34.8 C
Phnom Penh

នគរបាល​​​ស៊ើប​​​អង្កេត​​​ការ​​​ហ៊ែកចូល​​​​​​គេហទំព័រ​​​នៃ​​​បញ្ជី​​​បោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) មួយរូបបាននិយាយកាលពីម្សិលមិញថា នគរបាលកំពុងសើុបអង្កេតការហ៊ែកចូលគេហទំព័របញ្ជីបោះឆ្នោតដែលបានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានមានប្រសាសន៍ថា ការហ៊ែកចូលបញ្ជីបោះឆ្នោតអនឡាយតាមរយៈគេហទំព័រ www.voterlist.org.kh ត្រូវបានជួសជុលឡើងវិញហើយដោយអ្នកបច្ចេកទេសរបស់ស្ថាប័ននេះ ហើយថា ច្បាប់ដើមនៃការចុះឈ្មោះបោះឆ្នោតនៅមានសុវត្ថិភាពដដែល។

លោកបានមានប្រសាសន៍ថា “ទោះយ៉ាងណា យើងនៅតែបារម្ភថា ពួកគេនឹងកែឈ្មោះ អ្នកបោះឆ្នោតក្នុងគេហទំព័រនេះ ហើយធ្វើឲ្យខូចឈ្មោះគ.ជ.ប.”។

ចាប់តាំងពីគ.ជ.ប.បានដាក់គេហទំព័រនេះឱ្យដំណើរការកាលពីថ្ងៃអង្គារមក ពលរដ្ឋកម្ពុជាជាច្រើនបានត្អូញត្អែពីល្បឿនដ៏យឺត ខណៈអ្នកចុះឈ្មោះបោះឆ្នោតព្យាយាមចូលមើលដើម្បីផ្ទៀតផ្ទាត់ឈ្មោះរបស់ខ្លួន។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គេហទំព័រនេះត្រូវបានសម្រុកចូលមើលពីសំណាក់អ្នកចូលមើលជាង៨០០.០០០នាក់ ព្រមទាំងការវាយប្រហារដោយក្រុមហ៊ែកឃើអនាមិកផងនោះ។

លោកបានថ្លែងថា “យើងមានបញ្ហាពីរ។ ទី១គឺស្ពីតយឺត ប៉ុន្តែ យើងបានដោះស្រាយបញ្ហានោះហើយតាមរយៈការទិញស្ពីតបន្ថែម។ ទី២ មានអ្នកហ៊ែកចូល ប៉ុន្តែ យើងបានជួសជុលរួចហើយ”។

លោក ហង្ស ពុទ្ធា បានថ្លែងថា នគរបាលជាតិកំពុងសើុបអង្កេតករណីនេះ ហើយលោកជឿថា ការវាយប្រហារនេះមានប្រភពមកពីក្រៅប្រទេស។

លោកបានថ្លែងថា “មិនបាច់បារម្ភអំពីការបាត់បង់ទិន្នន័យនោះទេ ព្រោះយើងបានរក្សាទុកច្បាប់ដើម។ វាគ្រាន់តែរំខានដល់អ្នកដែលចង់ពិនិត្យរកឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ។ គេមិនអាចទាក់ទងនគរបាលជាតិដើម្បីសុំអត្ថាធិប្បាយបានទេ។

គេហទំព័រផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេហ៊ែកកាលពីខែមីនា ដោយក្នុងរយៈពេលខ្លីគេហទំព័រនេះត្រូវបានជំនួសដោយរូបថត និងវីដេអូទាក់ទងអំពើហិង្សាដែលរដ្ឋាភិបាលស្ថិតនៅពីក្រោយ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការហ៊ែកចូលគេហទំព័រវិស័យរដ្ឋនិងឯកជនប្រហែល៣០ក្រោយការបោះឆ្នោតឆ្នាំ២០១៣ដែលក្រុមមួយនៅក្នុងប្រទេសកម្ពុជាដែលជាសាខារបស់ក្រុមហ៊ែកឃើ Anonymous អះអាងថាជាស្នាដៃរបស់ខ្លួន៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស