ជនស៊ីវិលនិងទាហានជាង៦០០នាក់បានចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទប្រចំាឆ្នាំនៅកោះពេជ្រ កាលពីម្សិលមិញ ដោយបានលើកត្រឡប់កង់ឡានធ្ងន់ៗ រត់ប្រណាំងដោយមានស្ពាយសាក់កាដូដ៏ធ្ងន់នៅពីក្រោយ និងហែក្បួនជាទម្រង់ក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងដើម្បីឲ្យសាធារណជនមានអារម្មណ៍កក់ក្តៅចំពោះកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាឥស្សរជនជាន់ខ្ពស់នៅក្នុងជួរកងយោធពលខេមរភូមិន្ទនោះបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ក្នុងថ្ងៃនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរវាងជនស៊ីវិលនិងយោធា និងមិត្តភាពដើម្បីឲ្យសាធារណជនដឹងថា តើអ្វីទៅជាតួនាទីរបស់យោធា”។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីថតរូបសែលហ្វី សើចសប្បាយដោយមានលើកមេដៃជាសញ្ញាជាមួយអ្នកគាំទ្របន្ទាប់ពីការប្រកួតកីឡានេះរួច ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រតាមការលើកឡើងរបស់ឪពុកលោកដែលធ្វើឡើងមួយថ្ងៃមុនអំឡុងពិធីរំឭកខួបនៃការដួលរលំរបបខ្មែរក្រហមក្នុងរយៈពេល៣៨ឆ្នាំកន្លងមកនេះ។
លោកបានមានប្រសាសន៍ថា “សន្តិភាពសន្តិសុខ និងស្ថិរភាពដែលយើងទទួលបាននៅក្នុងថ្ងៃនេះគឺដោយសារតែកងកម្លាំងប្រដាប់អាវុធ”។ លោកបានបន្តថា “ថ្ងៃណាមួយបើអ្នកទៅកន្លែងណាមួយដោយគ្មានវត្តមាននគរបាលនៅត្រង់កន្លែងកាច់ជ្រុង អ្នកនឹងមានអារម្មណ៍ថាគ្មានសុវត្ថិភាពទេ”។
ទោះបីជាកីឡានេះធ្វើឡើងប្រចាំឆ្នាំដើម្បីរំឭកដល់ថ្ងៃ៧មករា ជាថ្ងៃដែលប៉ុលពតត្រូវបានផ្តួលរលំដោយវៀតណាមក៏ដោយក្តី តែព្រឹត្តិការណ៍កាលពីម្សិលមិញគឺជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានពីមុនមកនេះបើយោងតាមក្រុមមន្ត្រីដែលបានអញ្ជើញ ធ្វើជាអធិបតី។ វាក៏ជាលើកដំបូងដែរ ដែលជនស៊ីវិលត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនៅក្នុងកីឡានេះ ហើយគឺជាលើកទីមួយដែលកីឡានេះមិនបានធ្វើឡើងនៅបណ្ឌិត្យសភាយោធាដែលស្ថិតនៅខាងក្រៅរាជធានី។
កន្លែងប្រារព្ធកីឡានេះមានតុបតែងលម្អទៅដោយទង់ជាតិកម្ពុជា និងរថពាសដែក អមដោយរូបទាហានប្រដាប់អាវុធដែលគេកាត់រង្វង់មុខចេញសម្រាប់ប្រជាពលរដ្ឋថតរូបលេងពីក្រោយ ដោយឲ្យខ្លួនឯងមើលទៅដូចជាទាហានអ៊ីចឹងដែរ។ទាហានបានបង្កើតកន្លែងតាំងពិព័រណ៍ និងកន្លែងលក់វត្ថុអនុស្សាវរីយជំុវិញកន្លែងនោះ ដោយផ្តល់ឱកាសដល់ជនស៊ីវិលដែលចង់ដឹងចង់ឮបានថតរូបសែលហ្វីក្នុងសម្លៀកបំពាក់ជាទាហាន ខណៈអ្នកលក់កាហ្វេ និងតែទឹកកកដើរលក់ក្នុងចំណោមអ្នកឈរមើល។
ពេលយោធាបានបង្ហាញវត្តមានតាមផ្លូវកាលពីឆ្នាំមុន អំឡុងសប្តាហ៍នៃការដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលការស្លាប់របស់លោកត្រូវបានមជ្ឈដានទូទៅជឿជាក់ថា មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយនៅពេលដែលគណបក្សសង្គ្រោះជាតិគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំម្តងទៀតនោះ វាបានធ្វើឲ្យសាធារណជនកើតមានការព្រួយបារម្ភភ្លាមៗ។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការទទួលស្វាគមន៍កីឡានេះនៅក្នុងឆ្នាំនេះបង្ហាញថា សាធារណជនមានការចង់ដឹងចង់ឮអំពីយោធាមិនមែនខ្លាចនោះទេ។
លោកបានថ្លែងថា “ប្រជាពលរដ្ឋមកមើលសម្ភារយោធា។ ពួកគាត់មិនខ្លាចទេ ពួកគាត់ថែមទាំងថតរូបទៀតផង។ ពួកគាត់ចង់ឃើញអ្វីទៅដែលជាតួនាទីរបស់យោធា?”។
លោក ហ៊ុន ម៉ាណែត បានពន្យល់ពីគំនិតយោបល់លោក ដោយគូសបញ្ជាក់ពីការប្រារព្ធ ខួបជ័យជម្នះ៧មករា ដែលលោកលើកឡើងថា បានទាក់ទាញប្រជាពលរដ្ឋ៣០០.០០០នាក់។
លោកបានមានប្រសាសន៍ថា ” ប្រសិនបើប្រជាពលរដ្ឋខ្លាចយោធា ពួកគាត់នឹងមិនចូលចិត្តយោធាឡើយ ហើយពួកគាត់នឹងមិនចង់ ដឹងចង់ឮអំពីពួកគេនោះទេ ហើយក៏គ្មាននរណាម្នាក់មកទីនេះដែរ។ គ្មាននរណាយកកាំភ្លើងភ្ជង់ពួកគាត់ឲ្យមកទីនេះទេ”។
អ៊ុំ មាសរិទ្ធី អាយុ២០ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យបៀលប្រាយដែលមកជាមួយមិត្តភក្តិជានិស្សិតម្នាក់ទៀតដើម្បីចូលរួមក្នុងកីឡានេះបានលើកឡើងថា ខ្លួនចូលចិត្តរសជាតិជីវិតជាយោធា។
និស្សិតរូបនេះបាននិយាយថា “វាលំបាក។ ខ្ញុំមិនដែលមានវិន័យបែបនេះទេពីមុនមក”។
បន្ទាប់ពីចូលក្នុងវិញ្ញាសាប្រកួតមួយចំនួន រួមមានដូចជាការរត់ក្នុងចម្ងាយ៤គីឡូម៉ែត្រដោយមានស្ពាយសាក់កាដូទម្ងន់៥គីឡូក្រាមនៅពីក្រោយនោះ និស្សិតរូបនេះបាននិយាយថា ជីវិតពិតក្នុងនាមជាយោធាបានចាប់ផ្តើមសមជាបណ្ដើរៗហើយ។ “អ្នកខ្លះនិយាយថា ធ្វើជាយោធាងាយស្រួល ប៉ុន្តែ តាមពិតវាមិនស្រួលទេ។នេះជាឧបសគ្គត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលទាហានប្រឈម”។
យ៉ាន មុន្នីនាថ និស្សិតទេព្យទាហាន អាយុ២២ឆ្នាំ មកពីរាជធានីភ្នំពេញបានលើកឡើងថា នាងសង្ឃឹមថាឆ្នាំក្រោយនាងនឹងមានឱកាសចូលរួមក្នុងកីឡានេះ។

ដោយធ្វើកាយវិកាសំដៅដល់បុរសឈរជាជួរៗដែលទទួលបានកិត្តយសដោយសារភាពខ្លាំងនិងភាពពូកែអត់ធ្មត់របស់ពួកគេនោះ នាងបាននិយាយថា “ខ្ញុំចង់ ប៉ុន្តែ ខ្ញុំខ្លាចថា ខ្ញុំធ្វើមិនបានល្អ។ ឆ្នាំក្រោយប្រសិនបើខ្ញុំអាចចូលរួម ខ្ញុំនឹងហ្វឹកហាត់រាល់ថ្ងៃ ខ្ញុំនឹងអាវ៉ង់ ហើយធ្វើកាយវិការងើបចុះងើបឡើង និងរត់ចម្ងាយ៧គីឡូម៉ែត្រ នៅអំឡុងពេលព្រឹក”។
ទាំង យ៉ាន មុន្នីនាថ និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សុទ្ធតែបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះដែលប្រារព្ធធ្វើឡើងដើម្បីរំឭកដល់សេចក្តីក្លាហានរបស់យោធាកម្ពុជានោះ គ្មានអ្វីជាប់ពាក់ព័ន្ធនឹងនយោបាយនៃថ្ងៃ៧មករា ទេ ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធធ្វើឡើងប្រកបដោយការសាទរប៉ុន្តែត្រូវបានមជ្ឈដ្ឋាននៅក្នុងគណបក្សប្រឆាំងយល់ឃើញថា ជាការចាប់ផ្តើមនៃការត្រួតត្រារបស់វៀតណាម។
និស្សិតពេទ្យទាហានរូបនេះ បាននិយាយថា “យើងមិនមែនការពារតែគណបក្សមួយនោះទេ យើងការពារប្រជាពលរដ្ឋទាំងអស់”។ នេះជាពាក្យដែលមេបញ្ជាការរបស់នាងនៅក្នុងជួរយោធាតែងតែលើកឡើង។ នាងបាននិយាយបន្តថា “យើងមិនស្មោះស្ម័គ្រចំពោះតែគណបក្សមួយនោះទេ”៕ ស៊ុយឈាង