភាពថ្មីមួយដើម្បីអនុវត្តវារហូតដល់ឆ្នាំ២០២៥ ដែលត្រឹមពេលនោះខ្លួនសង្ឃឹមថានឹងបញ្ចប់ការបោសសំអាតមីនប្រឆាំងមនុស្សដែលនៅសេសសល់។
ប៉ុន្តែការវាយតម្លៃកាលពីពេលថ្មីៗនេះដែលធ្វើឡើងដោយអង្គការមួយមានឈ្មោះថា “មជ្ឈមណ្ឌលអន្តរជាតិក្រុងហ្សឺណែវ សម្រាប់ការដោះមីនដើម្បីមនុស្សធម៌” (Genena International Center for Humanitarian Demining) ដែលទទួលភារកិច្ចពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានលើកឡើងថា ប្រទេសកម្ពុជា មិនបានប្រើប្រាស់ធនធានឲ្យបានគ្រប់គ្រាន់នោះទេនៅលើដីចម្ការមីនដែលគ្រោះថ្នាក់បំផុត និងដែលមានគ្រាប់មីនច្រើនបំផុត ហើយអាចនឹងខកកាលបរិច្ឆេទដែលខ្លួនបានកំណត់។
របាយការណ៍នេះក៏បានលើកឡើងដែរថា គុណភាពសេវាស្ដារនីតិសម្បទាសម្រាប់អ្នកនៅរស់រាន ក៏អន់ជាងមុនដែរដោយសារការធ្លាក់ចុះជំនួយមូលនិធិបរទេសដែលមិនសមាមាត្រទៅនឹងជំនួយគាំទ្ររបស់រដ្ឋាភិបាលដែលមានការកើនឡើង។
លោក ចាន់ ឡាយហ៊ាង ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ដែលស្ថិតក្នុងចំណោមតំបន់មានគ្រាប់មីនច្រើនបំផុតនៅក្នុងប្រទេស បានមានប្រសាសន៍ថា ជំនួយមូលនិធិរបស់លោកអាចទ្រទ្រង់រួចយ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០១៨ដែរ។
លោកបន្តថា “វាជាការប្រសើរដែលចំនួន អ្នកស្លាប់ និងរបួសដោយសារមីនកប់ក្នុងដីធ្លាក់ចុះ។វាល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់គ្រោះថ្នាក់។ ពួកគាត់អាចធ្វើកសិកម្មដោយខ្លួនឯងបាន ដោយមិនសូវមានគ្រោះថ្នាក់ដោយសារមីនកប់ក្នុងដីដូចកាលពី១០ឆ្នាំមុន”។
លោកបានគូសបញ្ជាក់ថា ទើបតែបីឆ្នាំមុន គ្រាន់តែមជ្ឈមណ្ឌលរបស់លោកមួយបានរកឃើញថា ក្នុងមួយឆ្នាំមានមនុស្សប្រហែល១០០នាក់បានរងគ្រោះដោយសារគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ចាប់តាំងពីឆ្នាំ២០១៥មក គឺមានមិនដល់១០នាក់ទេក្នុងមួយឆ្នាំ។ “បើរដ្ឋាភិបាលបន្តទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីបន្តការបោសសំអាត ចំនួននេះនឹងបន្តធ្លាក់ចុះ”៕ សុខុម (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)