ដោយលើកឡើងពីការគំរាមកំហែងចំពោះសន្តិសុខ និងការដែលអាចមានអំពើភេរវកម្មនោះ រដ្ឋាភិបាលបានសន្យាដោយធានាថា រាល់សីុមកាតដែលកំពុងប្រើប្រាស់នៅកម្ពុជាត្រូវបានចុះបញ្ជីនៅត្រឹមដំណាច់ខែតុលា។
ប៉ុន្តែអ្នកយកព័ត៌មានម្នាក់បានចំណាយពេល៣០នាទីកាលពីម្សិលមិញដើម្បីទិញសីុមកាតតម្លៃ២ដុល្លារដែលមិនបានចុះបញ្ជីរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំៗទាំងបីនៅកម្ពុជា។ ស៊ីមកាតរបស់ក្រុមហ៊ុនចំនួនពីរក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី គឺស្មាត និងមិត្តហ្វូនងាយដំណើរការ ហើយត្រូវបានប្រើប្រាស់ដើម្បីធ្វើការហៅចេញ។
បុរសម្នាក់ពាក់អាវពណ៌ផ្កាឈូកដែលលក់ទូរស័ព្ទមួយទឹកដាក់តាំងនៅក្នុងទូរកញ្ចក់ នៅខាងជើងវត្តភ្នំបាននិយាយថា “បញ្ចូលលុយតែ១ដុល្លារ អ្នកអាចហៅទូរស័ព្ទទៅនរណាក៏បានដែរ”។
បុរសរូបនេះដែលនិយាយថា ខ្លួនមានអតិថិជនប្រហែល២០ទៅ៣០នាក់ក្នុងមួយខែនៅសល់តែសីុមរបស់ក្រុមហ៊ុនសែលកាតប៉ុណ្ណោះ ខណៈសីុមរបស់ក្រុមហ៊ុនផ្សេងៗទៀតលក់អស់ហើយ។ សីុមនេះលោតសារថា “SIM registration fail” ពេលដាក់ចូលទៅក្នុងទូរស័ព្ទ។
អ្នកលក់នាឡិកាដៃមួយទឹកនៅក្បែរមាត់ទន្លេបាននិយាយថា គាត់ព្យាយាមបញ្ចុះបញ្ចូលឲ្យគេទិញទាំងសីុមមិត្តហ្វូន និងសីុមស្មាតដែលមិនបានចុះបញ្ជី។
ដោយមានទ្វារពីរបានបិទ បុរសម្នាក់ដែលមានកន្លែងដូរលុយ និងលក់ទូរស័ព្ទមួយទឹកដែលមានច្រើនម៉ូតច្រើនមា៉ក ព្រមទាំងហ្វឺតសរសេរក្ដារខៀននោះ បានលក់សីុមកាតមិត្តហ្វូនទាំងអារម្មណ៍រីករាយទៅឲ្យអ្នកយកព័ត៌មានម្នាក់ដោយមិនចាំបាច់ទាមទារអត្តសញ្ញាណប័ណ្ណ។
បុរសរូបនេះ បាននិយាយថា “ទេមិនបាច់ត្រូវការឈ្មោះទេ។ គ្រាន់តែដាក់សីុមចូលទូរស័ព្ទអ្នកអាចហៅចេញបានដោយសេរីតាមប្រព័ន្ធនេះ”។
បុរសរូបនេះបានលើកឡើងទៀតថា ខ្លួនទទួលបានសីុមកាតពីក្រុមហ៊ុនមិត្តហ្វូនផ្ទាល់តែម្តង ដោយបំពេញស្តុកបន្ថែមរៀងរាល់ពីរបីខែម្តង។
សីុមមិត្តហ្វូនលោតសារថា “You Active fail!” ពេលដាក់ចូលទៅក្នុងទូរស័ព្ទ ប៉ុន្តែនៅតែអាចប្រើប្រាស់ដើម្បីហៅចេញបាន។សីុមស្មាតដំណើរការដោយមិនមានលោតសារ ឬសញ្ញាព្រមានណាមួយឡើយ។
ថ្វីបើអាជីវកម្មរបស់ពួកគេនិងរបស់អ្នកផ្សេងៗក្នុងរាជធានីគួរឲ្យព្រួយបារម្ភក្តី តែការព្យាយាមបង្ក្រាបសីុមកាតមិនចុះបញ្ជីនៅកម្ពុជាដែលប្រកាសជាសាធារណៈ មិនមានការចាប់ផ្តើមណាមួយឡើយ ទោះបីជាមានការព្យាយាមលើកមុននៅចុងឆ្នាំ២០១៥ និងមានក្រឹត្យហាមមិនឲ្យមានសីុមដែលមិនបានចុះបញ្ជីនៅក្នុងឆ្នាំ២០១២ក៏ដោយ។
ខណៈមន្ត្រីទូរគមនាគមន៍ និងនគរបាលជាតិបានលើកឡើងកាលពីខែតុលាថា ការបង្ក្រាបនេះគឺមានសារៈសំខាន់សម្រាប់ហេតុុផលសន្តិសុខ ដោយសារជនល្មើសតែងតែប្រើលេខមិនបានចុះបញ្ជីដើម្បីជំរិតទាប្រាក់នោះ ការសន្យាចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទប៉ុន្មានខែកន្លងមកនេះ មិនបានលេចជារូបរាងអ្វីឡើយ។
