29 C
Phnom Penh

យុទ្ធនាការ​ថ្ងៃ​ច័ន្ទពណ៌​ខ្មៅ​​ចាប់​ផ្ដើមឡើង​វិញ ខណៈ​​មន្ត្រី​​សមាគម​​​អាដហុក​​​ជាប់​ពន្ធនាគារ​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដ៏អូសបន្លាយបានចាប់ផ្ដើមឡើងវិញកាលពីម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងការបន្តឃុំខ្លួនមន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប.មួយរូប ថ្វីបើមានការរំពឹងទុកថា ពួកគាត់នឹងទទួលបានការដោះលេងត្រឹមដំណាច់ឆ្នាំក្ដី។

ក្រុមអ្នកតវ៉ាបានប្ដេជ្ញាបន្តយុទ្ធនាការនេះរហូតទាល់តែក្រុមនេះត្រូវបានដោះលែង។

ក្ដីសង្ឃឹមបានកើនឡើងកាលពីដើមខែមុន នៅពេលមានសេចក្ដីរាយការណ៍ថា លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមចរចាដើម្បីដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា ជាមន្ត្រីគ.ជ.ប.ដែលពីមុនធ្លាប់បម្រើការងារនៅសមាគមអាដហុក ចេញពីពន្ធនាគារបន្ទាប់ពីជាប់ឃុំអស់រយៈពេល៨ខែ។

WP-LastImage-9-800x533ទោះជាយ៉ាងណា ខណៈក្រុមនេះបន្តជាប់ពន្ធនាគារ ហើយមិនទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់ការចរចាបន្ថែមទៀតនៅឡើយរវាងគណបក្សធំៗទាំងពីរ សកម្មជនប្រមាណ២០រូបបានធ្វើការតវ៉ានៅសហគមន៍បឹងកក់ដែលរងការបណ្ដេញចេញ។ ការតវ៉ាកាលពីព្រឹកម្សិលមិញនេះគ្មានការប្រវាយប្រតប់គ្នាជាមួយនគរបាល និងការចាប់ខ្លួនឡើយ ពោលគឺមិនដូចការតវ៉ាជាច្រើនលើកមុនៗនោះទេ។

កាលពីសប្ដាហ៍មុនលោក កឹម សុខា បានស្នើសុំជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានទទួលយកសំណើនេះ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទជួបគ្នានោះទេ។ ទន្ទឹមនឹងនេះ នៅសប្ដាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចោទប្រកាន់រដ្ឋាភិបាលថា បានទាមទារឱ្យលោក កឹម សុខា ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយដែលលោកព្រួយបារម្ភខ្លាចទីបំផុតត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងរូបលោក ដើម្បីទទួលបានការដោះលែងអ្នកទោស។

សកម្មជនម្នាក់ឈ្មោះ សុង ស្រីលាភ និយាយថា “យើងសោកស្ដាយដែលសម្ដេច ស ខេង បានអះអាងថា អ្នកការពារសិទ្ធិមនុស្សទាំងនោះ និងមន្ត្រី គ.ជ.ប. នឹងទទួលបានការដោះលែង។ ដូច្នេះយើងត្រូវចាប់ផ្ដើមឡើងវិញបន្ទាប់ពីយើងបានទុកពេលឱ្យរដ្ឋាភិបាលពីរសប្ដាហ៍”។

មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារកាលពីខែមេសា បន្ទាប់ពីរងការចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឱ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន នៅក្នុងសំណុំរឿងមួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។

កញ្ញា សុង ស្រីលាភ និយាយថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនឹងមិនបញ្ឈប់ឡើយ ប្រសិនបើក្រុមនេះមិនត្រូវបានដោះលែង រួមជាមួយអ្នកស្រី ទេព វន្នី ជាសកម្មជនដែលកំពុងជាប់ពន្ធនាគារនៅឡើយតាមបទចោទប្រកាន់ទាក់ទិនបាតុកម្មមួយកាលពីឆ្នាំ២០១១នោះទេ។

កញ្ញាបន្តថា “ទោះបីមានការសន្យា ឬការព្រមព្រៀងគ្នាក៏ដោយ ក៏យើងនឹងមិនផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដែរ ប្រសិនបើពួកគាត់គ្មានសេរីភាព”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទាក់ទិនការដោះលែងមន្ត្រីសមាគមអាដហុក និងមន្ត្រី គ.ជ.ប. នៅតែមានឱកាសអាចសម្រេចតាមរយៈការចរចា ប៉ុន្តែបានអះអាងថា ចុងបញ្ចប់សេចក្ដីសម្រេចស្ថិតក្នុងដៃតុលាការ។

លោកបានលើកឡើងទៀតថា “អ្វីដែលសម្ដេច ស ខេង បានលើកឡើងកាលពីខែមុន គ្រាន់តែមានន័យថា នឹងមានការចរចាលុះត្រាមានជំនួបជាមួយលោក កឹម សុខា។ ភាគីទាំងពីរត្រូវគោរពនីតិវិធីតុលាការ”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស