ប្រាំឆ្នាំបន្ទាប់ពីរងការបណ្តេញចេញដ៏ហិង្សាពីសហគមន៍បុរីកីឡាក្នុងក្រុងភ្នំពេញ ប្រជាពលរដ្ឋ១៥គ្រួសារដែលចាប់តាំងពីបានចូលទៅនៅក្នុងអគារមួយជាប់នោះកាលពីថ្ងៃពុធមក មានពេលរហូតដល់ចុងខែនេះដើម្បីទទួលយកសំណងហើយចាកចេញ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលបានដឹកនាំការប្រជុំជាមួយគ្រួសារទាំងនោះដើម្បីប្រាប់អំពីជម្រើសរបស់ពួកគាត់ បានមានប្រសាសន៍ថា “បន្ទាប់ពីខែនេះ យើងនឹងបិទករណីបុរីកីឡានេះ។ យើងបានដោះស្រាយជាង៩០ភាគរយហើយ។ មានតែជាង១០គ្រួសារប៉ុណ្ណោះដែលបានបន្តមិនព្រមទទួលយកសំណង”។
លោកបានមានប្រសាសន៍ថា គ្រួសារទាំងនោះអាចទទួលបានប្រាក់៥.០០០ដុល្លារជាសំណង ឬ២.០០០ដុល្លារបូកនឹងការរើទៅនៅផ្ទះទំហំ២០ម៉ែត្រក្រឡាក្នុងខណ្ឌដង្កោ នៅជាយក្រុង។
លោកបានមានប្រសាសន៍ថា “នេះជាសំណើចុងក្រោយហើយ”។ លោកបាននិយាយបន្ថែមថា អគារនោះបន្ទាប់មកនឹងត្រូវវាយចោល ពីព្រោះវា “ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជន” ក៏ប៉ុន្តែលោកបានបដិសេធមិនប្រាប់ឈ្មោះម្ចាស់សព្វថ្ងៃនេះទេ។
តំណាងពលរដ្ឋបុរីកីឡា១៥គ្រួសារ លោកស្រី សរ ស៊ន បានមានប្រសាសន៍ថា រដ្ឋាភិបាលជាថ្មីម្តងទៀតមិនបានសម្រេចបំណងទេ។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំនឹងមិនទទួលយកជម្រើសណាទេ។ ខ្ញុំចង់បានសំណងជាផ្ទះអភិវឌ្ឍនៅនឹងកន្លែង ដូចប្រជាពលរដ្ឋផ្សេងទៀតដែរ។ ប្រសិនបើពួកគេព្យាយាមបង្ខំឲ្យយើងចេញ យើងស៊ូស្លាប់នៅទីនេះ”។
កាលពីថ្ងៃអង្គារ ជាខួបលើកទី៥នៃការបណ្តេញចេញពីបុរីកីឡា ប្រជាពលរដ្ឋដែលគេបណ្តេញចេញ៣៥គ្រួសារក្នុងចំណោមប្រហែល៧០គ្រួសារ ដែលនៅរស់ក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ននៅឡើយក្នុងខេត្តកណ្តាល បានព្យាយាមចូលនៅក្នុងអគារនោះជាមួយ១៥គ្រួសារនេះ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខបណ្តេញចេញទាំងបង្ខំ។
កាលពីខែមករាឆ្នាំ២០១២ នគរបាលនិងរាជអាវុធហត្ថបានប៉ះទង្គិចគ្នាជាមួយអ្នកភូមិបុរីកីឡាប្រហែល២០០នាក់លើដីឡូតិ៍ទំហំ២,៦ហិកតាគ្រប់គ្រងដោយក្រុមហ៊ុនផានអីុម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ការបណ្តេញចេញដោយបង្ខំនៅពេលនោះ នៅទីបំផុតបានប៉ះពាល់ដល់ប្រជាពលរដ្ឋ១.៧៧៦គ្រួសារ។ ផ្ទះសំបែងរបស់គ្រួសារទាំងនោះត្រូវបានកម្ទេចចោល ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍថ្មី។
គ្រួសារជាច្រើនត្រូវផ្លាស់ទៅរស់នៅកន្លែងស្នាក់នៅបណ្តោះអាសន្នឯជាយក្រុង និងក្នុងខេត្តកណ្តាល ខណៈដែលអគារចំនួន១០កំពុងត្រូវបានសង់លើដីបុរីកីឡាដើម្បីឲ្យពួកគេស្នាក់នៅវិញ។ ក៏ប៉ុន្តែ មានតែ៨អគារប៉ុណ្ណោះត្រូវបានសាងសង់ មុនពេលអ្នកស្រី ស៊ុយ សុផាន បានប្រកាសថា អ្នកស្រីអស់ប្រាក់ធ្វើអគារដែលនៅសល់៕ និត