34 C
Phnom Penh

ប្រទេស​សិង្ហបុរី​ អាច​ប្រឈមនឹង​ពាក្យ​​បណ្ដឹង​តាម​​​​ផ្លូវ​ច្បាប់​ទាក់ទិន​​​ការ​នាំ​​​ចូល​​​​​​​​​ខ្សាច់​​ពី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិកអង្គការមាតាធម្មជាតិ ដែលជាអង្គការការពារបរិស្ថានបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការនេះបានជួលការិយាល័យមេធាវីមួយរបស់សិង្ហបុរី ឱ្យស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការនាំចូលខ្សាច់កម្ពុជាចូលទៅក្នុងប្រទេសនេះ។

លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន ស្ថាបនិកអង្គការមិនមែនរដ្ឋាភិបាលខាងលើ បានលើកឡើងកាលពីម្សិលមិញតាមរយៈសារហ្វេសប៊ុកថា ការិយាល័យមេធាវី “កំពុងពិនិត្យមើលច្បាប់ពាក់ព័ន្ធដែលប្រហែលជាត្រូវបានបំពាននៅទីនោះទាក់ទិនការបំផ្លាញសង្គម និងអេកូឡូស៊ីដែលបង្កឡើងដោយសារការជីករ៉ែ ឬពាក់ព័ន្ធរដ្ឋាភិបាលនាំចូលខ្សាច់កម្ពុជា ដែលប្រឡាក់ប្រឡូកដោយបញ្ហាពុករលួយ ការរត់ពន្ធ ការគេចពន្ធ។ល។”។

លោកបានបញ្ចេញអត្តសញ្ញាណអ្នកដែលអាចក្លាយជាមុខសញ្ញា ខណៈអង្គភាពដែលស្ថិតក្រោមឱវាទរបស់ក្រសួងមួយចំនួនបានជាប់ពាក់ព័ន្ធការនាំចូលខ្សាច់កម្ពុជា។ លោកថ្លែងថា “គោលបំណងរបស់យើងគឺថា ចង់ឱ្យរដ្ឋាភិបាលសិង្ហបុរី ចាត់ទុកការជីករ៉ែ និងការនាំចេញខ្សាច់សមុទ្រពីកម្ពុជា ថាបង្កផលប៉ះពាល់ខ្លាំង ហើយបង្ខំឱ្យពួកគេឈប់ពាក់ព័ន្ធ”។

ថ្នាក់ដឹកនាំមកពីក្រុមហ៊ុនសាជីវកម្ម JTC Corporation របស់សិង្ហបុរី ដែលគ្រប់គ្រងលើគម្រោងចាក់ខ្សាច់លុបនានារបស់រដ្ឋ និងក្រសួងអភិវឌ្ឍន៍ជាតិមិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺឡើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍កន្លងមក រដ្ឋាភិបាលបានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមិនបានធ្វើខុសនោះទេ។

cam-photo-sand-bp-WEB-ONLYលោក យូជិន ស៊ូរ៉ៃស៊ីនហ្គាំ (Eugene Thuraisingam) បានទទួលស្គាល់ថា ការិយាល័យមេធាវី Eugene Thuraisingam របស់លោកដែលមានជំនាញខាងច្បាប់ព្រហ្មទណ្ឌ និងពាណិជ្ជកម្មកំពុងស៊ើបអង្កេតករណីនេះ ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតទេ។

រដ្ឋាភិបាលបានផ្ដល់តួលេខនាំចេញខ្សាច់របស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ពីឆ្នាំ២០០៧ រហូតមកទល់ឆ្នាំមុនដែលទាបជាងឆ្ងាយបើប្រៀបធៀបទៅនឹងខ្សាច់នាំចូលជាង៧៣,៦លានតោនរាប់ដោយប្រទេសដែនកោះមួយនេះ និងរាយការណ៍ទៅប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មទំរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា ខមត្រេដ (Comtrade)។

ក្រសួងរ៉ែ និងថាមពលបានកត់ត្រាខ្សាច់នាំចេញ១៦,២លានតោនអំឡុងរយៈពេលដូចគ្នា ខណៈស្ថិតិបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ខ្សាច់ប្រមាណ២,៧លានតោនបានចេញទៅកាន់ប្រទេសដែនកោះនេះដែលស្ថិតនៅចម្ងាយជាង១.០០០គីឡូម៉ែត្រតាមផ្លូវសមុទ្រពីប្រទេសកម្ពុជា។

ទិន្នន័យគយឥណ្ឌា ដែលអង្គការមាតាធម្មជាតិទទួលបាន បង្ហាញពីគម្លាតស្រដៀងគ្នា ដោយកត់ត្រាការនាំចូលខ្សាច់កម្ពុជាចំនួន១០៨.០០០តោនបើប្រៀបធៀបទៅនឹងគ្មានសោះដែលកត់ត្រាដោយក្រសួងហិរញ្ញវត្ថុរបស់កម្ពុជា។

របាយការណ៍ឆ្នាំ២០១៤មួយរបស់កម្មវិធីបរិស្ថានសហប្រជាជាតិបង្ហាញថា អាជីវកម្មខ្សាច់ពិភពលោក “កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើស្ទឹង ទន្លេ តំបន់ដីសណ្ដរ ឆ្នេរសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ” ប៉ុន្តែ “សាធារណជនទូទៅភាគច្រើនមិនទាន់ដឹង” អំពីពាណិជ្ជកម្មនេះទេ។

របាយការណ៍នេះបានចុចចំឈ្មោះសិង្ហបុរី ជាប្រទេសនាំចូលខ្សាច់ធំបំផុតរបស់ពិភពលោក ហើយបានគូសបញ្ជាក់ថា សិង្ហបុរី ប្រើប្រាស់ខ្សាច់ដើម្បីចាក់លុបពង្រីកទឹកដីរបស់ខ្លួនដែលបានរីកផ្ទៃដី២០ភាគរយ ឬ១៣០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៤០ឆ្នាំមកនេះ។

ខណៈប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម បានដាក់បម្រាមដោយជោគជ័យលើការបូមខ្សាច់ ឬការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី កំណត់ត្រារបស់ខមត្រេដ បង្ហាញថា កម្ពុជា នៅតែបន្តសកម្មភាពបូម និងនាំចេញខ្សាច់ ហើយក្លាយជាប្រទេសផ្គត់ផ្គង់ខ្សាច់ធំបំផុតរបស់សិង្ហបុរី។ ហើយកំណត់ត្រាដដែលទាំងនោះបង្ហាញថា មានតែ៤ភាគរយប៉ុណ្ណោះនៃខ្សាច់នាំចូលរបស់ប្រទេសដែនកោះនេះដែលត្រូវបានវាស់វែងជាផ្លូវការ នៅពេលវាចាកចេញពីបណ្ដាប្រទេសផ្គត់ផ្គង់ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

លោក ឡរ៉េន វ៉ុង (Lawrence Wong) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីខែវិច្ឆិកាថា រដ្ឋាភិបាលនៃប្រទេសដែនកោះមួយនេះកំពុងសាកល្បងបច្ចេកទេសថ្មីមួយនៅក្នុងការចាក់ខ្សាច់បំពេញ  ដោយប្រើប្រាស់ទំនប់ទប់ព័ទ្ធជុំវិញ ហើយចាក់ខ្សាច់នៅចំកណ្តាល។

លោកបានមានប្រសាសន៍ថា ”សូម្បីការចាក់ខ្សាច់លុបក៏មានកម្រិតដែរ ពីព្រោះខ្សាច់មិនមែនចេះតែងាយស្រួលរកបានគ្រប់ពេលវេលានោះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស