កាលពីម្សិលមិញ អ្នកនយោបាយមកពីគណបក្សធំៗទាំងពីរលើកឡើងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្តីថ្លែង ការណ៍បែកធ្លាយមួយ ដែលទំនងជាត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចុះហត្ថលេខានោះឡើយ។
សេចក្ដីថ្លែងការណ៍នោះដែលច្បាប់ចម្លងត្រូវបានផ្ញើទៅកាសែត ខេមបូឌា ដេលី ថ្កោលទោសចំពោះការប្រមាថណាមួយមកលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការលើកឡើងដែលថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាកូនរបស់លោកស្រី ប៊ុន រ៉ានី ស្ត្រីទី១ និងឧត្ដមសេនីយ៍វៀតណាម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃសុទ្ធតែបដិសេធថា មិនបានដឹងពីសេចក្ដីថ្លែងការណ៍នេះទេ។
សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករានេះ ចាប់ផ្ដើមដោយប្រើពាក្យ ពេចន៍ថា “កាលពីយប់មិញសម្ដេច ហ៊ុន សែន បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត… សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូចខាងក្រោម៖ ក្នុងនាម គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគិតិដែលបានប្រមាថមកលើគ្រួសារលោក ហ៊ុន សែន គឺប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆាន”។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ”ក្នុងករណីដែលអ្នកមានចេតនាអាក្រក់ទាំងនេះត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្ដេញជនទាំងនេះចេញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិដែលរស់នៅក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំងនោះបានមានប្រសាសន៍ថា លោកសង្ស័យថា រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យមានការបណ្ដេញរូបលោកចេញពីគណបក្ស បើទោះជាការអះអាងដែលថា លោក ហ៊ុន សែន “បានទិញ” សមាជិកគណបក្សរបស់លោកមួយចំនួនឱ្យរិះគន់មកលើរូបលោកក៏ដោយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើលោក កឹម សុខា ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ សមាជិកទាំងនោះនឹងអះអាងថា លោកបានប្រមាថក្រុមគ្រួសារ លោក ហ៊ុន សែន មែន។
លោកបានថ្លែងថា ”យើងមានឈ្មោះសមាជិកគណបក្សសង្គ្រោះជាតិដែលលោក ហ៊ុន សែន បានទិញហើយ និងអ្នកដែលគ្រោងបរិហារកេរ្តិ៍ សម រង្ស៊ី ប៉ុន្តែយើងមិនទាន់ចេញឈ្មោះពួកគេនៅពេលនេះទេ”។
ការបែកធ្លាយនេះបានកើតឡើងខណៈ ដែលមានកិច្ចព្រមព្រៀងសម្ងាត់មួយធានាឱ្យមានការដោះលែងអ្នកទោសប្រាំនាក់ ដែល ទំនងជាមានភាពជាប់គាំង។ អ្នកទោសទាំងនេះគឺបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមួយរូបទៀតមកពីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដែលជាប់ពាក់ព័ន្ធនៅក្នុងករណីដែលគេធ្វើឡើងប្រឆាំងលោក កឹម សុខា កាលពីឆ្នាំមុនដែលមជ្ឈដ្ឋានទូទៅ ចាត់ទុកថាជាហេតុផលនយោបាយ។
ជាផ្នែកមួយនៃទំនាក់ទំនងល្អប្រសើរ ឡើងវិញផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែង ទោសតាមសំណើរបស់លោក ហ៊ុន សែន ជាមួយនឹងការរំពឹងទុកថា មន្ត្រីប្រាំរូបទៀតនឹងត្រូវបានដោះលែងកាលពីដំណាច់ឆ្នាំមុន ដែរ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែរង់ចាំជំនួបជាច្រើនទៀតជាមួយមន្ត្រីរដ្ឋាភិបាល។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ”យើងចង់ឱ្យមានការដោះលែងពួកគាត់”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិរង់ចាំការជួបប្រជុំគ្នា។ “អ្នកដែលអាចធ្វើរឿងេនះបានគឺគណបក្សប្រជាជនកម្ពុជា”។
នៅក្នុងការព្យាយាមឱ្យមានការចាប់ផ្តើមការចរចាអំពីអ្នកទោសទាំងនេះ កាលពីសប្ដាហ៍មុនលោក កឹម សុខា បានស្នើឱ្យមានជំនួបមួយជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមលិខិតមួយច្បាប់ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កឹម សុខា លោក ស ខេង បានឯកភាពក្រៅផ្លូវការ ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទ ឬរបៀបវារៈនៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធការដែលថា ការពិភាក្សារវាងគណបក្សធំៗទាំងពីរនេះបានបរាជ័យ។លោកបានមានប្រសាសន៍ថា “គ្មានបញ្ហាទេជាមួយវប្បធម៌សន្ទនា។ វប្បធម៌សន្ទនា នៅអនុវត្តនៅឡើយ”៕ សារុន