28.4 C
Phnom Penh

សាក្សី​​​​​​​ត្រូវ​បានកោះហៅ​​​​​​​ក្នុង​សំណុំរឿង​​​​បង្កហិង្សា​ដោយ​មន្ត្រី​​ CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាក្សីបីនាក់ត្រូវបានកោះហៅឱ្យមកផ្ដល់សក្ខីកម្មនៅថ្ងៃនេះពាក់ព័ន្ធករណីមន្ត្រីគណបក្សប្រឆាំងម្នាក់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានចោទប្រកាន់ថាបានបើករថយន្តបុកមន្ត្រីនគរបាលម្នាក់ ដែលទំនងជានៅក្នុងវីដេអូឃ្លីបមួយស្ដីពីឧបត្តិហេតុនោះ បានដួលដោយមិនត្រូវបានរថយន្តបុកឡើយ។

លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ថា បានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថាបានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីចុងខែមុន។

វីដេអូឃ្លីបស្ដីពីឧបត្តិហេតុនោះបង្ហាញថា លោក ឈាន ពិសិដ្ឋ ឈរនៅមុខរថយន្តរបស់លោក ម៉ង់ ពុទ្ធី ដែលស្ទើរតែមិនកម្រើកកង់មុនពេលដួលទៅលើដី ហើយសន្លប់បាត់ស្មារតីមួយសន្ទុះ។ គាត់ត្រូវបានដឹកពីកន្លែងកើតហេតុដោយមានពាក់រណបកផង ហើយបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។

សាក្សីឃើញហេតុការណ៍នៅពេលនោះបានប្រាប់អ្នកយកព័ត៌មានថា រថយន្តរបស់ជនសង្ស័យមិនបានបុកលោក ឈាន ពិសិដ្ឋ ទេ ហើយវីដេអូឃ្លីបនោះបានធ្វើឱ្យលោក ឈាន ពិសិដ្ឋ  រងការចំអកយ៉ាងខ្លាំងតាមប្រព័ន្ធអុីនធឺណិត។

ពីរបីថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើង កាមេរ៉ាសុវត្ថិភាពនៅផ្ទះសំណាក់មួយក្នុងប្រទេសថៃដែលត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុកបង្ហាញពីបុរសម្នាក់ដែលមនុស្សជាច្រើនស្គាល់ថាជាលោក  ឈាន ពិសិដ្ឋ ដើរចុះតាមកាំជណ្ដើរយ៉ាងរំភើយ។

យោងតាមលោក គឹម សុជាតិ មេធាវីរបស់លោក ម៉ង់ ពុទ្ធី បានឱ្យដឹងថា កូនក្ដីរបស់លោកត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំឡើយកាលពីថ្ងៃទី២៨ ខែធ្នូ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលវីដេអូកាមេរា៉សុវត្ថិភាពនៅប្រទេសថៃបែកធ្លាយ។ លោកបានថ្លែងថា តុលាការអះអាងថា ខ្លួនត្រូវធានាសុវត្ថិភាពដល់គាត់ និងកុំឱ្យគាត់នៅក្បែរជនរងគ្រោះ ព្រមទាំងត្រូវការពេលវេលាបន្ថែមទៀតដើម្បីស៊ើបអង្កេត។

ដោយសាក្សីមួយចំនួនរួមមាន អ៊ុន ជីវ័ន្ត ហ៊ុន សេងអឿន និង ញ៉ែត នាង បានផ្ដល់សក្ខីកម្មនៅចំពោះចៅក្រមស៊ើបសួរនៅថ្ងៃនេះនោះ លោកបានថ្លែងថា តុលាការនឹងស្ដាប់ភ័ស្តុតាងឱ្យបានច្បាស់លាស់ពីភាពគ្មានទោសរបស់លោក ម៉ង់ ពុទ្ធី។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “សាក្សីទាំងនោះដែលនឹងបង្ហាញខ្លួននៅថ្ងៃស្អែក គឺសំខាន់ណាស់ចំពោះយើង ពីព្រោះពួកគាត់អះអាងថា ពួកគាត់មានវត្តមានអំឡុងឧប្បត្តិហេតុកើតឡើង។ ពួកគាត់ប្រាកដជាដឹងពីអ្វីដែលបានកើតឡើងនៅពេលនោះ។

លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចំណែកលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

លោក អ៊ុន ជីវ័ន្ត សាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងនោះបាននិយាយថា លោកប្រាកដក្នុងចិត្តថា លោក ម៉ង់ ពុទ្ធី គ្មានទោសទេ។ លោកបាននិយាយថា “ខ្ញុំនឹងទៅបំភ្លឺនៅតុលាការ ពីព្រោះខ្ញុំបានឃើញច្បាស់ពីអ្វីដែលលោក ម៉ង់ ពុទ្ធី បានធ្វើ។ ខ្ញុំនឹងនិយាយតាមអ្វីដែលខ្ញុំបានឃើញគឺថា រថយន្តរបស់គាត់មិនបានកម្រើកកង់ទេ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស