31 C
Phnom Penh

ទាហាន​ជា​ច្រើន​នាក់​ទៀត​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងពិធីមួយកាលពីព្រឹកថ្ងៃពុធនៅមូលដ្ឋានទ័ពអាកាសក្រុងភ្នំពេញ ក្រុមមន្ត្រីនិងអ្នកមកជូនពរសព្ទសាធុការបាននិយាយលាទៅកាន់ទាហានថែរក្សាសន្តិភាពខ្មែរ១៨៤នាក់ ដែលគ្រោងនឹងទៅចូលរួមជាមួយបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា កងកម្លាំងដាក់ពង្រាយថ្មីគឺកងវិស្វកម្មលេខ៣៦៩នឹងជំនួស កងវិស្វកម្មលេខ៩៣៦ ដែលបានបញ្ចប់បេសកកម្ម ហើយគ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃសុក្រ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា “នេះជាកងទី៧ដែលដាក់ពង្រាយទៅសាធារណរដ្ឋលីបង់ ដែលពួកគេនឹងធ្វើការនៅផ្នែកសំណង់ ការសង់មូលដ្ឋានតាំងលំនៅថ្មី និងលំនៅទាហាន និងការងារស្ថាបនាផ្សេងទៀត សំដៅផ្តល់សុវត្ថិភាពដល់ទាហានមួកខៀវទាំងអស់ក្នុងតំបន់នោះ”។

លោក Alexandre Huynh តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាឲ្យដឹងថា កម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសលីបង់នឹងទទួលបានទាហានខ្មែរ១៨៤នាក់បន្ថែម ក្នុងនោះមានស្ត្រី១៦នាក់ផង។

លោក Huynh បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានយុទ្ធនារីថែរក្សាសន្តិភាព៤៣នាក់ ដែលបម្រើការនៅតាមប្រទេសនានា។ “ពួកគេតំណាងការផ្លាស់ប្តូរវិជ្ជមានឆ្ពោះទៅរកសមភាពប្រសើរឡើងក្នុងកងទ័ពកម្ពុជា”។

លោក Huynh បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកម្ពុជាបានបញ្ជូនទាហានច្រើនជាង៤.១៨០នាក់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ឆាដ ស៊ីរី លីបង់ ម៉ាលី និងប្រទេសស៊ីប។

កាលពីថ្ងៃច័ន្ទ ទាហានខ្មែរម្នាក់តាមសេចក្តីរាយការណ៍ថា បានស្លាប់ដោយសារជំងឺគ្រុនចាញ់កម្រិតធ្ងន់ ក្នុងពេលធ្វើការជាមួយទាហានថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល។

ពលបាលឯក លុយ ប៊ុនឡុង ជាទាហានថែរក្សាសន្តិភាពខ្មែរទី៥ ដែលស្លាប់ក្នុងពេលបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិក និងជាទាហានទី២ដែលស្លាប់បន្ទាប់ពីកើតជំងឺគ្រុនចាញ់៕និត(រាយការណ៍បន្ថែមដោយ ឃួន ណារិម)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស