37.6 C
Phnom Penh

​​​រាជរដ្ឋាភិបាល​​​កំណត់​​​តំបន់​​​​​​​​​​​​ដែន​​​ជម្រក​​​​​​​​​សត្វ​​​ព្រៃ​​​​​​​​​​ការពារ​​​​​​ចំនួន​​​ពីរ​​​​​​​​ជា​​​លើកដំបូង​​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជិត៩ឆ្នាំបន្ទាប់ពីកម្ពុជាបានកំណត់ទីតាំងនៃតំបន់ការពារទាំងអស់ដើម្បីការពារតំបន់ព្រៃដ៏មានតម្លៃបំផុតពីការអភិវឌ្ឍនោះ ទីបំផុតរដ្ឋាភិបាលបានកំណត់តំបន់ដែនជម្រកសត្វព្រៃចំនួនពីររបស់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែ អ្នកភូមិមូលដ្ឋាន និងអ្នកអភិរក្សមួយចំនួនមានមន្ទិលថា កិច្ចខិតខំប្រឹងប្រែងនេះនឹងមិនធ្វើឲ្យមានភាពខុសប្លែកខ្លាំងចំពោះព្រៃឈើ និងសត្វព្រៃនោះឡើយ។

ទិន្នន័យផ្កាយរណបរបស់សហរដ្ឋអាមេរិកចេញផ្សាយដោយសាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) បានបង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបំផ្លិចបំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីពេលឆ្លងសតវត្សរ៍ចាស់ចូលសតវត្សរ៍ថ្មីមក ហើយការបាត់បង់ព្រៃក្នុងតំបន់ព្រៃការពាររបស់ប្រទេសនេះមានទំហំធ្ងន់ធ្ងរស្ទើរតែស្មើនឹងការបាត់បង់ព្រៃឈើជាមធ្យមទូទាំងប្រទេស។

ច្បាប់ស្តីពីការការពារធម្មជាតិដែលចូលជាធរមានកាលពីខែកុម្ភៈឆ្នាំ២០០៨ តម្រូវឲ្យមានការកំណត់តំបន់ព្រៃការពារទាំងអស់ដើម្បីលៃលកទុកផ្នែកដែលគួរតែអភិរក្សមិនថាមានគ្រោះថ្នាក់ឬការលំបាកអ្វីនោះ ព្រមទាំងតំបន់ទ្រនាប់ជាមួយនឹងតំបន់ជាយផ្នែកខាងក្នុងដែលអាចទុកសម្រាប់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ ខណៈរដ្ឋាភិបាលក្រោយៗមកបានជួលដីទំហំរាប់ម៉ឺនហិកតានៃតំបន់ព្រៃការពារទៅឲ្យក្រុមហ៊ុនកសិឧស្សាហកម្មដែលបន្តកាប់រានព្រៃក្រាស់ក្នុងទំហំយ៉ាងច្រើននោះ ក្រសួងបរិស្ថានានបន្ទោសលើការខ្វះខាតធនធានចំពោះការមិនបានកំណត់តំបន់ព្រៃការពារណាមួយនោះ។

ដោយធ្វើការងារអស់ជាច្រើនឆ្នាំ ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើគម្រោងកំណត់តំបន់កាលពីថ្ងៃសុក្រ សម្រាប់តំបន់ព្រៃការពារធំៗចំនួនពីរនៅកម្ពុជា គឺដែនជម្រកសត្វព្រៃភ្នំព្រិចនៅក្នុងខេត្តមណ្ឌលគិរី និងដែនជម្រកសត្វព្រៃលំផាត់ ដែលស្ថិតនៅលើទឹកដីខេត្តមណ្ឌល គិរីផង និងខេត្តរតនគិរីផងនៅបែកខាងជើង។ រួមបញ្ចូលគ្នា តំបន់ទាំងពីរនេះគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៤៧៥.០០០ហិកតា ដែលជួយទ្រទ្រង់ជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច និងជួយផ្តល់ជម្រកដល់ពូជសត្វព្រៃជិតផុតពូជមួយចំនួន។

ដែនជម្រកសត្វព្រៃទាំងពីរនេះ ក៏ជាកន្លែងរបស់ក្រុមហ៊ុនកសិឧស្សាហកម្មមួយចំនួនដែលត្រូវបានចោទប្រកាន់ជាយូរមកហើយថា ប្រើប្រាស់មូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចដើម្បីទន្ទ្រានចូលតំបន់ព្រៃការពារនៅជុំវិញពួកគេដើម្បីកាប់ឈើមានតម្លៃផងដែរ។

លោក សៅ សុភាព នាយកខុទ្ទកាល័យរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា ការកំណត់តំបន់ដែនជម្រកសត្វព្រៃនឹងជួយទប់ស្កាត់កុំឲ្យមានការលួចទន្ទ្រានចូលកាប់ឈើ។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីគ្រប់គ្រងតំបន់ព្រៃការពារឲ្យបានត្រឹមត្រូវ ព្រោះមានមនុស្ស ធ្លាប់បានបំផ្លិចបំផ្លាញអនុផលព្រៃឈើដោយខុសច្បាប់នៅទីនេះពីមុនមក”។

ក្នុងចំណោមផ្ទៃដីទំហំ២៥០.០០០ហិកតារបស់ដែនជម្រកសត្វព្រៃលំផាត់ មានប្រហែល៤២.០០០ហិកតាដែលឥឡូវត្រូវបានកំណត់ថា ជាតំបន់ស្នូល ជាតំបន់សំខាន់ជាងគេនៅក្នុងចំណោមតំបន់បានកំណត់ចំនួន៤ដែលមានដាក់ចេញនៅក្នុងច្បាប់ស្តីពីការការពារធម្មជាតិ។

លោក សៅ សុភាព បានថ្លែងថា “យើងហាមឃាត់យ៉ាងតឹងរឹុងលើសកម្មភាពនៅក្នុងតំបន់ស្នូលនេះ ព្រោះវាគឺជាតំបន់សំខាន់បំផុតដែលត្រូវការពារ។ យើងនឹងមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញតំបន់ស្នូលនេះឡើយ ព្រោះវាមានសត្វព្រៃ ព្រៃឈើ និងធនធានជីវចម្រុះដ៏មានតម្លៃ “។

ដែនជម្រកសត្វព្រៃទាំងពីរនេះក៏បូករួមតំបន់អភិរក្ស ដែនជម្រកនៅមានតម្លៃនៅឡើយដែលសហគមន៍មូលដ្ឋានអាចប្រើប្រាស់ដើម្បីប្រមូលអនុផលព្រៃឈើ ក្រៅពីប្រមូលឈើដែលស្ថិតនៅក្រោម “ការគ្រប់គ្រងដ៏តឹងរឹុង”ឲ្យតែវាមិនបង្កការខូចខាតរយៈពេលយូរ។ អ្នកភូមិមូលដ្ឋានអាចប្រើប្រាស់តំបន់សហគមន៍សម្រាប់រស់នៅ និងប្រកបរបរកសិកម្មដើម្បីចញ្ចឹមជីវិត។ តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាពនឹងអាចបន្តជួលទៅឲ្យវិនិយោគិន។

នៅដែនជម្រកសត្វព្រៃលំផាត់ អនុក្រឹត្យនេះបានលៃផ្ទៃដីប្រហែល១០៥.៣០០ហិកតាទុកសម្រាប់តំបន់អភិរក្ស ២៣.៧០០ហិកតាសម្រាប់តំបន់សហគមន៍ និង៧៩.១០០ហិកតាសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុនកសិឧស្សាហកម្មចំនួន៦ផ្សេងៗគ្នាទទួលបានដីទំហំប្រហែល៤៧.០០០ហិកតាដែលរដ្ឋាភិបាលជួលឲ្យនៅក្នុងដែនជម្រកសត្វព្រៃលំផាត់រួចហើយ ប៉ុន្តែអ្នកភូមិមូល  និងអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា បើនិយាយពីនិរន្តរភាពគឺមានតិចតួច។

ការសិក្សាមួយចំនួនបានរកឃើញថា ដោយផ្ទុយទៅនឹងការអះអាងរបស់រដ្ឋាភិបាលនោះ ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចមិនបានជួយទាញសហគមន៍នៅជុំវិញដីសម្បទានសេដ្ឋកិច្ចទាំងនេះឲ្យរួចផុតពីភាពក្រីក្រនោះឡើយ ប៉ុន្តែវាបែរជាបានធ្វើឲ្យគ្រួសារទាំងនេះធ្លាក់ខ្លួនជំពាក់បំណុលគេទៅវិញទេ បន្ទាប់ពីមានការចាប់ទន្ទ្រានយកដីកសិកម្ម និងដីព្រៃដែលពួកគាត់ប្រើប្រាស់រួម។ ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ(Hoang Anh Gia Lai) ជាក្រុមហ៊៊ុនចម្ការកៅស៊៊ូវៀតណាមដែលមានចម្ការមួយចំនួននៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានយ៉ាងហោចណាស់មួយនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នោះ បច្ចុប្បន្នកំពុងចរចាដោះស្រាយជាមួយអ្នកភូមិរាប់រយគ្រួសារដែលចោទប្រកាន់ក្រុមហ៊ុននេះថា បានទន្ទ្រានយកដីរបស់ពួកគាត់។

ក្រសួងបរិស្ថានបានលើកឡើងថា ទីបំផុតខ្លួនមានគម្រោងកំណត់តំបន់ព្រៃការពារទាំងអស់ដែលមានជាង៤០កន្លែងនៅកម្ពុជា ប៉ុន្តែមិនបាននិយាយថា តើពេលណា ឬតំបន់មួយណាដែលជាតំបន់ដែលត្រូវកំណត់បន្ទាប់នោះឡើយ។ អង្គការ Birdlife International បាននិងកំពុងជួយរដ្ឋាភិបាលធ្វើសេចក្តីព្រាងគម្រោងកំណត់តំបន់របស់ខ្លួនសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ចាប់តំាងពីឆ្នាំ២០១២មកម្លេ៉ះ។

ទោះបីជាមានការបង្កការខូចខាតរួចហើយចំពោះដែនជម្រកសត្វព្រៃនេះក៏ដោយក្តី តែលោក ប៊ូ វ័រស័ក្ត អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសបានលើកឡើងកាលពីម្សិលមិញថា នៅមានសល់តំបន់មួយផ្នែកធំទៀតដែលត្រូវអភិរក្ស។

លោកបានមានប្រសាសន៍ថា “វានៅមិនទាន់យឺតពេលទេ ព្រោះលំផាត់មានផ្ទៃដីទំហំ២៥០.០០០ហិកតា ហើយប្រហែល៥០.០០០ហិកតាត្រូវបានអភិវឌ្ឍ។ លំផាត់មិនមែនស្នួលទេ”។

ដែនជម្រកសត្វព្រៃស្នួលនៅភាគខាងត្បូងខេត្តក្រចេះត្រូវបានផ្តល់ស្ទើរតែទាំងស្រុងទៅឲ្យក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយមានគម្របព្រៃឈើនៅសល់តិចតួចប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យដែនជម្រកសត្វព្រៃនេះនៅសល់តែឈ្មោះប៉ុណ្ណោះ។

លោក បូ៊ វ័រស័ក្តិ បានលើកឡើងថា នៅមានការងារជាច្រើនទៀតត្រូវធ្វើនៅដែនជម្រកសត្វព្រៃលំផាត់ ដើម្បីដាក់ឲ្យការកំណត់តំបន់នេះមានការអនុវត្តដោយរាប់ចាប់ពីការបង្កើតឲ្យមានអ្នកបង្កើតរហូតដល់ការអប់រំអ្នកភូមិមូលដ្ឋានឲ្យបានយល់ដឹងលម្អិត និងបង្កើតឲ្យមានកម្មវិធីប្រតិបត្តិសម្រាប់ឧទ្យានុរក្ស។

ទោះបីជាមានការកំណត់តំបន់ក៏ដោយតែវានៅតែមានការរង់ចាំមើលថា តើរដ្ឋាភិបាលមានធនធានសម្រាប់អនុវត្តឬក៏អត់។រដ្ឋាភិបាលធ្លាប់ទទួលស្គាល់ថា មានឧទ្យានុរក្សតិចតូចណាស់ក្នុងការគ្រប់គ្រងតំបន់ការពាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព សូម្បីតែពុំមានច្បាប់កំណត់ដ៏តឹងរឹុងក៏ដោយ ហើយការខិតខំក្នុងពេលថ្មីៗក្នុងការបង្កើនកម្លាំង បានល្មមតែគ្រប់គ្រាន់នៅក្នុងការតាមដានតំបន់ ព្រៃការពារថ្មីមួយចំនួនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនប៉ុណ្ណោះ។

លោក ដាំ លាន  ដែលរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់បានលើកឡើងថា ក្រុមអ្នកកាប់ឈើខុសច្បាប់បានបន្តលួចចូលទៅកាប់ឈើល្អៗ នៅក្នុងតំបន់ព្រៃការពារ។លោកបានលើកឡើងទៀតថា អ្នកកាប់ឈើទាំងនោះអះអាងថា ទទួលបានការអនុញ្ញាតពីអ្នកគ្រប់គ្រងផ្ទាល់តែម្តង ដោយធ្វើឲ្យគាត់មានសង្ឃឹមតិចតួចថា ការកំណត់តំបន់នឹងមិនជួយឲ្យមានការផ្លាស់ប្តូរបានច្រើននោះឡើយ។

លោកបានថ្លែងថា “ខ្ញុំបានជួបជាមួយអ្នកកាប់ឈើជាង១០នាក់នៅក្នុងដែនជម្រកសត្វព្រៃេនះកាលពីមួយខែកន្លងមកនេះ ។ ខ្ញុំបានសួរពួកគេថា តើនរណាឲ្យពួកគេកាប់ឈើ ពួកគេបានប្រាប់ខ្ញុំថា ដែនជម្រកសត្វព្រៃេនះអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះ។ខ្ញុំគិតថា អនុក្រឹត្យនឹងមិនមានដំណើរការនោះឡើយ ព្រោះអ្នកគ្រប់គ្រងតែងតែបណ្តោយឲ្យគេកាប់ឈើ”។

លោក ប៉ែន បុណ្ណារ៍ អ្នកសើុបអង្កេតជាន់ខ្ពស់សម្រាប់សិទ្ធិដីធ្លី និងធនធានធម្មជាតិនៅអង្គការសិទ្ធិមនុស្សលីកាដូបានឯកភាពតាម។ លោកបានលើកឡើងថា ការកំណត់តំបន់នេះនឹងមានអត្ថប្រយោជន៍លុះត្រាតែរដ្ឋាភិបាលមានការតាំងចិត្តអនុវត្តវា ហើយថា ការតាំងចិត្តរបស់រដ្ឋាភិបាលរហូតមកទល់ពេលនេះបានផ្តល់ក្តីសង្ឃឹមមកឲ្យលោកតិចតួច។

លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះខ្ញុំមិនទាន់ឃើញមាននរណាម្នាក់ត្រូវបានដាក់ទោសទណ្ឌដោយច្បាប់នេះនៅឡើយទេ។ ចំពោះខ្ញុំវាមិនសំខាន់ទេនៅក្នុងការបែងចែកឲ្យទៅជាពីរ បី ឬបួន… វាមានសារៈសំខាន់បើរដ្ឋាភិបាលប្រើប្រាស់ច្បាប់នេះ។ ប៉ុន្តែ ខ្ញុំមិនសង្ឃឹមទេ ព្រោះរដ្ឋាភិបាលមិនប្រើប្រាស់ច្បាប់នេះឡើយ”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស