“យើងបានដោះស្រាយរួចអស់ហើយ”
កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងជាថ្មីម្ដងទៀតថា បទល្មើសព្រៃឈើ និងវិវាទដីធ្លីដែលបង្កឡើងដោយសារដីចម្ការធំល្វឹងល្វើយរបស់ក្រុមពាណិជ្ជករស្ដុកស្ដម្ភ និងក្រុមហ៊ុនសាជីវកម្មបរទេស បានធ្លាក់ចុះឬស្ទើរតែលែងមានទៅហើយ។ ទោះជាយ៉ាងណា បណ្ដាអង្គការសិទ្ធិមនុស្សមិនយល់ស្របនឹងការអះអាងនេះឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយគណៈកម្មការបរិស្ថាននៃរដ្ឋសភាតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ លោក សាយ សំអាល់ បានលើកឡើងថា លោកបានប្រាប់ទៅក្រុមតំណាងរាស្ត្រថា វិវាទដីធ្លីភាគច្រើនដែលពាក់ព័ន្ធសម្បទានដីសេដ្ឋកិច្ច (ELC) ត្រូវបានដោះស្រាយស្ទើរតែទាំងអស់។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “បន្ទាប់ពីយើងបង្កើតគណៈកម្មការដើម្បីដោះស្រាយវិវាទដីធ្លី យើងបានដោះស្រាយវាអស់ហើយ។ នៅមានបញ្ហាតូចតាចខ្លះដែលយើងកំពុងដោះស្រាយពេលនេះ ប៉ុន្តែជាទូទៅយើងបានដោះស្រាយវាអស់ហើយ”។
នៅពេលសួរទាក់ទិនសេចក្ដីរាយការណ៍អំពីការកាប់ឈើខុសច្បាប់ដែលកំពុងបន្តកើតមានទូទាំងប្រទេស រដ្ឋមន្ត្រីរូបនេះបានឆ្លើយថា បញ្ហានេះបាន “ថយចុះ” ហើយ ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតនោះទេ។
លោក សាយ សំអាល់ ធ្លាប់បានធ្វើការអត្ថាធិប្បាយស្រដៀងគ្នាក្នុងទិវាបរិស្ថានពិភពលោកកាលពីខែមិថុនា ដែលនៅពេលនោះលោកបានប្រកាសបញ្ចប់ការកាប់ឈើទ្រង់ទ្រាយធំនៅភាគឦសានប្រទេសកម្ពុជា ហើយបានគូសបញ្ជាក់ថា វិវាទដីធ្លីជាមួយចម្ការអំពៅធំៗគឺលែងមានទៀតហើយ។
ទោះបីជាមានបម្រាមទូទៅលើការនាំចេញឈើទៅកាន់ប្រទេសវៀតណាម ដែលបានដាក់ចេញកាលពីខែមករាឆ្នាំមុនក្ដី ក៏ឈើទាំងមូល និងឈើអាររួចនៅតែបន្តសម្រុកឆ្លងដែនដដែល នេះបើយោងតាមទិន្នន័យគយរបស់វៀតណាម។ ទើបតែខែមុននេះ អ្នកយកព័ត៌មានមកពីកាសែតខេមបូឌា ដេលី បានរកឃើញថា អង្គភាពយោធាព្រំដែនមួយឈរជើងនៅក្នុងខេត្តក្រចេះបានជួយសម្របសម្រួលការជួញដូរឈើក្នុងមូលដ្ឋានជាមួយវៀតណាម។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារមិនទាន់ដោះស្រាយវិវាទដីធ្លីជាមួយសម្បទានដីសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយទេ ក្នុងនោះរួមមានទាំងចម្ការអំពៅមួយចំនួនផងដែរ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍កាលពីម្សិលមិញថា តាមពិតក្រសួងបរិស្ថានស្ទើរតែមិនបានធ្វើអ្វីទាំងអស់ដើម្បីដោះស្រាយវិវាទដីធ្លីកើតចេញពីសម្បទានដីសេដ្ឋកិច្ចដែលខ្លួនបានជួលឱ្យគេកន្លងមក។ ចំណែកឯក្រសួងកសិកម្មរឹតតែមិនធ្វើអ្វីទៅទៀត ហើយអ្នកតវ៉ាដែលនៅតែធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីទាមទារដំណោះស្រាយសម្រាប់វិវាទរបស់ខ្លួន គឺជាភ័ស្តុតាងបង្ហាញថា បញ្ហានេះនៅតែកើតមាន។
លោកបានបន្តថា “ខ្ញុំយល់ថា មានវិវាទដីធ្លីជាច្រើនដែលរដ្ឋាភិបាលនៅតែត្រូវដោះស្រាយ។ ពេលប្រជាពលរដ្ឋឈប់តវ៉ារឿងវិវាទដីធ្លី វិវាទដីធ្លីនឹងត្រូវបានដោះស្រាយ។ ប៉ុន្តែបើប្រជាពលរដ្ឋនៅតែតវ៉ា មានន័យថា បញ្ហាវិវាទដីធ្លីនៅមិនទាន់ចប់ទេ”។
ជំុវិញបញ្ហានេះ លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកយកព័ត៌មានថា លោកពេញចិត្តនឹងចម្លើយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតលើចំណុចណាមួយឡើយ។ “យើងអាចទទួលយកបាននូវអ្វីដែលឯកឧត្ដម សាយ សំអាល់ បានមានប្រសាសន៍ ប៉ុន្តែយើងត្រូវបន្តឃ្លាំមើលបញ្ហានេះទៀតនៅពេលខាងមុខ៕ សុខុម