អ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ប្រចាំខេត្តរតនគិរីខិតកាន់តែជិតក្នុងការទៅចូលរួមជាមួយគណបក្សកាន់អំណាច ដែលលោកបានធ្វើការរិះគន់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការលាលែងពីតួនាទីជាសមាគមសិទ្ធិមនុស្សអាហុកកាលពីម្សិលមិញ។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាហុកប្រចាំខេត្តនេះបានដាក់លិខិតលាលែងទៅសមាគមនេះកាលពីម្សិលមិញ បន្ទាប់ពីបង្ហាញផែនការទៅឈរឈ្មោះជាបេក្ខជនមេឃុំគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំបា៉តេ ស្រុកអូរយ៉ាដាវ។
លោកមានប្រសាសន៍ថា “ខ្ញុំបានសម្រេចចិត្តលាលែងពីសមាគមអាដហុកនៅថ្ងៃនេះ ហើយយើងនឹងចូលរួមក្នុងកិច្ចការនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ជាបេក្ខជននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។ ខ្ញុំត្រូវតែគោរពគោលកាណ៍របស់សមាគមអាដហុក ពីព្រោះគ្រប់មន្ត្រីទាំងអស់តម្រូវឱ្យលាលែងពីតួនាទីសិន ប្រសិនបើពួកគាត់ចង់ចូលរួមជាមួយគណបក្សនយោបាយណាមួយ”។
មន្ត្រីជាន់ខ្ពស់បួនរូបរបស់សមាគមអាដហុកនៅជាប់ពន្ធនាគារនៅឡើយចំពោះការជាប់ពាក់ព័ន្ធក្នុងករណីសូកប៉ាន់ទាក់ទងលោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសចំពោះការកាត់ឱ្យជាប់ទោសដូចគ្នានេះ។ ប្រធានសមាគមនេះ បានភៀសខ្លួនទៅប្រទេសកាណាដាដើម្បីគេចពីរឿងក្តីនេះដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ត្រូវបានរៀបចំដោយគណបក្សប្រជាជនកម្ពុជា។
លោក សំ ចាន់គា អ្នកនាំពាក្យសមាគមអាដហុកបានមានប្រសាសន៍ថា លោកបានជួបជាមួយលោក ឆាយ ធី កាលពីម្សិលមិញ ហើយបានទទួលយកសំណើរបស់អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ដែលហាក់ដូចជាធ្វើឡើងដោយការស្ទាក់ស្ទើរ។
លោក សំ ចាន់គា បានមានប្រសាសន៍ថា “លោក ឆាយ ធី បានប្រាប់យើងថា គាត់ទើបតែមានផែនការទៅចូលរួមក្នុងនយោបាយប៉ុណ្ណោះ ប៉ុន្តែថា គាត់មិនទាន់សម្រេចចិត្តចុងក្រោយនៅឡើយទេ។ ប៉ុន្តែដោយសារផែនការរបស់គាត់បានលេចឮជាសាធារណៈនោះ គាត់បានសម្រេចចិត្តលាលែងតែម្ដង”។
លោក សំ ចាន់គា បានថ្លែងថា “លោក ឆាយ ធី ហាក់ដូចជាស្ទាក់ស្ទើរក្នុងការលាលែង ពីព្រោះគាត់ចង់នៅធ្វើការជាមួយសមាគមអាដហុកនៅឡើយ។ គាត់បានប្រាប់យើងថា គាត់នឹងឈរឈ្មោះជាបេក្ខជននៅក្នុងឃុំប៉ាតេ ពីព្រោះក្រុមគ្រួសាររបស់ប្រពន្ធគាត់រស់នៅក្នុងតំបន់នេះ ហើយគាត់នឹងអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍នៅពេលអនាគត”។
យោងតាមលោក សំ ចាន់គា ដែលបាននិយាយថា សមាគមនឹងចាប់ផ្ដើមរកអ្នកជំនួសរូបគាត់នោះបានឱ្យដឹងថា លោក ឆាយ ធី នឹងឈប់ធ្វើការមួយខែបន្ទាប់ពីដាក់ពាក្យលាឈប់ ប៉ុន្តែ លោកនៅបន្តតំណាងឱ្យសមាគមនេះក្នុងការដោះស្រាយជាមួយប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលមុនពេលដល់ពេលនោះ។
លោក លី វិន អភិបាលរងខេត្តបានមានប្រសាសន៍ថា លោក ឆាយ ធី បានប្រាប់លោកអំពីផែនការរបស់គាត់ក្នុងការឈរឈ្មោះបោះឆ្នោត ប៉ុន្តែលោកសន្និដ្ឋានថា មន្ត្រីរូបនេះនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សប្រឆាំង។
លោកបានថ្លែងថា “ខ្ញុំមិនទាន់ប្រាកដថាតើលោក ឆាយ ធី នឹងឈរឈ្មោះជាបេក្ខជនឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាឬយ៉ាងណានោះឡើយ”។ លោកបានបន្ថែមថានៅពេលផែនការសម្រេចចុងក្រោយយ៉ាងណានោះ នឹងដឹងហើយ៕ សារុន