ស្របពេល មានបំណងបង្ហាញឲ្យឃើញពីការអនុវត្តតាមរបស់ខ្លួន ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំៗនៅកម្ពុជាបានផ្ញើសារមកកាន់អតិថិជន និងបានចេញសេចក្តីជូនដំណឹងតាមគេហទំព័ររបស់ខ្លួនដោយជំរុញឲ្យអ្នកប្រើប្រាស់មកចុះបញ្ជីសីុមកាតរបស់ខ្លួនដោយឥតគិតថ្លៃនៅការិយាល័យរបស់ក្រុមហ៊ុន។ ការជូនដំណឹងទាំងនោះសំដៅដល់ពេលកំណត់ដែលទុកឱសានវាទត្រឹមថ្ងៃទី៣១ខែតុលា។
ទោះជាយ៉ាងណា កង្វល់របស់ពួកគេអំពីច្បាប់នេះដែលអាចនឹងធ្វើឲ្យមានការបាត់បង់អតិថិជនរបស់ខ្លួននោះ គឺជាបញ្ហាមួយផ្សេង។
តំណាងក្រុមហ៊ុនស្មាតបានផ្ញើអីុម៉េលដែលមានសេចក្តីថ្លែងការណ៍រស់លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុននេះ ដោយលើកឡើងថា ក្រុមហ៊ុនបន្ត “បង្កើនគំនិតផ្តួចផ្តើម និងដំណើរការក្នុងការគាំទ្រការអនុវត្តរបស់រដ្ឋាភិបាលចំពោះការចុះបញ្ជីសីុមកាតដូចជាធ្វើឲ្យអន្តរកម្មរបស់អ្នកចែកចាយរបស់យើងក្លាយជាអន្តរកម្មតាមប្រព័ន្ធឌីជីថល និងពង្រឹងវិធានការអនុវត្តឲ្យបានតឹងរ៉ឹងជាងមុនជាដើម”។
តំណាងទាំងនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយលើលេខមិនបានចុះបញ្ចីដែលកំពុងត្រូវបានប្រើប្រាស់ឡើយ។
នៅឯក្រុមហ៊ុនមិត្តហ្វូន បុគ្គលិកម្នាក់ធ្វើការនៅកន្លែងបម្រើសេវាអតិថិជនដែលប្រាប់អត្តសញ្ញាណត្រឹមតែថា ៤១៦៧នោះបានលើកឡើងថា ក្រុមហ៊ុននេះ”នៅមិនទាន់មានគម្រោងនៅឡើយទេថា តើពេលណាដែលនឹងមានការកាត់ផ្តាច់សេវារបស់លេខទូរស័ព្ទដែលមិនបានចុះបញ្ជី”។
ជាចុងបញ្ចប់ បុគ្គលិករូបនេះបានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានតម្លៃ។ លោកបាននិយាយថា “មានលេខជាច្រើនដែលគ្មានឈ្មោះ” ដោយបញ្ជាក់ថា តួលេខនេះមានរហូតដល់ទៅ៥០ភាគរយនៃអតិថិជនទំាងមូលរបស់ក្រុមហ៊ុន ។
លោក អឹុម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាដែលមានតួនាទីអនុវត្តក្រឹត្យស្តីពីការចុះបញ្ជីនេះ បានសម្តែងការមិនពេញចិត្តចំពោះការចុះផ្សាយលើកមុនរបស់កាសែតនេះអំពីការបង្ក្រាប ដែលបានគូសបញ្ជាក់ពីការខកខានមិនបានអនុវត្តតាមពេលកំណត់ជាបន្តបន្ទាប់។
លោកបានថ្លែងថា លោកបានពិនិត្យអនុក្រឹត្យថ្មីមួយពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីម្សិលមិញ ដែលពន្យារវិធានការបង្ក្រាបអ្នកចែកចាយតាមផ្លូវព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផងដែរ។ លោកមិនបានបញ្ជាក់ពីអ្វីដែលអនុក្រឹត្យនេះនឹងតម្រូវនោះឡើយ។
ស្របពេលដំណាលគ្នានេះ លោកបានសន្យាបង្កើតក្រុមការងារមួយដែលនឹងរិះគន់ខ្លាំងៗលើក្រុមហ៊ុនពាក់ព័ន្ធបញ្ហារបស់អ្នកលក់សីុមកាតមិនចុះបញ្ជីដោយសេរីតាមផ្លូវ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងចុះទៅក្រុមហ៊ុន ហើយពួកគេនៅតែមានបញ្ហាជាមួយយើងនោះ អ៊ីចឹងយើងនឹងធ្វើរបាយការណ៍ផ្ញើជូនរដ្ឋមន្ត្រីក្រសួងប្រៃ សណីយ៍ និងទូរគមនាគមន៍ ហេតុដូច្នេះគាត់អាចចាត់វិធានការតាមច្បាប់”។ លោកបានបន្ថែមថា “សូមទុកពេលឲ្យយើងធ្វើរឿងនេះ “៕ស៊ុយឈាង