37 C
Phnom Penh

កាមេរ៉ា​សុវត្ថិភាព​រាប់​រយ​ដាក់​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យសាលារាជធានីបាននិយាយកាលពីថ្ងៃពុធថា សាលារាជធានីភ្នំពេញបានដាក់កាមេរ៉ាសុវត្ថិភាពថ្មីចំនួនជិត៦០០គ្រឿង និងភ្លើងចរាចរណ៍ប្រហែល៦០ក្នុងចំណោមភ្លើងចរាចរណ៍ដែលគ្រោងទុកចំនួន១០០តាមបណ្តោយផ្លូវធំៗនៅទូទាំងរាជធានី ក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រឹងសុវត្ថិភាពសាធារណៈ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក មិត្ត មាសភក្តី បានមានប្រសាសន៍ថា សាលារាជធានីបានដាក់រួចរាល់ហើយនូវកាមេរ៉ាសុវត្ថិភាព៥៦០ក្នុងចំណោម៦០០កាមេរ៉ា ដែលមានគម្រោងដាក់តាមផ្លូវដ៏មមាញឹកបំផុតក្នុងក្រុង ដោយបន្ថែមទៅនឹង២០០កាមេរ៉ាដែលមានស្រាប់។ លោកបាននិយាយថា សាលាក្រុងបានចាប់ផ្តើមដាក់កាមេរ៉ាថ្មីកាលពីខែកញ្ញា ហើយរំពឹងថានឹងហើយរួចរាល់នៅខែក្រោយនេះ។

លោកបាននិយាយថា “កាមេរ៉ាសុវត្ថិភាពទាំងនេះនឹងជួយដល់កិច្ចការសន្តិសុខ ហើយនិងជួយកាត់បន្ថយការស្ទះចរាចរណ៍”។

លោក មាសភក្តី បាននិយាយថា កាមេរ៉ាថ្មីប្រហែលពាក់កណ្តាល ដែលផ្តល់ថវិកាដោយរដ្ឋាភិបាល កំពុងដំណើរការសព្វថ្ងៃ។ លោកបាននិយាយបន្ថែមថា លោកមិនដឹងប្រាកដអំពីតម្លៃរបស់វាទេ។ ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបានចំណាយសម្រាប់ភ្លើងចរាចរណ៍ថ្មី។

WP-LastImage-10-800x533លោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាមេរ៉ាទាំងនោះអាចជំនួសមន្ត្រីនគរបាលចរាចរតាមដងផ្លូវនានាក្នុងក្រុង។

លោក ចេវ ហាក់ បានមានប្រសាសន៍ថា “វានឹងជួយដល់កិច្ចការរបស់យើងក្នុងការពិនិត្យផ្លូវនានាដែលស្ទះ”។

លោកបានមានប្រសាសន៍ថា “កាមេរ៉ាទាំងនេះក៏អាចកត់ត្រាបទល្មើសបានដែរ” ដែលមានទាំងការបំពានចរាចរណ៍ និងចោរកម្ម។ “ប្រសិនបើយើងមានប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិក យើងអាចជំនួសកម្លាំងនគរបាលរបស់យើងបានច្រើន”។

លោក មាសភក្តី បាននិយាយថា សាលារាជធានីក៏មានផែនការយកចេញនូវបដាដែលព្យួរកាត់ផ្លូវ ដើម្បីធ្វើឲ្យរាជធានីស្អាត និងបន្ថយគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើខ្យល់ខ្លាំងប៉ើងបដាទាំងនោះចូលផ្លូវរបស់អ្នកបើកបរ។

លោក មាសភក្តី បាននិយាយថា “រឿងសំខាន់គឺសុវត្ថិភាព ហើយបដាកាត់ផ្លូវនានាធំៗ ហើយអាចបង្កគ្រោះថ្នាក់ច្រើន។ បើមានច្រើនពេក វានឹងប៉ះពាល់ដល់សោភ័ណភាពរបស់ក្រុង”។

លោកបាននិយាយថា សាលារាជធានីនឹងមិនបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនទាំងឡាយណាដែលជាម្ចាស់បដា ហើយនឹងផ្តល់ពេលមួយខែដល់ក្រុមហ៊ុនទាំងនោះឲ្យរើស្លាកបដាចេញ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស