28 C
Phnom Penh

សព​​​ស្ត្រី​​​រក​​​ស៊ីផ្លូវ​​​ភេទដែល​​​បាត់​​​​​​ខ្លួន​​​នៅក្នុង​​​ការ​​​បង្ក្រាប​​​របស់​​​សន្តិ​​​សុខ​​​​​​ខណ្ឌ​​​​​​ត្រូវបាន​​​ប្រទះឃើញ​​​ក្នុង​​​ទន្លេ​​​បាសាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្អូនស្រីស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានធ្លាក់ពីលើទូក ហើយលក់ទឹកទន្លេសាបស្លាប់កាលពីយប់ថ្ងៃអាទិត្យបាននិយាយថា នាងមានគម្រោងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្តឹងសន្តិសុខរដ្ឋដែលបានដេញតាមបងស្រីរបស់នាង ហើយមិនបានព្យាយាមជួយសង្គ្រោះ បន្ទាប់ពីនាងធ្លាក់ចូលទៅក្នុងទឹក។

ក្នុងការព្យាយាមចាប់ប្រមូល និងឃាត់ខ្លួនស្ត្រីមួយក្រុមដែលលក់សេវាផ្លូវភេទនៅតាមមាត់នោះ សន្តិសុខខណ្ឌដូនពេញបានដេញតាម ប៉ែន គន្ធា អាយុ៣៣ឆ្នាំរហូតដល់លើទូកទេសចរណ៍មួយ។ នាងបានរអិលជើងខណៈពេលលោតពីទូកមួយទៅទូកមួយ បោកត្រូវក្បាល ហើយលិចបាត់ក្នុងទឹកនេះបើតាមការរៀបរាប់របស់ម្ចាស់ទូកម្នាក់។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកមិនជឿថា ស្ត្រីរូបនេះស្លាប់ឡើយ ដោយសន្និដ្ឋាន ថា នាងបានលោតចូលទឹកទន្លេដើម្បីគេចពី ការតាមចាប់របស់មន្ត្រីលោក ហើយគេចខ្លួនទៅខេត្តបាត់។

ទីបំផុត លោក គឹម វុត្ថា គិតខុស។ លោក ហ៊ុន សុផល នាយប៉ុស្តិ៍សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានប្រសាសន៍ថា សាកសព ប៉ែន គន្ធា ត្រូវបានប្រទះឃើញក្រោមស្ពានមុនីវង្សក្នុងទន្លេបាសាក់កាលពីយប់ថ្ងៃអង្គារ។

លោកបានថ្លែងថា “នៅម៉ោងប្រហែល៧និង៣០នាទីយប់ សាច់ញាតិដែលបានព្យាយាម ស្វែងរកសាកសព បានឃើញសាកសពស្ត្រីរងគ្រោះរូបនេះនៅក្រោមស្ពាន”។

cam-photo-sex-worker_WEBលោក គឹម វុត្ថា បានមានប្រសាសន៍ថាមន្ត្រីរបស់លោកបានទុកឱ្យ ប៉ែន គន្ធា លង់ទឹកស្លាប់ ដោយមិនបានទូរស័ព្ទទៅអាជ្ញាធរផ្សេងទៀតមកជួយសង្គ្រោះនាង។សាក្សីម្នាក់បាននិយាយថា គាត់ថែមទាំងត្រូវបានសន្តិសុខទាំងនោះគំរាមទៀតផងនៅពេលគាត់ព្យាយាមជួយ ប៉ែន គន្ធា។

ប៉ែន ម៉េងគី ជាប្អូនស្រីរបស់ ប៉ែន គន្ធា បាននិយាយថា “សន្តិសុខខណ្ឌដូនពេញត្រូវតែទទួលខុសត្រូវ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងបន្ទាប់   ពីរៀបចំធ្វើបុណ្យ៧ថ្ងៃរួច។ពួកគេអាចធ្វើដូចនេះទៀតបើខ្ញុំមិនដាក់ពាក្យបណ្ដឹងប្តឹងពួកគេទេនោះ”។

ស្ត្រីរូបនេះបន្ថែមថា “នៅពេលពួកគេឃើញ បងស្រីរបស់ខ្ញុំលើកដៃស្រែកហៅឱ្យជួយ ពួកគេបែរជាទុកគាត់ចោលនៅក្នុងទឹកទៅវិញ។ ពួកគេមិនអាចនៅសុខស្រួលបានឡើយ”។

លោក គឹម វុត្ថា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ កាលពីថ្ងៃអង្គារ លោកបាននិយាយថា មិនមានហេតុផលអ្វីដែលត្រូវស្វែងរកស្ត្រីរូបនេះឡើយ ពីព្រោះការរៀបរាប់របស់សាក្សីមិនទាន់គ្រប់គ្រាន់ឱ្យយើងជឿថា នាងពិតជាបានធ្លាក់ចូលទៅក្នុងទឹកមែននោះទេ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា លោកមិនជាប់ពាក់ព័ន្ធជាមួយការលង់ទឹកស្លាប់នេះនៅក្នុងយុត្តាធិការរបស់លោកឡើយ។

លោកបានថ្លែងថា “ខ្ញុំមិនដឹងទេ សូមទៅសួរអាជ្ញាធរខណ្ឌទៅ។ ពួកគេធ្វើការលើករណីនេះ”។ មន្ត្រីនគរបាលជាន់ខ្ពស់ផ្សេងទៀតក្នុងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ។កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សក្នុងស្រុកបានរិះគន់ការឆ្លើយតបរបស់អាជ្ញាធរដែលផ្ទុយស្រឡះទៅនឹងការស្វែងរកបុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងទន្លេសាបនៅជិតកន្លែងដដែលនេះកាលពីខែមុនដែលមានការគាំទ្រពីទាហានជើងទឹកនោះ ហើយបុរសនោះក៏បានលង់ទឹកស្លាប់ផងដែរ។

លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនជឿថា ការខ្វះភ័ស្តុតាងគឺជាមូលហេតុពិតនៅពីក្រោយការមិនអន្តរាគមន៍នេះឡើយ។

លោកស្រីបានសរសេរតាមអុីម៉េលថា “អាជ្ញាធររាជធានីភ្នំពេញហាក់ដូចជាគិតថា ជីវិតស្ត្រីម្នាក់ និងជាស្ត្រីរកស៊ីផ្លូវភេទ ជាក្រុមដែលជារឿយៗប្រឈមការការរើសអើង ការយាយី និងការមើលងាយមើលថោកនោះ គ្មានតម្លៃស្មើនឹងអ្នកផ្សេងទៀតដែលបានធ្លាក់ចូលទឹកទន្លេ ហើយត្រូវបានគេស្វះស្វែងជួយសង្គ្រោះ”។

លោកស្រី ចក់ សុភាព បានមានប្រសាសន៍ ថា “ការដោះសារគ្មានហេតុផលរបស់អាជ្ញាធរ ដែលថា ពួកគេគ្មានភ័ស្តុតាង ពី ប៉ែន គន្ធា ធ្លាក់ចូលក្នុងទឹកនោះ បង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះតម្លៃនៃអាយុជីវិតរបស់ ប៉ែន គន្ធា ទាល់តែសោះ”។

លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលកា ជាអង្គការសិទ្ធិស្ត្រីបានមានប្រសាសន៍ថា ការប្តឹងសន្តិសុខទាំងនេះគឺស័ក្តិសមហើយ។

លោកស្រីបានថ្លែងថា “ពួកគេបានដេញតាមនាងដោយខុសច្បាប់ ដូច្នេះពួកគេគឺជាមូលហេតុនៃការលង់ទឹកស្លាប់របស់នាង។ ពួកគេបានសម្លាប់នាង”។ លោកស្រីបានបន្ថែមថា ប៉ែន គន្ធា “គឺជាស្ត្រីរកស៊ីផ្លូវភេទ នាងមិនខុសច្បាប់ទេ”។

លោកស្រី ធីតា ឃឹះ បានមានប្រសាសន៍ថា ការឆ្លើយតបរបស់សន្តិសុខក្រោយពីការដេញតាមចាប់ គឺជាការខុសច្បាប់ផងដែរ។ លោកស្រីបានបន្ថែមថា “ពួកគេថែមទាំងមិនបានស្វះស្វែងជួយសង្គ្រោះនាងទៀតផង។ នេះគឺជាបទឧក្រិដ្ឋ។ ពួកគេកំពុងតែរំលោភបំពានច្បាប់”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស