26 C
Phnom Penh

ប្រធានាធិបតី​​សិង្ហបុរី​​មិន​​ពិភាក្សា​អំពី​ខ្សាច់ និង​ស្ត្រីជំនួយ​ការ​មេផ្ទះ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរនៅវិមានសន្តិភាពថា លោក តូនី តាន់ កេង យាំ បានអបអរសាទរកម្ពុជាចំពោះការរីកចម្រើនថ្មីៗយ៉ាងឆាប់រហ័សរបស់ខ្លួនក្រោមការដឹកនាំ “ដ៏ឈ្លាសវៃ” របស់លោក ហ៊ុន សែន។

ប្រធានាធិបតីសិង្ហបុរីលោក តូនី តាន់ កេង យាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាមួយកាលពីម្សិលមិញនៅវិមានសន្តិភាព។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ប្រធានាធិបតីសិង្ហបុរីលោក តូនី តាន់ កេង យាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាមួយកាលពីម្សិលមិញនៅវិមានសន្តិភាព។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅលោក តូនី តាន់ កេង យាំ វិញថា មានសក្ដានុពលជាច្រើនសម្រាប់ពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ ដែលមានទំហំសរុប៥០០លានដុល្លារនៅឆ្នាំ២០១៥ ហើយបានស្នើឱ្យរដ្ឋបុរី (ប្រទេសមានតែក្រុង) មួយនេះនាំចូលអង្ករបស់កម្ពុជា។

ក្រោយជំនួបនេះ កម្ពុជានិងសិង្ហបុរីបានចុះកិច្ចព្រមព្រៀងចំនួនពីរ មួយគឺសម្រាប់វិស័យសុខាភិបាល ហើយមួយទៀតសម្រាប់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក អ៊ាង សុផល្លែត ថ្លែងថា មិនមានការពិភាក្សាអំពីការបញ្ជូនស្ត្រីជំនួយការមេផ្ទះកម្ពុជាបន្ថែមទៀតទៅប្រទេសសិង្ហបុរីនៅឆ្នាំនេះ ឬអំពីការនាំចេញខ្សាច់កាលពីពេលថ្មីៗនេះទៅកាន់រដ្ឋបុរីមួយនេះឡើយ ”ព្រោះនេះជាការពិភាក្សាទូទៅ មិនមែនជាការពិភាក្សាលម្អិត”។

ក្រសួងហត្ថពលកម្មរបស់សិង្ហបុរីបានសម្រេចកាលពីខែតុលា យកកម្ពុជាធ្វើជាប្រទេសផ្គត់ផ្គង់ស្ត្រីជំនួយការមេផ្ទះផ្លូវការទី១៣ និងចុងក្រោយរបស់ខ្លួន ថ្វីបើមានបញ្ហាមួយអំឡុងកម្មវិធីសាកល្បងមួយកាលពីឆ្នាំ២០១៣ក្ដី។

ស្ត្រីមួយចំនួនបានវិលត្រឡប់មកពីប្រទេសសិង្ហបុរីវិញ ហើយអះអាងថា ទីភ្នាក់ងារជ្រើសរើសពលករ  និងថៅកែរបស់ខ្លួនបានធ្វើឱ្យពួកគេជាប់ផុងក្នុងបំណុល ឬឱ្យប្រាក់ខែពួកគេតិចតួច។ ស្ត្រីម្នាក់អះអាងថា ខ្លួនបានរងការរំលោភបំពានផ្លូវភេទពីសំណាក់ឪពុករបស់ថៅកែខ្លួន។

ប្រធានាធិបតីសិង្ហបុរីលោក តូនី តាន់ កេង យាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាមួយកាលពីម្សិលមិញនៅវិមានសន្តិភាព។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ប្រធានាធិបតីសិង្ហបុរីលោក តូនី តាន់ កេង យាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាមួយកាលពីម្សិលមិញនៅវិមានសន្តិភាព។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បទពិសោធន៍នេះកើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ព្រោងព្រាតអំពីការរំលោភបំពានស្ត្រីជំនួយការមេផ្ទះកម្ពុជាដែលបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ីក្បែរខាង ជាច្រកទេសន្តរប្រវេសន៍មួយដែលត្រូវបានដាក់បម្រាមកាលពីឆ្នាំ២០១១ ហើយរហូតមកទល់ពេលនេះមិនទាន់បើកវិញនៅឡើយទេថ្វីបើមានការចរចាក្ដី។

បន្ថែមពីលើនេះ ប្រទេសសិង្ហបុរីដែលអង្គការសហប្រជាជាតិរាយការណ៍ថា បានប្រើប្រាស់ខ្សាច់ដើម្បីពង្រីកទឹកដីរបស់ខ្លួនរហូតដល់ទៅ១៣០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៤០ឆ្នាំមកនេះ បានកត់ត្រាការនាំចូលខ្សាច់យ៉ាងច្រើនពីកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលច្រើនជាងឆ្ងាយបើប្រៀបធៀបទៅនឹងអ្វីដែលកម្ពុជាបានកត់ត្រាអំពីការនាំចេញទៅកាន់ប្រទេសនេះ។

ប្រទេសកម្ពុជាអះអាងថា ខ្សាច់របស់ខ្លួនចន្លោះពី២,៧ទៅ១៦,២លានតោនត្រូវបាននាំចេញទៅកាន់សិង្ហបុរីចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំមុន ដែលទាបជាងឆ្ងាយដូចមេឃនិងដីបើធៀបទៅនឹងតួលេខខ្សាច់នាំចូល៧៣,៦លានតោនផ្ដល់ដោយសិង្ហបុរី និងដែលរាយការណ៍ទៅប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ ខមត្រេដ។

ភាពខុសគ្នានេះបាននាំឱ្យអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារផ្នែកបរិស្ថានជួលការិយាល័យមេធាវីមួយរបស់សិង្ហបុរីឱ្យស៊ើបអង្កេតថាតើប្រទេសនេះបានបំពានច្បាប់ទាក់ទិនការនាំចូលទាំងនេះឬក៏អត់។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងពីរកាលពីម្សិលមិញបានផ្ដល់ឱកាសឱ្យបញ្ជូនគ្រូបង្គោលកម្ពុជាចំនួន៨០រូបទៅទទួលការបណ្ដុះបណ្ដាលបន្ថែមនៅសិង្ហបុរី  ក្នុងនោះរួមមាន៣២រូបផ្នែកព័ត៌មានវិទ្យា ៣២រូបផ្នែកបច្ចេកវិទ្យាគ្រឿងយន្ត និងផ្សេងទៀតផ្នែកអេឡិចត្រូនិក៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស